លោក ហ៊ុន សែន​៖ ដំណើរ​ទស្សនកិច្ច​ទៅ​មីយ៉ាន់ម៉ាគឺ​ដើម្បី​សម្រួល​ស្ថានការណ៍​នយោបាយ​និង​បញ្ចប់​អំពើ​ហិង្សា

ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនីដែលបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មេដឹកនាំ​កម្ពុជា​លោ​ក ហ៊ុន សែន  បាន​បញ្ជាក់​ជា​ថ្មីថា លោក​នឹង​ទៅ​ទស្សនកិច្ចនៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចុង​សប្តាហ៍​នេះ ដើម្បី​ជួយ​​សម្រប​​សម្រួល​​ស្ថានការណ៍​​នយោបាយ និង​​បញ្ចប់​អំពើ​ហិង្សា​ដែល​កំពុង​កើត​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មួយនេះ តាមរយៈ​គោលការណ៍​កុងសង់ស៊ីស ៥ ចំណុច ដែលអាស៊ានបានឯកភាពគ្នាកន្លងមក។

ការ​បញ្ជាក់​ជំហរ​នេះ  ក្រោយ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​រិះគន់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​មីយ៉ាន់ម៉ា ឬភូមា នៅថ្ងៃទី៧ ខែមករា ចុង​សប្តាហ៍​នេះ​ថា  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​គាំទ្រ​​របប​​សឹក​​​ភូមា​លោក ​មីន អ៊ុងឡាំង។

ក្នុង​​​ពិធី​​​ប្រគល់​​ប្រាក់​​រង្វាន់ជូន​កីឡាការិ​នី អ៊ុក ស្រី​មុំ ដែល​ដណ្ដើម​បាន​មេដាយ​មាស​ពិភព​លោកពី​កីឡា​ប៉េតង់ នាព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន  ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសមីយ៉ាន់ម៉ា មិនអនុវត្តឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុច ដែលបានឯកភាពគ្នា​នៅឯទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅនោះទេ។ ប៉ុន្តែលោកបន្ថែមថា លោកមិនដាក់លក្ខខណ្ឌជា​មួយ​មេដឹកនាំយោធាមីយ៉ាន់ម៉ាមុនឡើយ ដោយថា ពេលទៅដល់ទើបលោកជជែកអំពីប្រធានបទតាមកុងសង់ស៊ីស៥ចំណុចតែម្ដង។

លោកថា៖ «អ៊ីចឹងទេ​បងប្អូននៅមីយ៉ាន់ម៉ា តើអ្នកចង់ឱ្យប្រទេស​ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬចង់ដោះស្រាយ? ការដោះ​ស្រាយ​នេះ គឺតួនាទីត្រូវបានផ្ដល់បណ្ដាប្រទេសអាស៊ាន ហើយអាស៊ានបានឯកភាពរាប់ទាំង​មីយ៉ាន់ម៉ាខ្លួនឯង​បានព្រមព្រៀងកុងសង់ស៊ីស​៥​ចំណុច​​នេះ​ហើយ ប៉ុន្តែមិនបានអនុវត្ត។ ប្រទេសនានានៅក្រៅតំបន់ក៏មានការព្រមព្រៀងនូវការផ្ដល់តួនាទីនេះ សម្រាប់អាស៊ាន រាប់ទាំង​ការ​ផ្ដល់មនុស្សធម៌ផងដែរ។ អ៊ីចឹងទេ ការដែលខ្ញុំទៅនេះ ​គោលបំណងខ្ញុំគ្មាន​ផលប្រយោជន៍អីទេ ប្រទេសកម្ពុជាតូចជាងមីយ៉ាន់ម៉ា ​ច្រើនដង ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ។ ចំណុចទី១ នៃកុងសង់ស៊ីស គឺការអត់ធ្មត់​បញ្ឈប់អំពើហិង្សា នេះជាគោលដៅយើងចង់បាន»

អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា បានលើកឡើងថា ដំណើរទស្សនៈកិច្ច​របស់លោកនាយករដ្ឋនមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាចុងសប្តាហ៍នេះ គឺជាពេលវេលាសមរម្យមួយ ក្នុងនាមប្រទេស​កម្ពុជា​ធ្វើជាប្រធានអាស៊ាន ដែលមានតួនាទីនៅក្នុងការដោះស្រាយបញ្ហានៅភូមា។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កម្ពុជាអាចប្រឈមបញ្ហាវិញ ប្រសិនបើជាកម្ពុជាលូកដៃនៅក្នុងបញ្ហានៅភូមាជ្រៅពេកវាអាចធ្វើឱ្យប៉ះពាល់ដល់គោលការណ៍អាស៊ាន ពិសេសគោលការណ៍​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន។

លោកបន្តថា បើកម្ពុជាអាចត្រឹមចរចារឱ្យមានការបញ្ចប់ជម្លោះ ឬបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា បាន វាជារឿងដែលល្អ និងការធ្វើយ៉ាង​ណា​ឱ្យ​ភាគីទាំង​អស់​ចូលមកដោះស្រាយគ្នាបាន ដែលនេះជាចំណុចជោគជ័យធំបំផុតរបស់កម្ពុជា។

លោកថា៖ «ជាប្រធានអាស៊ាន ចង់មិនចង់ ទោះបីជាចង់ដោះស្រាយបញ្ហានៅភូមាហ្នឹង! គឺត្រូវតែនិយាយជាមួយហ្នឹងមេដឹកនាំយោធាហ្នឹង ដើម្បីអាចឈានទៅរកដំណោះស្រាយផ្សេងទៀតបាន អ៊ីចឹងទេ! ខ្ញុំគិតថា នៅខណៈពេលហ្នឹង បើសិនជាកម្ពុជាមិនចូលទៅចរចា ឬស្វែងរក​ការ​ចង់​បានរបស់ពួកយោធាក៏ដូចជាកាន់តែធ្វើឱ្យស្ថានការណ៍នៅភូមាហ្នឹង កាន់តែបង្កឡើងហើយមតិប្រជាពលរដ្ឋវានៅតែកើតមានឡើង ចឹងទេ! ពេលហ្នឹងជាពេលដែលសំខាន់មួយដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានគួរតែធ្វើ»

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៥ ខែធ្នូ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​មីយ៉ាន់ម៉ា នឹងធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី៧ ខែមករា បើទោះបីជាមានការបំផ្ទុះគ្រាប់បែកច្នៃពីរគ្រាប់​នៅក្បែ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅប្រទេសមីយ៉ាន់ម៉ានៅមុនដំណើរទស្សនកិច្ចនេះក្តី។ ដំណើរទស្សនកិច្ចនេះ មានការអមដំណើរពីរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាដើម។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួប​ទ្វេភាគីជាមួយលោក មីន អ៊ុងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗ​នៅ​ក្នុង​តំបន់អាស៊ាន។

យ៉ាងណាក្តី អង្គការសង្គម​ស៊ី​​វិលមី​​យ៉ាន់​ម៉ា និង​​កម្ពុជា ប្រមាណជិត​២០០ បាន​ចេញ​​សេចក្ដីថ្លែង​ការ​ណ៍មួយកាលពីថ្ងៃទី៤ ខែមករា ដោយបានរិះគន់លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​គាំ​ទ្រ​របប​យោ​ធា​មីយ៉ាន់​ម៉ា ​តាមរយៈដំណើរ​ទស្សនកិច្ចទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នេះ។ សេចក្ដីថ្លែងការ​ណ៍បានលើកឡើង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាស៊ាន រួមទាំង​សហគមន៍អន្តរជាតិ ត្រូវតែដឹងថា របបយោធាមីយ៉ាន់ម៉ាគ្មានចេតនាពិតប្រាកដក្នុងការអនុវត្តតាមការឯកភាព៥ចំណុចរបស់អាស៊ាននោះទេ ហើយថា អាស៊ានតែមួយគត់ គឺគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ