ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅក្នុងវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ចរចាគ្នា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលតំណាងឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២៥ បានសរសេរនៅក្នុងសេចក្ដីប្រកាសខ្លីមួយកាលពីថ្ងៃម្សិលមិញថា សហភាពអឺរ៉ុបបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ជាបន្តបន្ទាប់មកនេះ។
សេចក្ដីថ្លែងការណ៍ខ្លីនេះបានសរសេរបន្តថា៖ «យើងសូមរម្លឹកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើងចំពោះសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ដែលមិនគួរត្រូវបានធ្វើឱ្យស្ថិតនៅក្រោមការគំរាមកំហែងនៃបទល្មើសព្រហ្មទណ្ឌឡើយ។ យើងសូមអំពាវនាវឱ្យភាគីទាំងអស់បន្តការចរចាឡើងវិញ ហើយស្វែងរកដំណោះស្រាយដោយសន្តិវិធី»។
សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជាកាលពីខែសីហា ឆ្នាំ២០២០ ក្រោយពីកម្ពុជាមិនបានអនុវត្តតាមការអំពាវនាវរបស់ខ្លួនឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
ក្រៅពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតសហរដ្ឋអាមេរិក កាណាដា និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ខ្លីរៀងៗខ្លួន ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅក្នុងវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ចរចាគ្នា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
ពួកគេអះអាងថា ពួកគេកំពុងតាមដានដោយយកចិត្តទុកដាក់បំផុតក្រោយពីមានការចាប់ខ្លួនថ្នាក់ដឹកនាំនិងសមាជិកសហជីពចំនួន២៦នាក់ ប៉ុន្តែដោះលែងវិញចំនួន១៨នាក់ ខណៈ៨នាក់ដែលជាថ្នាក់ដឹកនាំសហជីព ក្នុងនោះរួមមានកញ្ញា ឈឹម ស៊ីថរ ផងនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
គិតត្រឹមថ្ងៃទី៧ ខែមករានេះ គឺមានរយៈពេល២១មួយថ្ងៃហើយដែលបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានធ្វើកូដកម្ម ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៩ចំណុច ជាពិសេសទាមទារឱ្យថៅកែទទួលយកបុគ្គលិកចំនួន៣៦៥នាក់ដែលជាថ្នាក់ដឹកនាំសហជីព ប្រតិភូតំណាង និងសមាជិកចូលធ្វើការឡើងវិញ៕