បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ប្តេជ្ញាបន្តធ្វើកូដកម្ម ទោះបីគ្មានមេដឹកនាំ

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ប្តេជ្ញា​បន្ត​ធ្វើកូដកម្ម​រហូត​បាន​សហជីព​របស់​ពួកគេត្រលប់​មក​វិញ បើ​ទោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​ពួកគេ​ក៏​ដោយ។

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងជាកូដករមួយរូប អ្នកស្រី គង់ ចាន់ណុច ដែលធ្លាប់​ត្រូវបានអាជ្ញាធរចាប់ខ្លួន និងដោះលែងវិញកាល​ពីថ្ងៃទី៤ ខែមករា បានថ្លែងប្រាប់វីអូឌី នៅថ្ងៃព្រហស្បត្តិ៍ថា អ្នកស្រីនៅតែបន្តធ្វើកូដកម្ម បើទោះបីជាអ្នកស្រីធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្តី។

អ្នកស្រីបន្តថា ការចូលរួមនេះគឺធ្វើឡើងដោយស្ម័គ្រចិត្តដើម្បីការពារសិទ្ធិរបស់ខ្លួន ចង់បានសហជីព​របស់ខ្លួនមកវិញ និងចង់បាន​ដំណោះស្រាយពីក្រុមហ៊ុន។ អ្នកស្រីថា បើចរចាបន្ត គឺពួកគាត់ចង់បាន​សហជីព​របស់ពួកគាត់ ព្រោះសហជីព​ទាំងនោះជា​អ្នកតំណាងរបស់បុគ្គលិកប្រមាណជាង ១០០០នាក់។

អ្នកស្រីថា៖ «គេហាមឃាត់ អត់ឱ្យពួកខ្ញុំចូលដល់ក្រុមហ៊ុនទេ អត់ដល់របងក្រុមហ៊ុនហ្មង។ គេចង់តែ​ឱ្យពួកខ្ញុំ​ធ្វើឱ្យឆ្ងាយៗតែម្តង ហើយចាប់មេ តំណាងពួកខ្ញុំ គឺចង់គម្រាមពួកខ្ញុំឱ្យឈប់ធ្វើកូដកម្មហ្មង តែពួកខ្ញុំ​ជំហររឹងមាំរៀងៗខ្លួន។ ពួកខ្ញុំគ្មានការបង្ខិតបង្ខំទេ គឺជំហរពួកខ្ញុំ គឺចង់បានតំណាងមកវិញ ដើម្បី​ចរចា​ជាមួយក្រុមហ៊ុន»។

អ្នកស្រីបន្តថា នៅកន្លែងធ្វើកូដកម្មមានអាជ្ញាធរតាមឃ្លាំមើល ដែលមើលទៅមានចំនួនច្រើនជាង​ក្រុមកូដករទៅទៀត។ យ៉ាងណា អ្នកស្រីបញ្ជាក់ថា នៅតែបន្តជំហរធ្វើកូដកម្មដដែល បើទោះបីបារម្ភពីសុវត្ថិភាព​ក៏ដោយ។

អ្នកតវ៉ាមួយរូបទៀត អ្នកស្រី ញឹម សាម៉ៃ អះអាងថា គាត់រងនូវភាពអយុត្តិធម៌ និងការគាប់​សង្កត់​​ពេលធ្វើកូដកម្ម។ បែបនេះក្តីអ្នកស្រីថា គាត់នឹងបន្តធ្វើកូដកម្មបន្តរហូតទាល់តែតំណាងសហជីពបាន​ចូលធ្វើការ​ជាមួយ​គ្នាវិញ។

អ្នកស្រីថា៖ «ខ្ញុំមានជម្លោះជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ តែអាជ្ញាធររារាំងរហូត អត់ឱ្យពួកខ្ញុំធ្វើ​កូដកម្ម។ ​ខ្ញុំត្រូវការសហជីព​នៅកន្លែងធ្វើការរបស់ខ្ញុំ។ មានការរារាំងពីអាជ្ញាធរ មានការចាប់ឡើងឡាន និយាយទៅមានគ្រប់ស្ថានភាពទាំងអស់»

អ្នកស្រី ញឹម សាម៉ៃ ថា គិតត្រឹមថ្ងៃទី៦ ខែមករានេះ គឺគម្រប់ ២០ថ្ងៃហើយដែល​ក្រុមកូដករ​តវ៉ាបែប​អហិង្សា​ដើម្បីទាមទារសិទ្ធិរបស់ខ្លួន។ អ្នកតវ៉ារូបនេះថា អ្វីដែលពួកគាត់កត់សម្គាល់ គឺសមត្ថកិច្ចមិនបាន​ជួយ​សម្រួលស្ថានភាពពួកគាត់ទេ តែបែរជាប្រើពាក្យសម្តី និងកាយវិការមិនសមរម្យ​ទាល់តែសោះ​មក​លើ​ពួកគាត់។

អ្នកស្រី ញឹម សាម៉ៃ បន្ថែមថា៖ «គាត់ប្រើពាក្យអសុរសមកលើពួកខ្ញុំ សម្តីអត់ពិរោះទេ! […] ថ្ងៃដែលគេចាប់ពួកខ្ញុំឡើងឡាន មានទាំងស្ត្រី​ពោះធំទៀត។ ខ្ញុំស្រែក​ប្រាប់​គាត់ថា កុំឱ្យរុញ ព្រោះអី​គាត់ពោះធំ គេថាបើពោះធំហើយមកធ្វើៗអី? [ខ្ញុំតបថា] ពួកខ្ញុំមកទាមទារ​សិទ្ធិ​សេរីភាព​​របស់ខ្ញុំនៅកន្លែង​ធ្វើការទេ ខ្ញុំត្រូវការសហជីព! ពួកគេ [អាជ្ញាធរ] រុញ ធាក់»

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ប្រាប់វីអូឌីតាម​ប្រព័ន្ធ​តេលេក្រាម​ថា ជម្លោះនៅក្នុង​ក្រុមហ៊ុនណាហ្គាវើលដ៍នវមានទិដ្ឋភាព២ គឺទិដ្ឋភាព​ច្បាប់ការងារ និងមិនមែនច្បាប់ការងារ។ លោកថា អ្វីដែលមិនមែន​ជាច្បាប់ការងារ លោក​សុំមិន​អត្ថាធិប្បាយទេ។

លោក ហេង សួរ ថា៖ «ចំពោះទិដ្ឋភាពច្បាប់ការងារពាក់ព័ន្ធជាមួយការទូទាត់សំណងផ្សេងៗ គឺក្រសួងបានជូនដំណឹងជាច្រើនដងហើយថា ក្រសួងប្តេជ្ញាការពាររាល់ប្រយោជន៍របស់បងប្អូនដែលមានចែងនៅក្នុងច្បាប់។ ដូច្នេះសុំឱ្យបងប្អូនអតីតបុគ្គលិកចូលមកគណនាជាមួយ​មន្ត្រី​របស់​ក្រសួង»

លោកបន្តថា ក្រសួងត្រូវការតួលេខ និងទិន្នន័យពីបុគ្គលិកម្នាក់ៗដើម្បីយកមកគណនា។ លោកថា ក្រសួងមិនអាចយក​ទិន្នន័យតែពីខាង​និយោជកនោះទេ ពីព្រោះវាអាចមានលម្អៀង។

លោកថា៖ «សារជាថ្មីម្តងទៀតសូមបងប្អូនដែលពិតជាចង់ទទួលបាននូវសំណង ហើយយល់ថា និយោជកគណនាខុស សូមមកជួប​មន្ត្រីក្រសួងដើម្បីផ្ទៀងផ្ទាត់»

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា បុគ្គលិកហាក់អស់ជំនឿលើយន្តការរបស់ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដោយអះ​អាងថា ក្រសួងការងារបាន​បរាជ័យក្នុង​ការដោះស្រាយវិវាទការងាររវាង​និយោជិត និងក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលន៍នេះ។

លោកថា៖ «ដើម្បីដោះស្រាយរឿងហ្នឹង គឺមានតែការចរចាដោយសន្តិវិធី ហើយជ្រើសរើសស្ថាប័ន​ឯករាជ្យ​​ណាមួយ ដើម្បីដោះស្រាយរឿង​ហ្នឹង ដែលអាចទទួលស្គាល់ដោយភាគីទាំងសងខាង។ រឿង​ដែលសំខាន់មួយ​ទៀតនោះ វាលុះត្រាតែ​ទម្លាក់ចោលនូវការចោទប្រកាន់ ដោះលែងនូវតំណាង​របស់​គេហ្នឹង ដើម្បីឱ្យគេ​មានសិទ្ធិពេញលេញនៅក្នុងការតំណាងឱ្យបុគ្គលិកនិយោជិតហ្នឹងទៅចរចា»

គិតត្រឹមថ្ងៃទី៦ ខែមករា នេះ គឺមានរយៈពេល២០ថ្ងៃហើយ ដែលបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានធ្វើកូដកម្ម​ដើម្បីទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣០០នាក់ត្រលប់ចូលធ្វើការវិញ។ គិតចាប់ពីថ្ងៃផ្ទុះកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក មានថ្នាក់​ដឹកនាំសហជីពចំនួន ៨ នាក់ ត្រូវបានចោទប្រកាន់ពីបទពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រម​ព្រហ្មទណ្ឌកម្ពុជា ខណៈសមាជិកជិត ២០ នាក់ត្រូវបានដោះលែងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ