សារព័ត៌មាន​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​កូដករ​ណាហ្គាវើលដ៍

សន្និសីទសារព័ត៌មានស្ដីពីការឃាត់ខ្លួនមេសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ វេលាម៉ោង​៩ព្រឹក​ ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២២​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ស្ថាប័នសារព័ត៌មានមួយចំនួនដូចជា VOD, EAC និង GN Time ជាដើម មិនត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការចាប់ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World)» នៅព្រឹកថ្ងៃនេះទេ ខណៈក្លឹបសារព័ត៌មានចង់ឃើញអាជ្ញាធរបើកទូលាយចំពោះគ្រប់ស្ថាប័ន។

មន្ត្រីនគរបាលម្នាក់ដែលមិនបញ្ជាក់អត្តសញ្ញាណ បាននិយាយថា៖ «ខ្ញុំជាអ្នកយាម ធ្វើការតាមតែបទបញ្ជាគេទេ។ គេឱ្យ​​ឈ្មោះម​ក​តែ​ប៉ុណ្ណឹង ហើយ​បើ​រញ៉េររញ៉ៃ គេដកពួកខ្ញុំទៅបញ្ឈរជើងហើយ អត់ការងារធ្វើឥលូវហើយ»

មន្ត្រីនគរបាលដដែល បន្តថា៖ «បងអ្នកសារព័ត៌មានដឹងថាតើនរណាមានសិទ្ធិដែលអាចចូលទៅបាន សូមបងធ្វើការទំនាក់ទំនងជាមួយគេ។ ខ្ញុំយល់ មេបងឯង​ចាត់តាំងមក តែខាងនេះអត់ហ៊ាន​អនុញ្ញាតទេ ដោយសារតែមានបញ្ជាពីសាលាក្រុង ហើយបទបញ្ជាទាំងនេះសុទ្ធ​​តែមកពីសាលាក្រុង។ ដូច្នេះឱ្យ​មេទាក់ទង​ជាមួយសាលាក្រុង ដូច្នេះគេតេមកខាងស្នងការ គេនឹងតេមកប្រាប់ ហើយយើងនឹងអនុញ្ញាត​ឱ្យចូលហើយ»

សន្និសីទសារព័ត៌មានដែលរៀបចំដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការ​ចូលរួមពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង នៅថ្ងៃនេះ គឺទាក់ទងនឹងការបង្ហាញភស្តុតាងដែលឈានទៅដល់ការចាប់ឃុំខ្លួននិង​ការ​ចោទប្រកាន់លើបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ រយៈពេលជាង១០ថ្ងៃមកនេះ។

មន្ត្រីនគរបាលម្នាក់ទៀតដែលជាអ្នកផ្ទៀងផ្ទាត់ឈ្មោះ បាននិយាយថា៖ «គេឱ្យ​មកបែបនេះ [កាន់បញ្ជីឈ្មោះ] ខ្ញុំមិនចង់ឃាត់អ្នកទាំងអស់គ្នាទុកនោះទេ ហើយដល់ពេលដែលយើងអត់មានឈ្មោះផង តើឱ្យ​ធ្វើយ៉ាងម៉េច?»

លោកបានបន្ថែមថា៖ «ខ្ញុំអត់ដឹងមូលហេតុទេ ដោយសារតែថ្នាក់លើបញ្ជូនតែឈ្មោះមកដែលនឹងត្រូវអនុញ្ញាតឱ្យ​ចូល ខ្ញុំក៏អត់ដឹងមូលហេតុអ្វីដែរ។ ខ្ញុំជាអ្នកយាម ខ្ញុំមិនហាមឃាត់ទេ តែគេមិនអនុញ្ញាត​ឱ្យ​ចូល មានឈ្មោះទើបអនុញ្ញាតឱ្យ​ចូល»

នាយកប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត បានចាត់ទុកថា ការហាមឃាត់អ្នកសារព័ត៌មានមិនឱ្យចូលយកព័ត៌មាននៅក្នុងសន្និ​សីទ​កាសែត​ក្រោម​លេស​មិន​បាន​ចុះឈ្មោះបែបនេះ គឺជាការរឹតត្បិតសេរីភាពសារព័ត៌​មាន និង​មិនឱ្យអនុវត្តតួនាទីរបស់ខ្លួន។

លោកថា៖ «យើងដឹងហើយថា សន្និសីទសារព័ត៌មានជាព្រឹត្តិការណ៍សាធារណៈ ជាពិសេសលើបញ្ហាសាធារណៈ មានន័យថា ពាក់ព័ន្ធនឹងបញ្ហាកម្មករ [ណាហ្គាវើលដ៍] ដែលគាត់តវ៉ាអីជាដើមហ្នឹង! អ៊ីចឹងអ្នកសារព័ត៌មានគួរត្រូវបានអនុញ្ញាត មិនត្រូវរើសអើងទៅតាមនិន្នាការ ឬទៅតាមស្ថាប័ន ដូចជា វីអូឌី ដែលជាស្ថាប័នព័ត៌មានឯករាជ្យ ដែលយើងតែងតែរាយការណ៍ព័ត៌មានបែបរសើប បាតុកម្ម ឬចំណុចអវិជ្ជមានច្រើនរបស់រដ្ឋាភិបាល ដែលនេះគឺជាតួនាទីរបស់អ្នកសារព័ត៌មាន»។

លោក ហ៊ុន សិរីវឌ្ឍន៍ អ្នកយកព័ត៌មានឱ្យ AEC News ដែលមិនត្រូវបានអនុញ្ញាតឱ្យ​ចូល​សន្និសីទកាសែតដែរនោះ សុំមិនធ្វើអត្ថាធិប្បាយ។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ថ្លែងថា៖ «មិនមានការហាមឃាត់ ឬអនុញ្ញាត ឬមិនអនុញ្ញាតនោះទេ។ បញ្ហាសំខាន់លើកលែងតែមានការបញ្ជាក់ត្រឹមត្រូវ និងឯកសារត្រឹមត្រូវ បាន​យើងអនុញ្ញាត។ យើងមិនចេះតែឱ្យ​ចូលមកប៉ាតណាប៉ាតណី ធ្វើម៉េចយើងដឹងថាអ្នកហ្នឹងមកពីខាងណាខាងណី ទីតាំងរបស់អង្គភាពទាំងមូល យើងមិនអាចអនុញ្ញាតឱ្យ​ចូលប៉ាតណាប៉ាតណីនោះទេ។ សារព័ត៌មានគេឱ្យ​ចូលទេតើ! ពុំមានការហាមឃាត់នោះទេ»

លោកបានបន្ថែមថា៖ «ពេលខ្លះគាត់មកមិនមានប្រភពច្បាស់លាស់ អត់មានឯកសារអំណះអំណាងច្បាស់លាស់ឱ្យ​ខាងសមត្ថកិច្ច ដូច្នេះខាងសមត្ថកិច្ចគេម៉េចឱ្យ​ចូលផ្ដេសផ្ដាស សមត្ថកិច្ចយើងត្រូវពិនិត្យមើលច្បាស់លាស់ដែរថាតើអង្គភាពណាឬអង្គភាពណី»

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ជាទូទៅ លោកសង្កេតឃើញស្ថាប័នមួយចំនួន គេតម្រូវឱ្យមានការចុះឈ្មោះជាមុន ប៉ុន្តែមិនមែនទូទៅនោះទេ ដូចជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឬសាលាក្រុង ជាដើម។ ទោះជាយ៉ាងណា លោក ប៉ែន បូណា ចង់ឃើញអាជ្ញាធរបើកទូលាយចំពោះការចុះយកព័ត៌មានរបស់អ្នកសារព័ត៌មាន​ទាំង​អស់ដែលមាន​កាត​សារព័ត៌មាន​ត្រឹមត្រូវ។

លោកបានបញ្ជាក់ថា៖ «ការចុះឈ្មោះវាមិនរំខានអីធំដុំដល់យើងដែរ ដើម្បីយើងបានទទួលយកព័ត៌មាន យើងគួរតែចុះឈ្មោះ បើគេតម្រូវឱ្យ​ចុះឈ្មោះមុន។ ខ្ញុំអត់បានទៅដល់កន្លែង ដូច្នេះខ្ញុំអត់ដឹងថាការពិតយ៉ាងម៉េច។ យើងអត់បានចុះឈ្មោះ ហើយគេមិនឱ្យ​ចូល អាហ្នឹងអាចមកពីកំហុសយើងដែរ។ ប៉ុន្តែក្នុងនាមអ្នកកាសែត ខ្ញុំមានបំណងថា ចង់ឱ្យ​អាជ្ញាធរបើកទូលាយចំពោះស្ថាប័នដែលមានកាត [កាតអ្នកកាសែត] ត្រឹមត្រូវ»

លោកបានបញ្ជាក់ថា៖ «ស្ថាប័នមួយគេមានបែបបទរបស់គេដែរ ហើយយើងត្រូវតែសម្របខ្លួនខ្លះដែរពេលខ្លះ»

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានពន្យល់ដោយខ្លីថា វាជាសិទ្ធិសម្រេចរបស់អាជ្ញាធរផ្ទាល់។

លោកមានប្រសាសន៍ថា៖ «អាហ្នឹង​វាជាសិទ្ធិរបស់អាជ្ញាធរមានសមត្ថកិច្ច​ ដែលលោកមានសិទ្ធិសម្រេចថាតើត្រូវធ្វើដូចម្ដេចក្នុងពេលបំពេញនិងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ