សង្គម​​ស៊ីវិល​​ជាង១០០ អំពាវ​នាវ​​ឱ្យ​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ​ និង​​សមាជិក​​សហជីព​ជា​​បន្ទាន់​​និង​​ឥតលក្ខខណ្ឌ

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរត្រូវបានអាជ្ញាធរចាប់ខ្លួននៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ (រូបថត VOD English)

ក្រុម​​អង្គការ​សង្គមស៊ីវិល សហភាព​សហជីព សហព័ន្ធ​សហជីព និង​សមាគម​ជាង​ ១០០​ (១១៩) ​ស្ថាប័ន​បាន​អំពាវនាវ​​ឱ្យ​ដោះ​លែង​​ថ្នាក់​ដឹក​​នាំ​កញ្ញា ឈឹម ស៊ីថរ និង​​សមាជិក​​សហជីព​ណាហ្គាវើលដ៍​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ទាន់ និង​ឥតលក្ខខណ្ឌ។

តាមរយៈ​សេចក្តីថ្លែងការណ៍​កម្រាស់​៥​ទំព័រ​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី៤ ខែមករា ក្រុម​អង្គការ​សង្គម​ស៊ីវិល​សរុប ១១៩ ស្ថាប័ន បាន​សំដែង​ការ​ខក​​ចិត្តជា​ខ្លាំង ចំពោះវិធានការ​របស់​សមត្ថកិច្ចដែល​ដឹកនាំ​ដោយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែលបាន​ឃាត់​ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​ ប្រតិភូចរចារ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ (LRSU) ជិត​២០​នាក់ រួម​ទាំង​ការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ នៅ​រសៀល​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ក្រុមអង្គការសង្គមស៊ីវិលដែល​រួមមាន សហគមន៍ដីធ្លី សហព័ន្ធ​សហជីព​កម្មករ​សំណង់ និងព្រៃឈើកម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​សរុប ១១៩ ស្ថាប័ន​បាន​អំពាវនាវ​​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​ថ្នាក់ដឹកនាំ និងសមាជិកសហជីព ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នេះ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។

សេចក្តីថ្លែងការណ៍បានសរសេរថា៖ «យើងខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ក្នុងការចូលរួមការពារសុវត្ថិភាព ក្រុមកូដករដែលធ្វើកូដកម្មដោយអហិង្សា ប៉ុន្តែបែរជាធ្វើការចាប់ខ្លួន​ថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ ទាំងនៅពេលយប់ និងចោទប្រកាន់អ្នកទាំងនោះដោយមិនត្រឹមត្រូវទៅវិញ»។

សេចក្តីថ្លែងការណ៍បានអំពាវនាវថា៖ «អាជ្ញាធរត្រូវតែបញ្ឈប់ការបំភិតបំភ័យ និងគម្រាមកំហែងថ្នាក់ដឹកនាំ និងសមាជិកសហជីព ដោយ​បញ្ឈប់​ការ​ប្រើប្រាស់ការចោទប្រកាន់តាមផ្លូវតុលាការ ឬ ការបន្ទរសារបំភិតបំភ័យតាមរយៈសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល»

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក៏ដូចជាអ្នកដែលចូលរួមក្នុងកូដកម្មអហិង្សានេះ គឺជាស្ត្រី។ ស្ត្រីដែលត្រូវបានច្បាប់ជាតិ ក៏ដូចជា អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស្ត្រី បានផ្តល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការប្រមូលផ្តុំ និងការជួបជុំគ្នា​ដោយអហិង្សា ហើយនិងបង្កើតសហជីពស្របច្បាប់។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បាន​ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរ និងថ្នាក់ដឹកនាំសហជីព២នាក់ទៀត បញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ។ កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ចំនួន​៤ទៅ៥​នាក់ចាប់ក្រៀក រួចបញ្ចូលទៅក្នុងរថយន្តពណ៌សមួយគ្រឿងនៅក្បែអគារស្ថានទូតអូស្ត្រាលីនិងរដ្ឋសភា ខណៈកូដករមួយចំនួនបានចូលទៅជួយ តែមិនបានសម្រេចឡើយ។

កញ្ញា ឈឹម ស៊ីថរ បានប្រកាសកាលពីព្រឹកមិញថា នាងនឹងទៅចូលរួមធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងមុខអគារណាហ្គាវើលដ៍ដែល​ជាទីកន្លែង​ក្រុមសហជីពនិងសមាជិកសហជីពកំពុងធ្វើកូដកម្ម។ កញ្ញាបានសន្និដ្ឋានជាមុនថា នាងនឹងអាចត្រូវបានចាប់ខ្លួនដោយកម្លាំងមាន​សមត្ថកិច្ច។

កញ្ញា ឈឹម ស៊ីថរ គឺជាថ្នាក់ដឹកនាំសហជីពម្នាក់ក្នុងចំណោម៣នាក់ដែលអាជ្ញាធររាជធានីភ្នំពេញបានប្រកាសតាមចាប់ខ្លួន​កាលពីព្រឹកមិញ​នេះ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ដោយបានចោទជា​សំណួរថា៖ «តើនេះជាសង្គ​មអ្វី​ ដែលអាជ្ញាធរមកចាប់ស្ត្រីវ័យក្មេងដោយហិង្សា​ ក្រៀកកគ្នា​ ហើយញាត់ចូលឡា​នទាំងប្រញាប់ប្រញាល់​គ្មានដីកាត្រឹមត្រូវ?»

ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ​​ថា ស្ថានទូតប្រទេស​មហាអំណាចមួយ​នេះកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមា​ជិក​សហជីព​នៃបុគ្គលិក​កម្មករក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ដោយសារតែការ​បញ្ចេញមតិដោយសន្តិវិធី និងបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស្ដាប់សំឡេងរបស់ពលរដ្ឋ។

ស្ថានទូតអាមេរិកបានសរសេរថា៖ «យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមាជិកសហជីព​នៃបុគ្គលិកកម្មករ​នៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ​ដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរស្ដាប់ពី [សំឡេង] ពលរដ្ឋ មិនមែនបំបិទ​សំឡេង​​របស់គេទេ។ សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្ដុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា»។ គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរបានចាប់ខ្លួនកម្មករ សហជីព និងតំណាងសហជីពសរុបចំនួន២៦នាក់ ក្នុងនោះ បញ្ជូនទៅតុលាការ៩នាក់ ធ្វើកិច្ចសន្យាដោះលែងវិញចំនួន៣នាក់ និងកំពុងបន្តសាកសួរជាង១០នាក់ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ