ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ការចាប់ខ្លួន​កូដករ​ជា​ការបំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស

UN និងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុម​អ្នកជំនាញអង្គការសិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ ចំពោះការចាប់ខ្លួននិងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ដោយបំពានច្បាប់ និងស្នើឱ្យទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន​កាលពីថ្ងៃទី៥ ខែមករា ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានចាត់ទុកថា ការចាប់និងឃុំខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីពកាស៊ីណូណាហ្គាវើលដ៍ក្នុងអំឡុងពេលធ្វើកូដកម្មជាបន្តបន្ទាប់មកនេះ អាចជាការរំលោភបំពានលើច្បាប់សិទ្ធិមនុស្ស។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ បានមានប្រសាសន៍ថា៖ «យើងខ្ញុំក៏សូមធ្វើការថ្កោលទោសយ៉ាងខ្លាំង​ចំពោះរបៀបនៃការចាប់ខ្លួនករណីដំបូងៗដែល​បានធ្វើឡើងនៅពេលយប់មុនឆ្លងចូលឆ្នាំថ្មី នៅពេលមានព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតបានបង្វែរចំណាប់អារម្មណ៍សាធារណជន។ នេះអាចត្រូវបានគេមើលឃើញថា ជាមធ្យោបាយមិនសមរម្យមួយក្នុងការរឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋាន»។

អ្នកជំនាញសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនោះ រួមមាន លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា, លោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិយោបល់, លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស និងលោក Clément Nyaletsossi Voule អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិខាងការប្រមូលផ្តុំដោយសន្តិវិធី និងខាងសមាគម។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះក៏បានលើកឡើងដែរថា ការចោទប្រកាន់និងការចាប់ខ្លួនថ្មីៗនេះ បង្កឱ្យ​មានការព្រួយបារម្ភ ជាពិសេសនៅពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំការ​បោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំនេះ និង​ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ ពួកគេ​បន្តថា ការធ្វើបែបនេះ បានបញ្ជូនសារដ៏គួរឱ្យ​ភ័យខ្លាចដល់ប្រជាជនខ្មែរអំពីលំហក្នុងការប្រមូលផ្ដុំដោយសេរី។

ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ក៏បានជំរុញឱ្យ​មន្ត្រីទាំងឡាយគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងផ្ដល់តម្លាភាពឱ្យ​បានពេញលេញក្នុងដំណើរការនីតិវិធីនៃករណីទាំងអស់នេះ។ លើសពីនេះទៀត ក្រុមអ្នកជំនាញបានអំពាវនាវជាថ្មីម្ដងទៀតដល់​​រដ្ឋាភិបាលកម្ពុជាអនុវត្តនូវអនុសាសន៍ដែលខ្លួនបានទទួលយកក្នុងអំឡុង​ពេល​នៃការត្រួតពិនិត្យឡើងវិញ​ជាសកល តាមកាលកំណត់នាឆ្នាំ២០១៩ ដែលរួមបញ្ចូល​ទាំងការសន្យាដើម្បីបង្កើតលក្ខខណ្ឌដែលសង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងាររបស់ពួកគេដោយសេរី ដោយគ្មានការជ្រៀតជ្រែកឬការរារាំង។

ចំណែកលោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ (Human Rights Watch) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត​នៅថ្ងៃនេះថា ការចាប់ខ្លួនថ្នាក់ដឹកនាំនិងតំណាងសហជីពមួយចំនួនបញ្ជូន​ទៅតុលា​ការ បាន​បង្ហាញពីរូបភាពភ័យខ្លាចដល់ក្រុមកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ពីព្រោះពួក​គេ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ការជួបជុំ និងសមាគមស្របតាមច្បាប់ ជាដើម។

ករណីនេះ លោក Phil Robertson បានស្នើឱ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំនិងតំណាងសហជីព រួមទាំងដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយគ្មានលក្ខខណ្ឌ។

សេចក្ដីថ្លែងការណ៍និយាយថា៖ «ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ កម្មករទាំងនេះមិនបានធ្វើអ្វីដែលពួកគេគួរប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ។ កម្ពុជាគួរតែដោះលែងមេដឹកនាំនិងសមាជិកសហជីពទាំងអស់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោលការចោទប្រកាន់ក្លែងក្លាយមកលើពួកគេ»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា និង​អាជ្ញាធរពាក់ព័ន្ធ គួរតែគាំទ្រសិទ្ធិកម្មករ និងរកវិធីចរចាជាសមូហភាពរវាងកម្មករជាមួយភាគីក្រុមហ៊ុនណាហ្គាវើលដ៍ដោយភាពស្មោះត្រង់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់វិវាទការងារនេះផងដែរ។

​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងសេចក្ដីថ្លែងការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួននោះទេ ដោយសារការលើកឡើងគ្មានមូលដ្ឋាននិងភស្តុតាងដោះបន្ទុកតាមផ្លូវច្បាប់ច្បាស់លាស់។

លោកអះអាងថា សមត្ថកិច្ចចាប់សកម្មជនសហជីពនិងថ្នាក់ដឹកនាំសហជីពកាស៊ីណូណាហ្គាវើលដ៍ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដោយសារតែពួកគេនាំគ្នាធ្វើបាតុកម្មខុសច្បាប់ និងមានអង្គការចាត់តាំងនៅក្រៅប្រទេសនៅពីក្រោយធ្វើឱ្យមានចលាចលក្នុងសង្គមជាដើម។

លោក​ថា៖ «វាមានរឿងផ្សេងនៅពីក្រោយ ដោយសមត្ថកិច្ចយល់ឃើញថាមានអង្គការចាត់តាំងរៀបចំច្បាស់លាស់នៅខាងក្រៅ មានចេតនាញុះញង់បង្កចលាចលក្នុងសង្គម។ អ៊ីចឹងហើយមានតែវិធានការច្បាប់ទេដែលអាចធ្វើការដោះស្រាយបាន។ បើសិនជាមានវិវាទការ​ងារ​សុទ្ធ​តែ​ម្ដង មិន​មាន​ផែនការទុច្ចរិតនៅពីក្រោយ អាចដោះស្រាយបានស្រួលតាមច្បាប់ការងារ»

អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលកំពុងព្រាងលិខិតមួយ ដើម្បីដាក់ជូនទៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រសួងយុត្តិធម៌កម្ពុជា រួមទាំងដាក់ទៅគណៈកម្មាធិការសិទ្ធិមនុស្សប្រចាំនៅប្រទេសម៉ាឡេស៊ី នៅស​ប្ដាហ៍ក្រោយនេះ ដើម្បីឱ្យរដ្ឋាភិបាលប្រទេសមួយ​នេះជួយអន្ត​រាគមន៍ដល់ពលរដ្ឋរបស់ខ្លួន​ដែលកំពុងវិនិយោគនៅកម្ពុជា ចេញមកដោះស្រាយបញ្ហានានាជូនបុគ្គ​លិក​កម្មករ​ណាហ្គាវើលដ៍ និងដោះលែងថ្នាក់ដឹកនាំ​និងសមាជិក​សហជីព​ឱ្យមានសេរីភាពឡើងវិញ ដើម្បីឈានទៅបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុននេះ ខណៈម្ចាស់ក្រុម​ហ៊ុន​ណា​​ហ្គាវើលដ៍ជាជនជាតិម៉ាឡេស៊ី។

លោកមានប្រសាសន៍ថា៖ «យើងជឿជាក់ថា ម៉ាឡេស៊ីគាត់នឹងជំរុញឱ្យពលរដ្ឋរបស់គាត់ដែលមកវិនិយោគនៅប្រទេសកម្ពុជាគោរពទៅតាមគោលការណ៍សិទ្ធិមនុស្ស ពីព្រោះថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់ម៉ាឡេស៊ី ជាគណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យមួយដែល​តែងតែធ្វើការ​ងារ​នេះ​កន្លង​មក»

ក្រៅពីសេចក្ដីថ្លែងការណ៍នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិលជាតិ​សរុប១១៩​ស្ថាប័នក៏បាន​ចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយបានសម្ដែង​ការ​ខក​​ចិត្តជា​ខ្លាំងចំពោះវិធានការ​របស់​សមត្ថកិច្ចរាជធានីភ្នំពេញដែល​បាន​​ឃាត់​​ខ្លួន​​ថ្នាក់ដឹកនាំ​សហជីព​សហជីព បុគ្គលិកកម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) នេះផងដែរ។

គិតចាប់តាំងពីការធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មកដល់ពេលនេះ យ៉ាងហោចណាស់ថ្នាក់ដឹកនាំសហជីពនិងសមាជិកសរុបជិត៣០​នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ ៨នាក់ រួមទាំងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពផង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយម្នាក់ដោះលែងឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ និងផ្សេងៗទៀតត្រូវបានដោះលែងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ