អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា ការ​ចាប់​ខ្លួន​កូដករ​អាច​ជាការ​បំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (UN)

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះការ​ចាប់​ខ្លួន និង​ឃុំខ្លួន​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពន្យល់​នូវ​សកម្មភាព​ឆ្លើយតប​របស់​មន្រ្តី​នគរបាល​នៅក្នុង​ករណី​នេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែមករា ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានចាត់ទុកថា ការចាប់ និងឃុំខ្លួនអ្នកដឹកនាំ និងសកម្មជនសហជីពកាស៊ីណូណាហ្គាវើលដ៍ យ៉ាងហោចណាស់ ២៩នាក់ ក្នុងអំឡុងពេលធ្វើកូដកម្មជាបន្តបន្ទាប់ មកនេះ អាចជាការរំលោភបំពានលើច្បាប់សិទ្ធិមនុស្ស។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យបានមានប្រសាសន៍ថា៖ «យើងខ្ញុំក៏សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះរបៀបនៃការចាប់ខ្លួនករណី​ដំបូងៗ ដែលបានធ្វើឡើងនៅពេលយប់មុនឆ្លងចូលឆ្នាំថ្មី នៅពេលមានព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតបានបង្វែរចំណាប់អារម្មណ៍​សាធារណជន។ នេះអាចត្រូវបានគេមើលឃើញថា ជាមធ្យោបាយមិនសមរម្យមួយក្នុងការរឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋាន»

អ្នកជំនាញសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនោះរួមមាន លោក Vitit Muntarbhorn អ្នករាយការណ៍​ពិសេស​ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា, លោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិ​សេរីភាព​នៃការបញ្ចេញគំនិត និងមតិយោបល់, លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់​អ្នកការពារ​សិទ្ធិមនុស្ស និងលោក Clément Nyaletsossi Voule អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិខាងការប្រមូលផ្តុំដោយសន្តិវិធី និងខាងសមាគម។

ក្រុមអ្នកជំនាញក៍បានលើកឡើងដែរថា ការចោទប្រកាន់ និងការចាប់ខ្លួនថ្មីៗនេះបង្កឲ្យមានការព្រួយបារម្ភជាពិសេស នៅពេលដែលប្រទេស​កម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំនេះ និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ ការធ្វើបែបនេះ បញ្ចូនសារដ៏គួរឲ្យភ័យខ្លាច​ដល់ប្រជាជនខ្មែរអំពីលំហក្នុងការប្រមូលផ្តុំដោយសេរី។

ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ក៏ជំរុញឲ្យមន្ត្រីទាំងឡាយគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងផ្តល់​តម្លាភាព​ឲ្យបានពេញលេញក្នុងដំណើរការនីតិវិធីនៃករណីទាំងអស់នេះ។ លើសពីនេះទៀត ក្រុមអ្នកជំនាញបានអំពាវនាវជាថ្មីម្តងទៀត ឲ្យរាជរដ្ឋាភិបាល អនុវត្តនូវអនុសាសន៍ដែលខ្លួនបានទទួលយកក្នុងអំឡុងពេលនៃការត្រួតពិនិត្យឡើងវិញ ជាសកលតាមកាលកំណត់ នាឆ្នាំ២០១៩ ដែលរួមបញ្ចូលទាំងការសន្យាដើម្បីបង្កើតលក្ខខណ្ឌដែល “សង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងារ របស់ពួកគេដោយសេរី ដោយគ្មានការជ្រៀតជ្រែក ឬការរារាំង។

គិតមកដល់ពេលនេះ យ៉ាងហោចណាស់ មានមនុស្ស ៩នាក់ ក្នុងនោះស្រ្តី ៧នាក់ និងបុរស ២នាក់ ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយកំពុងស្ថិតក្នុងការឃុំខ្លួន ខណៈអ្នកផ្សេងទៀតត្រូវបាន ដោះលែង។

បើទោះបីជាមានការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ក្តី ក៏បុគ្គលិកណាហ្គាវើលដ៍រាប់រយនាក់នៅតែបន្តធ្វើកូដកម្ម ដើម្បី ទាមទារ ឱ្យថៅកែទទួលយកបុគ្គលិកជាង៣០០នាក់ដែលភាគច្រើនជាសមាជិកនិងថ្នាក់ដឹកនាំសហជីពចូលធ្វើការងារឡើងវិញ និងទាមទារឱ្យ ដោះលែងថ្នាក់ដឹកនាំសហជីពរបស់ពួកគេមកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ