អាជ្ញាធរ​ដោះលែង​កូដករ​ណាហ្គាវើលដ៍ ១៦ នាក់វិញ​ក្រោយ​ធ្វើ​កិច្ច​សន្យា​អប់រំ

កូដករអហិង្សាចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលពួកគេតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ (កូដករ)

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដោះលែង​កូដករ​ណាហ្គាវើលដ៍ ១៦​នាក់​មកវិញ កាល​ពី​យប់​ថ្ងៃទី៤ ខែមករា​នេះ ក្រោយ​សាកសួរ និង​ធ្វើកិច្ច​សន្យា​អប់រំ។

អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ​សាន សុខសីហា បាន​ថ្លែង​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា មន្ត្រី​ជំនាញ​បាន​សាកសួរ​ទៅលើ​កូដករ​ទាំង​នោះ​ ខណៈកូដករ ៣​នាក់​ក្នុង​នោះ​រួមមាន​កញ្ញា ឈឹម ស៊ីថរ ផង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ម្សិលមិញ និង​ត្រូវបញ្ជូន​ទៅ​ដំណាក់​កាល​បន្ត​ទៀត។ ដោយ​ឡែក លោក​ថា កូដករ​១៦​នាក់​ទៀត ត្រូវ​បាន​ដោះលែង​វិញ​កាល​ពី​យប់មិញ​នេះ។

លោក​ថា៖ «ម្សិល​មិញ ១៦នាក់​ហ្នឹង គឺ​សមត្ថកិច្ច​យើង បាន​ធ្វើ​ការ​ណែនាំ អប់រំ ធ្វើ​កិច្ច​សន្យា ដោះ​លែង​ហើយ​នៅ​យប់​មិញ»

លោក ​សាន សុខសីហា និយាយ​ថា បើកូដករ​ទាំង​នោះ​គ្រាន់​តែ​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​មិន​ដឹង ឬ​ដោយ​សារ​ចាញ់​បោក​គេ និង​មិន​មាន​ភស្តុតាង​ណា​មួយ​នោះ គឺ​សមត្ថកិច្ច​គ្រាន់​តែ​ណែនាំ អប់រំ រួចដោះ​លែង។ យ៉ាង​ណា​លោក​ថា បើ​សិន​ស្រាវ​ជ្រាវ​ឃើញ​មាន​ភស្តុតាង ថា​ពាក់ព័ន្ធករណី​ចូលរួម​ក្នុង​ចលនា​ខុស​ច្បាប់ អុកឡុក ញុះញង់ និង​បង្កឱ្យ​មាន​ភាព​អសន្តិសុខ​នៅ​ក្នុងសង្គម នោះ​សមត្ថកិច្ច​នឹងចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​កម្មករ សហជីព និង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​សរុប​២៦នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​យប់​ថ្ងៃទី៣១ ធ្នូ ដល់​ថ្ងៃទី៤ ខែមករា​ម្សិលមិញ​នេះ គឺអាជ្ញាធរ​បាន​សម្រេច​បញ្ជូន​ទៅ​តុលាការ​៩​នាក់ និង​ធ្វើកិច្ចសន្យា​ដោះលែង​វិញ​ចំនួន​១៧​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ