សង្គមស៊ីវិល​ជិត​២០០ រិះគន់​រឿង​លោក ហ៊ុន សែន គ្រោង​ទៅ​មីយ៉ាន់ម៉ា​នៅ​ចុង​សប្ដាហ៍​នេះ

ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនីដែលបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អង្គការសង្គម​ស៊ី​​វិលមី​​យ៉ាន់​ម៉ា និង​​កម្ពុជា ប្រមាណជិត​២០០បាន​ចេញ​​សេចក្ដីថ្លែង​ការ​ណ៍ស្ដីបន្ទោសលោក​​​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​គាំ​ទ្រ​របប​យោ​ធា​មីយ៉ាន់​ម៉ា ​តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅចុងសប្ដាហ៍នេះ។

សេចក្ដីថ្លែងការ​ណ៍ចេញផ្សាយថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានលើកឡើង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាស៊ាន រួមទាំង​សហគមន៍អន្តរជាតិ ត្រូវតែដឹងថា របបយោធាមីយ៉ាន់ម៉ាគ្មានចេតនាពិតប្រាកដក្នុងការអនុវត្តតាមការឯកភាព៥ចំណុចរបស់អាស៊ាននោះទេ ហើយថា អាស៊ានតែមួយគត់ គឺគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឡើយ។

សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា និងមីយ៉ាន់ម៉ា ដែលរួមមាន អង្គការ​សហជីពស្រ្តីភូមា​ (Burmese Women’s Union)​, សមាគម​​មិត្តភាព​​មីយ៉ាន់ម៉ា​ (Burmese Friendship Association)​​, អង្គការ​ខារ៉ាត​កម្ពុជា​ (CAHRAD),​ អង្គការ Zomi Community South Australia និងអង្គការ Burmese Rohingya Association in Japan ជាដើម​នេះ បានធ្វើឡើងបន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនផ្លាស់ប្ដូរ​ជំហរក្នុងការ​ទៅ​បំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅចុងសប្ដាហ៍នេះ បើទោះបីជាមានការបំផ្ទុះគ្រាប់បែកច្នៃ២គ្រាប់​នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ាក៏ដោយ។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ​បានលើកឡើងថា របប​​យោធា​មី​យ៉ាន់​​ម៉ា​បាន​និង​កំពុង​ប្រើ​អំពើ​ហិង្សា​យ៉ាង​​ខ្លាំងក្លា ​និង​បង្ក​ការ​ភ័យ​ខ្លាចដល់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស ​ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០២១។ ដោយ​គិត​ត្រឹម​ថ្ងៃ​នេះ​ មនុស្ស​ចំនួន១ ៣៩៨នាក់​ត្រូវ​បាន​សម្លាប់​ រួម​ទាំង​កុមារ១០០នាក់ ​និង​មនុស្ស១១ ៣២៨នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​។​

សេចក្ដីថ្លែងការណ៍ដដែលបានជំរុញឱ្យអង្គការសហប្រជាជាតិ អាស៊ាន និងសហគមន៍អន្តរជាតិ ចាត់វិធានការជាក់ស្ដែង ដើម្បីបញ្ចប់យុទ្ធនាការភេរវកម្មរបស់របបយោធាប្រឆាំងនឹងប្រជាជន និងដាក់ពួកគេឱ្យទទួលខុសត្រូវតាមរយៈយន្តការគណនេយ្យភាពអន្តរជាតិ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ក្នុងពិធីប្រគល់​រង្វាន់​ជូន​កីឡា​ការិនី​មួយ​រូបនៅថ្ងៃនេះថា ​ដំណើរទេស្សនកិច្ចផ្លូវការរបស់លោកទៅប្រទេស​មីយ៉ាន់ម៉ានោះ គ្មាន​គោល​បំណង​ដើម្បីផលប្រយោជន៍អ្វីផ្សេង ហើយ​ក៏មិនជជែកអ្វីលើសពី​​គោលការណ៍​៥ចំណុច​របស់​អាស៊ានដែលបានដាក់ចេញក្នុងជំនួបកំពូលពិសេស កាលពី​ឆ្នាំ២០២១ សម្រាប់សម្រប​សម្រួល​ដោះស្រាយ ជម្លោះ និងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។

លោក​​បានថ្លែង​ថា៖ «ខ្ញុំធ្លាប់និយាយហើយថា សូមកុំទុកចិត្តពេកលើប្រធានអាស៊ាន តែកុំអាលបន្ទោសប្រធានអាស៊ានអី រង់ចាំមើល! ខ្ញុំទៅហ្នឹងអត់មានឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុចដែលបានឯកភាពគ្នានៅឯហ្សាកាតា កាលពីខែមេសា ឆ្នាំ២០២១។ ប៉ុន្តែខ្ញុំមិនដាក់លក្ខខណ្ឌទុកជាមុនក្នុងដំណើររបស់ខ្ញុំទៅទេ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានបទគឺកុងសង់ស៊ីស៥ចំណុចហ្នឹងឯង»

លោកបានបន្ថែមថា៖ «ការដែលខ្ញុំទៅនេះ គោលបំណង់ខ្ញុំគ្មានផលប្រយោជន៍អ្វីទេ ប្រទេសកម្ពុជាតូចជាងប្រទេសមីយ៉ាន់ម៉ាច្រើនដង ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ»

តាមរយៈជំនួបកំពូលពិសេសកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវគោលការណ៍ចំនួន៥ចំណុច ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមាន ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឱ្យ​ដល់កម្រិតខ្ពស់បំផុត, ចាប់ផ្ដ់មការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន, ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះ​សម្រួល​នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, អាស៊ានត្រូវផ្ដល់​ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA និង​ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ