បុគ្គលិក​ណាហ្គាវើលដ៍​ប្រមូល​ស្នាមមេដៃ​ដាក់ញត្តិ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​នានា​នៅ​កម្ពុជា

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) បានប្រមូលស្នាមមេដៃ ដោយមានគម្រោងដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសចំនួន១៤នៅកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ និងជួយឱ្យមានការដោះលែងតំណាងរបស់ពួកគេចំនួន៨នាក់មកវិញ។

ស្ថានទូតប្រទេសទាំង១៤នោះ រួមមាន ស្ថានទូតចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា សាធារណរដ្ឋឆេក បារាំង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សិង្ហបុរី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងស្ថានទូតអាល្លឺម៉ង់ ជាដើម។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ អ្នកស្រី ណុប ទិត្យបូរ៉ាវី បានប្រាប់ វីអូឌី ថាគិតត្រឹមរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករានេះ បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ប្រមាណជិត៧០០នាក់ហើយដែលបានផ្ដិតមេដៃនៅលើញត្តិមួយដែលមានកម្រាស់ពីរទំព័រ។

អ្នកស្រីបន្តថា គោលបំណងនៃការដាក់ញត្តិនេះ គឺដើម្បីស្នើសុំឱ្យឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសទាំងនោះលើកយកបញ្ហាវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់ទៅអាជ្ញាធររដ្ឋាភិបាលកម្ពុជាឱ្យដោះលែងតំណាងរបស់ពួកគេ៨នាក់មកវិញ។

បន្ថែមលើនេះ ពួកគេក៏ស្នើសុំឱ្យមន្ត្រីការទូតទាំងនោះចុះទៅដល់ទីកន្លែងដែលក្រុមកូដករធ្វើកូដកម្ម ដើម្បីតាមដាននិងឃ្លាំមើលពីការធ្វើកូដកម្មរបស់ពួកគេ និងចុងក្រោយគឺស្នើសុំឱ្យអ្នកការទូតទាំងអស់នោះលើកយកបញ្ហានៃការរំលោភកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការធានានូវការគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារ ជាពិសេសអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ (ILO) ជាដើម។

អ្នកស្រីបន្តថា៖ «កូដកម្មយើងនៅតែបន្តធ្វើដដែល ប៉ុន្តែគ្រាន់តែយើងដាក់លិខិតដាក់ញត្តិហ្នឹងទៅខាងស្ថានទូត ដើម្បីឱ្យខាងមន្ត្រីស្ថានទូតគាត់ជួយចុះឃ្លាំមើល និងជួយអង្កេតការណ៍ ដើម្បីជំរុញពន្លឿនឱ្យខាងរដ្ឋាភិបាលឆាប់ដោះលែងតំណាងរបស់ពួកខ្ញុំទាំង៨រូបហ្នឹង។ ចាស៎! បើទាន់ [ប្រមូលស្នាមមេដៃ] ពួកខ្ញុំអាចចាប់ផ្ដើមដាក់ពីថ្ងៃស្អែកទៅ»។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ បានថ្លែងថា ការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីបណ្ដាអង្គទូត មហាអំណាច និងបណ្ដាប្រទេសសេរីនានា គឺអាចជួយឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានត្រួតពិនិត្យពីកាតព្វកិច្ចរបស់ប្រទេសកម្ពុជាក្នុងការជំរុញឱ្យមានការលើកកម្ពស់សិទ្ធិមនុស្សនិងសិទ្ធិការងារ ក្នុងករណីរវិវាទការងាររួមនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍នេះ។

លោកថា ករណីវិវាទការងារនេះនឹងជះឥទ្ធិពលមិនល្អឡើយសម្រាប់យន្តការអន្តរជាតិ ក្នុងនោះមានយន្តការរបស់អង្គការសហប្រជាជាតិ ការតាមដានត្រួតពិនិត្យទៀងទាត់ស្ដីពីសិទ្ធិមនុស្ស UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងយន្តការរបស់អង្គការអន្តរជាតិផ្នែកការងារ ILO ផងដែរ។

លោក ឃុន ថារ៉ូ បានថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា ប្រសិនបើវិវាទការងារនេះ វានៅតែអូសបន្លាយ ហើយវាមិនមានដំណោះស្រាយ រាជរដ្ឋាភិបាលត្រូវតែមានការបកស្រាយ។ បកស្រាយទៅលើយន្តការទាំងអស់នោះ ដើម្បីបង្ហាញអំពីថាតើរដ្ឋាភិបាលហ្នឹងគាត់បានអនុវត្តទៅតាមអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យមានការអនុវត្ត​សិទ្ធិសេរីភាពពេញលេញទៅដល់បុគ្គលិកកម្មករនិយោជិតដែលគាត់ប្រើប្រាស់សិទ្ធិនៅក្នុងការធ្វើកូដកម្ម។ ជំរុញ​ឱ្យមានការចរចានូវអត្ថប្រយោជន៍រួម សិទ្ធិគាំពារផ្នែកសេដ្ឋកិច្ច ក៏ដូចជាសិទ្ធិនៅក្នុងការប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម​​ដោយសន្តិវិធីនេះ»។

ក្រៅពីការផ្ដិតស្នាមមេដៃដាក់ញត្តិស្នើសុំអន្តរាគមន៍ពីស្ថានទូត​ប្រទេសចំនួន១៤នេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនដែលពុំមានឈ្មោះបញ្ឈប់ពីការងារក៏កំពុងនាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ដោយផុស (Post) បណ្ណការងារ (ID Card) និងសរសេរពាក្យពេចន៍ទាមទារឱ្យដោះលែងតំណាងសហជីព៨នាក់ដែលកំពុងជាប់ឃុំនោះផងដែរ។

គិតត្រឹមថ្ងៃទី១២ ខែមករានេះ គឺមានរយៈពេល២៦ថ្ងៃហើយដែលបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង១០០០ នាក់បានធ្វើកូដកម្មដើម្បីទាមទារលក្ខខណ្ឌ៩ចំណុច ជាពិសេសគឺទាមទារឱ្យថៅកែក្រុមហ៊ុនទទួលយកបុគ្គលិក៣៦៥នាក់ដែលជាថ្នាក់ដឹកនាំនិងប្រតិភូសមាជិកសហជីពចូលធ្វើការងារវិញ។ ក៏ប៉ុន្តែមិនត្រឹមតែមិនទាន់ទទួលបានការដោះស្រាយពីអាជ្ញាធរនិងក្រុមហ៊ុននោះទេ តំណាងរបស់ពួកគេចំនួន៨នាក់ត្រូវបានចាប់ឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ក្នុងនោះក៏មានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងមួយនេះ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ