តុលាការ​បន្ត​សវនាការ​លើ​សំណុំ​រឿង​កញ្ញា សេង ធារី និង​អតីត​សកម្មជន​បក្សប្រឆាំង

កញ្ញា សេង ធារី ក្នុងឈុតសម្លៀកបំពាក់អប្សរា នៅក្នុងថ្ងៃចូលសវនាការតាមការកោះហៅពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បន្តបើកសវនាការសួរដេញ​ដោលលើកញ្ញា សេង ធារី និង​អតីតមេដឹកនាំបក្សប្រឆាំង និងអ្នកគាំទ្រជាង៤០​នាក់ ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចផ្អាកសវនាការ ​ហើយ​បន្តធ្វើនៅថ្ងៃនេះទៀត បន្ទាប់ពីជនជាប់ចោទម្នាក់ គឺកញ្ញា សេង ធារី បដិសេធឆ្លើយសំណួរបន្ត ដោយរង់ចាំទទួលបានភស្តុតាងពីមេធាវីដែលតុលាការយកមកដាក់បន្ទុកលើកញ្ញា ដោយថា សំណួរ​របស់ចៅក្រម​សួរនោះមិនមានក្នុងឯកសារនិងភស្តុតាងដែលកញ្ញាថតចម្លងពីតុលាការនាពេលកន្លងមក​ឡើយ។

កញ្ញា សេង ធារី បានឱ្យដឹងតាមរយៈបណ្ដាញសង្គមថា កញ្ញា​ត្រូវ​បាន​អាជ្ញាធរ​រាជធានីភ្នំពេញឃាត់​ខ្លួនរយៈពេលខ្លី​ នៅក្បែរសួន​ច្បារមុខ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ខណៈពេល​​ដែល​កញ្ញា​បាន​​ស្លៀក​សម្លៀកបំពាក់​ពណ៌ស្លាទុំ​ស្រដៀងនឹងសម្លៀកបំពាក់​អ្នកជាប់ឃុំ​ ធ្វើដំណើរ​ចេញ​ពី​ទី​នោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​បន្ត​ចូល​រួម​សវនាការនៅព្រឹកនេះ​។

កញ្ញាបញ្ជាក់ថា៖ «ខ្ញុំបានអាជ្ញាធរព្រលែង[ដោះលែង]ហើយ ហើយកំពុង​ធ្វើដំណើរ​ទៅ​តុលាការ​​ក្រុង​​ភ្នំពេញ សម្រាប់សវនាការម៉ោង៨កន្លះ»។

កញ្ញា សេង ធារី គឺជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក ក្រោយមកកញ្ញាបានវិលមកកម្ពុជាវិញ បន្ទាប់ពីរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិកអំឡុងពេលរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហម។

បើតាមជនជាប់ចោទរូបនេះរៀបរាប់ក្នុងអង្គសវនាការថា ពេលរស់នៅកម្ពុជានោះ កញ្ញាបានធ្វើការងារសង្គមជាច្រើន ដើម្បីជួយទៅដល់ការកសាងសន្តិភាព អប់រំពីច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងធ្លាប់ធ្វើជាប្រធាន«មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា»ថែមទៀតផង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ