ក្រសួងពាណិជ្ជកម្ម នឹងចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត (geographical indication) «បង្កងតាកែវ» ដើម្បីបង្កើនការទប់ស្កាត់ផលិតផលក្លែងក្លាយ បង្កើនផលិតផលក្នុងស្រុក ព្រមទាំងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិផងដែរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឱ្យដឹងនៅថ្ងៃទី១០ ខែមករានេះថា ដោយសារតែបង្កងខេត្តតាកែវមានលក្ខណ:ពិសេសនៅតំបន់នោះ ទើបក្រសួងគ្រោងនឹងចុះបញ្ជីបង្កងតាកែវជាទំនិញសម្គាល់ភូមិសាស្រ្ត (GI)។
លោកថា៖ «ជាទូទៅ ទំនិញសម្គាល់ភូមិសាស្ត្រមានតែនៅក្នុងតំបន់មួយជាក់លាក់ ដោយសារលក្ខណៈពិសេសនៅតំបន់នោះ [កត្តាដី អាកាសធាតុ ទាំងរបៀបផលិតទំនិញនោះ…] មិនមែននៅគ្រប់កន្លែងគ្រប់ខេត្តទេ»។
លោកបន្តថា៖ «ដូចជាម្រេចកំពតមានតែក្នុងតំបន់ដែលបានកំណត់ច្បាស់លាស់ [មិនមែនទូទាំងខេត្តកំពតទេ]។ ដូចគ្នានេះដែរ ស្ករត្នោតកំពង់ស្ពឺ ក៏មិនមែនទូទាំងខេត្តកំពង់ស្ពឺដែរ អាចនិយាយបានថា បើទំនិញមួយអាចដាំដុះឬចិញ្ចឹមបាននៅគ្រប់កន្លែង នោះមិនមែនទំនិញសម្គាល់ភូមិសាស្ត្រទេ»។
លោក ស៊ាង ថៃ បន្ថែមថា បន្ទាប់ពីចុះបញ្ជីរួច សមាជិកសមាគមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ការប្រើប្រាស់រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដែលអាចជួយបង្កើនតម្លៃ ផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់គុណភាពទំនិញសម្គាល់ភូមិសាស្រ្តបង្កងតាកែវផងដែរ។ ក្រៅពីនេះ លោកថា នឹងមានការត្រួតពិនិត្យគុណភាពនិងស្វែងរកតឹកតានដោយសមាគមអន្តរវិជ្ជាជីវៈ ឬឯសមាជិកទាំងអស់ក៏អាចសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួនភ្ជាប់នឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «បង្កងតាកែវ» ដើម្បីញែកឱ្យដាច់ពីសមាជិកផ្សេងៗផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន បង្កងតាកែវ ផ្គត់ផ្គង់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ ដោយការប្រមូលផលក្នុងឆ្នាំ២០១៩ មានចំនួន៩៧តោន និងឆ្នាំ២០២០ ចំនួន៨៧តោន៕