សមត្ថកិច្ចបង្ក្រាបឧបករណ៍តេស្តកូវីដ-១៩ ឱសថ និងគ្រឿងបរិក្ខារពេទ្យក្លែងក្លាយនិងអន់គុណភាពចំនួនជាង៧២តោន នៅក្នុងរយៈពេលមួយឆ្នាំក្នុងឆ្នាំ២០២១ ខណៈជនល្មើសនៅតែមិនត្រូវបានបង្ហាញ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា អង្គភាពនេះបានបង្រ្កាបផលិតផលសម្រាប់ប្រឆាំងនឹងកូវីដ-១៩ក្លែងក្លាយ និងផលិតផលវេជ្ជសាស្ត្រក្លែងក្លាយ អន់គុណភាព គ្មានស្ដង់ដារ និងខុសច្បាប់ ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងឆ្នាំ២០២១ បានចំនួន២៧ករណី ស្មើនឹងចំនួនជាង៧២តោន។
គណៈកម្មាធិការនេះសរសេរបន្តថា៖ «ក្នុងនោះរួមមានបរិក្ខារពេទ្យក្លែងក្លាយ [អាល់កុល និងម៉ាស់] ផលិតផលវេជ្ជសាស្ត្រ ស្រោមដៃក្លែងក្លាយ ឧបករណ៍តេស្តកូវីដ ឱសថកូវីដ និងគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា បដិសេធឆ្លើយតបនូវសំណួររបស់វីអូឌី ដោយអះអាងថា លោកជាប់រវល់ប្រជុំ។
ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ក៏មិនអាចទាក់ទងសុំការបកស្រាយបានដែរនៅថ្ងៃនេះ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអំពាវនាវដល់ពាណិជ្ជករ អាជីវករ និងពលរដ្ឋលក់និងចែកចាយផលិតផលណាដែលមានគុណភាពនិងមានចុះបញ្ជីការត្រឹមត្រូវពីក្រសួងស្ថាប័នពាក់ព័ន្ធ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ថ្លែងថា ការបង្ក្រាបផលិតផលក្លែងក្លាយចំនួន៧២តោនពីសំណាក់អាជ្ញាធរពាក់ព័ន្ធនេះ គ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ។ លោកថា នៅមានផលិតផលក្លែងក្លាយជាច្រើនតោនទៀតដែលត្រូវបានជនឆ្លៀតឱកាសលួចលាក់ផ្ទុកនិងចែកចាយ។
លោកថា៖ «សំខាន់បំផុតដល់មន្ត្រីយើងធំៗហ្នឹងមានឆន្ទៈៗ ដើម្បីជួយបំបាត់នូវផលិតផលទាំងអស់ហ្នឹង។ ប្រសិនជាយើងនៅតែមានភាពពុករលួយបន្តកន្ទុយគ្នាអ៊ីចឹង វាអត់ចប់ទេ»។
អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា លោកនឹងចាត់ឱ្យមន្ត្រីជំនាញពិនិត្យមើលករណីផលិតផលវេជ្ជសាស្ត្រក្លែងក្លាយនេះ។
យ៉ាងណា លោកថា កម្ពុជាមានច្បាប់បទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងផលិតផលក្លែងក្លាយ ពោល គឺជនពាក់ព័ន្ធដែលមិនគោរពបទដ្ឋាននេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ថ្លែងបន្តថា៖ «តាំងពីមុនមកក៏វាមានការអន្តរាគមន៍ ដើម្បីបង្ក្រាបទៅលើករណីដែលក្លែងក្លាយអីហ្នឹង យើងបន្តបន្ទាប់ទៅ។ អាហ្នឹងចាំមើលៗ ឱ្យដឹងមួយៗសិន ថាវាជា [ផលិតផល] អីខ្លះ ដើម្បីនិយាយទៅឱ្យវាត្រូវ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០២០ បានបញ្ជាឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បង្រ្កាបផលិតផល ឧបករណ៍ សម្ភារ បរិក្ខារពេទ្យ សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ដែលខុសច្បាប់ ខណៈដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕