សង្គម​ស៊ីវិល​ចង់​ឃើញ​តំណាង​រាស្ត្រជួយ​អន្តរាគមន៍​ការ​តវ៉ា​របស់​កម្មករ​ណាហ្គាវើលដ៍​

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ National Assembly Of Cambodia​)

សង្គម​​ស៊ីវិល​​ដែល​​ធ្វើការ​​ពាក់ព័ន្ធ​នឹង​​សិទ្ធិ​មនុស្ស និង​​ការងារ ទទូច​​ឱ្យ​​តំ​ណាង​រាស្ត្រ​គ្រប់​​​និន្នាការ​​រួម​​​ចំណែក​​​ស្តាប់​​កង្វល់ និង​​ពាំនាំ​​បញ្ហា​​របស់​​កូដករ​​ក្រុមហ៊ុន​​ល្បែង​ណាហ្គាវើលដ៍ យក​ទៅ​​ពិភាក្សា​​និង​​ដោះ​ស្រាយ ប៉ុន្តែអ្នក​នាំ​ពាក្យ​ថា សភា​កំពុង​ស្ថិត​នៅក្នុង​ពេល​វិស្សមកាល។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​នៅថ្ងៃទី​០៥ ខែមករានេះ ដោយ​បង្ហាញ​ពី​ការមិនអស់ចិត្តទៅ​នឹងភាពស្ងាត់ស្ងៀមរបស់តំណាងរាស្ត្រដែលពុំមានសកម្មភាពអ្វីលើរឿងកម្មករនិយោជិត​ណាហ្គាវើលដ៍តវ៉ា​រាប់ពាន់​នាក់នៅក្បែរបងរដ្ឋសភា។

អ្នកស្រីបានសរសេរថា​៖ «ពេញមួយ​យប់​នៅមិន​អស់​ចិត្ត​ នឹកដល់​តំណាង​រាស្ត្រថា​តើពួក​គាត់បាន​ដឹងរឿង​កម្មករ​និយោជិត​ពាន់នាក់​ធ្វើកូដកម្ម​ច្រើន​ថ្ងៃមក​ហើយ​ទេ។ តើគាត់​ដឹង​ថា អង្គនីតិប្រតិបត្តិបានរឹតត្បិតសិទ្ធិពលរដ្ឋនៅជាប់ជណ្តើរខ្លួនដែរឬទេ? ហើយតំណាងរាស្ត្រជាស្ត្រី​ តើពួកគាត់បានដឹងរឿងទុក្ខសោករបស់ស្ត្រីរាប់ទាំងស្ត្រីមានផ្ទៃពោះជាច្រើន ដែលឈរហាលថ្ងៃទាមទារដំណោះស្រាយលើវិវាទការងារទេ?»

លោកស្រីបន្តថា៖ «តើតំណាងរាស្ត្រយល់ថា ការចាប់ខ្លួនទាំងកម្រោលលើស្ត្រីវ័យក្មេងនៅជិតរបងសភាខ្លួនជារឿងត្រឹមត្រូវទេ? ហើយតើលោកនាយករដ្ឋមន្ត្រីបានដឹងនិងអាចអន្តរាគមន៍រឿងនេះ​ ដូចរឿងកូនតោរបស់ជនជាតិចិនមួយរូបដែលទទួលបាន​ដំណោះ​ស្រាយយ៉ាងពេញចិត្តដល់ម្ចាស់តោរូបនោះ​ ថ្វីបើផ្ទុយពីច្បាប់ដែរឬទេ? ខ្ញុំឆ្ងល់ពេញមួយយប់​ សូមជួយស្រាយចម្ងល់ខ្ញុំផង

លោកស្រី ចក់ សុភាព បកស្រាយបន្ថែមនូវដើមចមនៃការបង្ហោះសាររបស់ខ្លួនប្រាប់វីអូឌីថា តំណាងរាស្ត្រជា​អ្នកតំណាងឱ្យពលរដ្ឋ មិនថាអ្នកបោះឆ្នោត ឬមិនបោះឆ្នោត។ លោកស្រីថា ដូច្នេះតំណាងរាស្ត្រ ត្រូវឈឺ​ឆ្អាល ចុះជួប និងស្តាប់កង្វល់របស់កូដករ ថាតើអ្នក​តំណាងរបស់រាស្ត្រទាំងនោះនឹងអាចជួយក្រុម​បុគ្គលិក​រងគ្រោះ​បានតាមរបៀបណាខ្លះ?

លោកស្រីថា៖ «យើងគួរតែតាមដាន ថាតើមានតំណាងរាស្ត្រណាមួយដែលយកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដែលរាស្ត្រប្រឈម។ យើងដឹងហើយ តំណាងរាស្ត្រត្រូវបានជ្រើសរើសតាមយៈការបោះឆ្នោត ចឹងយើងក៏ដឹងដែរថា វាជិតដល់ពេលបោះឆ្នោតដូចគ្នា ចឹងយើងអាចវិនិច្ឆ័យទៅតាមតថភាពនេះ។ ទោះជាយ៉ាងណា ខ្ញុំចង់ឃើញតំណាងរាស្ត្រគ្រប់រូបមិនថា មាននិន្នាការមកពីបក្សណានោះទេ ត្រូវដើរតួ​បំពេញ​កាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាតំណាងរាស្ត្រ ក្នុងនាមជាអ្នកពាំនាំទុក្ខកង្វល់របស់​រាស្ត្រយក​ទៅ​ដោះស្រាយ»

យ៉ាងណា លោកស្រី សុភាព ថា កូដកម្មនេះមិនជាការធ្វើឡើងតាមការញុះញង់នោះទេ តែកូដករ​ធ្វើដោយ​ស្ម័គ្រចិត្តដោយគ្រាន់តែ​ប្រើបាស់សិទ្ធិរបស់ខ្លួនដើម្បីដំណោះស្រាយសមរម្យ។


តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ មកពីគណបក្សប្រជាជនកម្ពុជា លោក សួន រិនឌី មិនឆ្លើយតបនឹងការរិះគន់នេះទេ ដោយនិយាយយ៉ាងខ្លីថា លោកកំពុងចុះបំពេញបេសកម្មការងារនៅតាមខេត្ត។

លោក សួន រិនឌី៖ «ប៉ុន្មានថ្ងៃនេះ ពូអត់នៅភ្នំពេញផងហ្នឹង ពូចុះខេត្ត! ហ្នឹងហើយ ដល់ពូមកវិញ ឥលូវពូចុះខេត្តហើយ»

តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញមកពីបក្សកាន់អំណាចមួយរូបទៀត លោក លី ឆេង សុំមិនឆ្លើយសំណួររបស់វីអូឌី ដោយនិយាយ​ថា លោកកំពុងជាប់រវល់។

លោកថា៖ «ខ្ញុំជាប់រវល់តិច»

តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញមកពីបក្សដដែល លោកស្រី ឡោក ខេង ក៏បានបដិសេធតបនូវសំណួររបស់វីអូឌី ដោយអះអាងថា ប្រព័ន្ធទូរស័ព្ទមានភាពរអាក់រអួល មិនអាចស្តាប់សំណួរបាន។

លោកស្រីថា៖ «ស្តាប់ (សំណួរ) មិនបានទេ! ឮដាច់ៗ»

ចំណែកអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា លោកមិនបានដឹងថាតើតំណាងរាស្ត្ររាជធានីភ្នំពេញ​មកពីគណបក្​សកាន់អំណាចបាន​បំពេញភារកិច្ចនេះ ឬយ៉ាង​ណានោះទេ ដោយសារលោកពុំបានទទួលការរាយការណ៍ណាមួយ​ថា អ្នកតំណាងរាស្ត្រ​ទាំងនោះ​បានធ្វើអីពាក់ព័ន្ធ​នឹង​​ស្ថានភាព​នៃកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍នេះទេ។

លោកថា៖ «បើគាត់ (តំណាងរាស្ត្រ) អត់រាយការណ៍មកៗ ពេលនេះពេលវិស្សមកាលផង! ហើយមិន​ដឹង​គាត់ចុះទៅឯណាទេ ក៏ខ្ញុំអត់បាន​ដឹង គាត់អត់រាយការណ៍មក»

យ៉ាងណា លោក ឡេង ប៉េងឡុង ថា ទោះបីធ្វើកូដកម្មក៏ត្រូវការការចរចា ហើយការចរចាក៏ទាមទារ​ឱ្យមាន​តម្លាភាពរវាង​អ្នក​ពាក់ព័ន្ធ​ដោយចៀសវាងការប្រកាន់ថា អ្នកតូចតាច ឬអ្នកមានអំណាច។

នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍គាំទ្រនឹងការលើកឡើងរបស់លោកស្រី ចក់ សុភាព។ លោកថា តំណាងរាស្ត្រ តំណាងឱ្យពលរដ្ឋ ហើយត្រូវបានពលរដ្ឋបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យតាក់តែងនូវគោល​នយោបាយ ច្បាប់ជាតិ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋវិញ។

លោកថា៖ «កាលណាតំណាងរាស្ត្រហ្នឹង អ្នកដែលអង្គុយនៅក្នុងសភា សមាជិកសភាទាំងអស់ហ្នឹង មិនមែនកើតចេញពីការ​បោះឆ្នោតដែល​សេរី យុត្តិធម៌ទេ តំណាងរាស្ត្រហ្នឹងច្រើនតែអសកម្ម គឺគាត់អត់សូវបានខ្វល់ យកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខរបស់ពលរដ្ឋ ឬសុខទុក្ខរបស់​ម្ចាស់ខ្លួនឯងហ្នឹងទេ ប៉ុន្តែគាត់ខ្វល់តែរឿងយកចិត្តយកថ្លើមមេបក្សរបស់គាត់ទៅវិញ»

កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើនៅល្ងាចថ្ងៃពុធនេះ បើទោះបីជាអាជ្ញាធរបានចាប់ខ្លួនថ្នាកដឹកនាំរបស់ខ្លួនក៏ដោយ។

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ លោក លឹម ឫទ្ធារតនា បង្ហាញជំហរធ្វើកូដកម្មទាមទារ​ដំណោះស្រាយបន្តទៀត បើទោះបីទើបនឹងត្រូវបានអាជ្ញាធរឱ្យធ្វើកិច្ចសន្យា និងដោះលែងវិញ កាលពីយប់មិញនេះក៏ដោយ។

លោកថា៖ «ប្រជាជនយើងទាំងអស់គ្នាមានសិទ្ធិក្នុងការតវ៉ា និងសម្តែងមតិ។ ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងណាឱ្យត្រូវទេ ប៉ុន្តែរឿងមកដល់​ពេល​នេះហើយ គឺគ្មានពាក្យថាបកក្រោយទេ។ (ខ្ញុំ) ត្រូវបានអាជ្ញាធរចាប់ខ្លួន និងឱ្យធ្វើកិច្ចសន្យា។ ក្នុងកិច្ចសន្យាហ្នឹងគេឱ្យយើងឈប់​ធ្វើកូដកម្មខុសច្បាប់ ប៉ុន្តែយើងដឹងខ្លួនយើងថាកូដកម្មហ្នឹងជាកូដកម្មខុសច្បាប់ ឬក៏មិនខុសច្បាប់»

គិតត្រឹមថ្ងៃទី៥ ខែមករា នេះ កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើអស់រយៈពេលជិត២០ថ្ងៃហើយ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣០០នាក់ចូលធ្វើការងារឡើងវិញ។ កូដកម្មរបស់បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ ក៏បានឈានទៅដល់ការចាប់ខ្លួន និងចោទប្រកាន់ថ្នាក់ដឹកនាំសហជីព ២៦ នាក់។ ប៉ុន្តែបានដោះលែងមកវិញ ១៨ នាក់ ខណៈ ៨ នាក់ត្រូវបានតុលាការបន្តនីតិវិធីចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ក្នុងនោះក៏រួមមាន កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ និងលោក សុខ ណារិទ្ធ ថ្នាក់ដឹកនាំ​សហជីព​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ខណៈ​មន្ត្រីសហជីព​ម្នាក់​ទៀត លោក សុខ គង្គា ត្រូវ​បានដោះលែងនៅក្រៅឃុំ ប៉ុន្តែដាក់​ឱ្យ​ស្ថិត​នៅក្រោមការ​ត្រួត​ពិនិត្យរបស់​តុលាការនៅល្ងាចថ្ងៃទី៥ ខែមករានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ