មន្ត្រី​ថ្នាក់​ជាតិ​ព្រមាន​ចាត់​វិធានការ​លើ​មន្ត្រី​មូលដ្ឋាន​ដែល​ធ្វើ​ការងារ​ខ្ជីខ្ជា

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក ចាន់ សុធា ថ្លែងក្នុងសន្និសីទព័ត៌មានមួយ នាទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងថា ក្រសួងនឹងចាត់វិធានការទណ្ឌកម្ម ផ្នែករដ្ឋបាល និងពិន័យ លើមន្ត្រី​ថ្នាក់​ក្រោម​ជាតិ ឬមន្ត្រីមូលដ្ឋានទាំងឡាយណាដែល​ធ្វើការងារខ្ជីខ្ជា។

​​ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១១ ខែមករានេះ  ​អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ចាន់ សុធា ថ្លែងថា ក្រសួងមាន​ចក្ខុវិស័យ​ពង្រឹង​​​​​រចនា​សម្ព័ន្ធ​​ប្រព័ន្ធ​គ្រប់​គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​មានខេត្ត ស្រុក ឃុំ សម្រាប់រយៈពេល ១០ឆ្នាំ។

យ៉ាងណា លោកថា រចនា​សម្ព័ន្ធនៅថ្នាក់ក្រោមជាតិ​ដែលមាននាពេលបច្ចុប្បន្ន​នេះ នៅតែ​មិនទាន់​មានប្រសិទ្ធភាព​ពេញលេញនៅឡើយ ដែលចាំបាច់ត្រូវការ​សិក្សា ដកពិសោធន៍​កំណែ​ទម្រង់ ក្នុងន័យឈានទៅជំហានមួយទៀត ​ដើម្បី​ឱ្យស្របតាមចរិតលក្ខណៈ​នៅ​ថ្នាក់​​ក្រោមជាតិ ដូចជាទីក្រុងធំ ទីប្រជុំជន និងតាម​បណ្តា​ខេត្តជាដើម។

ជាមួយការប្តេជ្ញាចិត្ត ពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិនេះ លោកក៏បានព្រមានចាត់វិធានការផ្សេងៗ ចំពោះមន្ត្រីមូលដ្ឋានទាំងឡាយណាដែលបំពេញការងារឬតួនាទីមិនបានត្រឹមត្រូវផងដែរ។

លោក ចាន់ សុធា មានប្រសាសន៍ថា«មន្ត្រីណាដែលខ្ជីខ្ជា ហើយក្រោយការគាំទ្រ អនុវត្តន៍មិនបាន យើងប្រើទណ្ឌកម្មរដ្ឋបាល ទណ្ឌកម្មខាងវិន័យ ដូចដែលសហលក្ខន្តិកៈមន្ត្រីរាជការរបស់យើង។ អាហ្នឹងទាល់តែយើងពង្រឹងទៅចឹង នៅក្នុងគោលនយោបាយរបស់យើង យើងពង្រឹងចឹង។ ហើយក៏គិតគូរអំពីការលើកទឹកចិត្តដល់មន្ត្រីរបស់យើងដែលមានសមត្ថភាពនៅថ្នាក់ជាតិ ឬមន្ត្រីសិស្សនិស្សិតដែលមានសមត្ថភាពខ្ពស់ៗហ្នឹង ឱ្យគាត់ទៅធ្វើការនៅឯរដ្ឋបាលថ្នាក់ក្រោមជាតិ»

លោកបន្តថា បច្ចុប្បន្នមន្ត្រីភាគច្រើនប្រមូលផ្តុំធ្វើការនៅថ្នាក់ជាតិ ឬទីប្រជុំជន ដូចជាអ្នក​ដែលមាន​សញ្ញាបត្រខ្ពស់ៗទើបត្រលប់មកពីក្រៅប្រទេសជាដើម។ ចំណែកនៅតាមបណ្តាស្រុក និង​ជនបទ មិនសូវ​មាន​មន្ត្រី​ចង់ទៅធ្វើការទេ ដោយសារកត្តាជីវភាព និងកន្លែងការងារ​ឆ្ងាយ​ពីគ្រួសារ ផ្ទះសម្បែង -ល-។

យ៉ាងណាលោកថា ក្រសួងមហាផ្ទៃនឹងគិតគូរពីកំណែ​ទម្រង់​រយៈពេល ១០ឆ្នាំ លើប្រព័ន្ធយន្តការ ដើម្បី​ធ្វើយ៉ាងណា​លើក​​ទឹកចិត្ត​ឱ្យ​​គ្រូពេទ្យជំនាញ មន្ត្រីមានបទពិសោធន៍ មានសមត្ថភាពខ្ពស់ ចង់ទៅ​ធ្វើការ​នៅ​ថ្នាក់ក្រោម។

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក សន ជ័យ លើកឡើងថា ក្រៅ​ពីវិធាន​ការ​ម៉ឺងម៉ាត់នៅក្នុងការដាក់ពិន័យចំពោះភាពអសកម្មរបស់មន្ត្រីនៅតាមមូលដ្ឋាន ការវិភាជន៍​ធនធាន​ពី​ថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ គឺជាតម្រូវការចាំបាច់ដើម្បីរួមចំណែកពង្រឹង​មូល​ដ្ឋាន​​ផងដែរ។

លោកថា «ជាតម្រូវការ [នៅថ្នាក់ក្រោមជាតិ] គឺការពង្រឹងសមត្ថភាពបន្ថែម ហើយនិងការលើកជាផែនការមួយដែលគេហៅថា មានការវិភាជន៍ធនធាន ទាំងធនធានមនុស្ស និងធនធានថវិកាទៅថ្នាក់ក្រោមជាតិឱ្យបានច្រើន ក៏ជាការរួមចំណែកទៅដល់ការពង្រឹងនូវភាពសកម្មរបស់មន្ត្រីនៅឯមូលដ្ឋាន។ ធ្វើបែបនេះគឺជាចំណែកមួយក្រៅតែពីវិធានការម៉ឺងម៉ាត់ នៅក្នុងការដាក់ពិន័យចំពោះភាពអសកម្មហ្នឹង»

ពលរដ្ឋរស់នៅខេត្តសៀមរាបមួយរូប ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ថា លោកធ្លាប់បានទៅរកពាក្យស្នើសុំ និងលិខិតផ្សេងៗពីមន្ត្រីនៅឃុំ និងស្រុកក្នុងខេត្តសៀមរាប។ លោកថា មានចំណុចវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះដែលលោកកត់សម្គាល់ក្នុងពេលរកសេវា។ យ៉ាងណា លោកសំណូមពរឱ្យមន្ត្រីមូលដ្ឋានទាំងអស់ ជួយសម្រួលការផ្តល់សេវាដល់ប្រជាពលរដ្ឋដោយស្មើភាព មិនប្រកាន់បក្ខពួក និងចង់ឱ្យមន្ត្រីទាំងនោះបំពេញតួនាទីរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកថា៖ «បើពួកគាត់ [ពលរដ្ឋ] ស្គាល់ [មន្ត្រី] ច្បាស់ ឬក៏មានបណ្តាញទៅក៏ល្អទៅ។ បើថាស្គាល់ច្បាស់ ក៏រលូនទៅ បើអត់ស្គាល់ច្បាស់ទៅក៏ទុកចំណាយពេលឱ្យគាត់ខាតពេលវេលាខ្លះៗ ទាំងរដ្ឋបាលឃុំ ទាំងរដ្ឋបាលស្រុកអីជាដើម។ បើសិនជាអាចបាន ខ្ញុំចង់ឱ្យគាត់ [មន្ត្រី] ជួយសម្រួលឱ្យបានទូទៅ កុំប្រកាន់!  បានន័យថា ជួនកាលគាត់ [ពលរដ្ឋ] មកពីតំបន់ឆ្ងាយ ជួនកាលក៏គាត់ជួលម៉ូតូ ឱ្យគេជូនទៅ មកដល់ក៏ខាតពេល មួយថ្ងៃកំណត់ថាសម្រេច តែវាទៅជាអត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ