អាមេរិក​នឹង​បញ្ជូន​វត្ថុបុរាណ​ចំនួន​៣៥​មក​កម្ពុជា​វិញ

វត្ថុបុរាណខ្មែរដែលសហរដ្ឋអាមេរិកនឹងប្រគល់មកកម្ពុជាវិញ។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានមោទកភាព​ក្នុងការបញ្ជូនវត្ថុបុរាណចំនួន៣៥ដែលមានប្រភពដើមពីប្រទេសកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍​ ត្រលប់មកកម្ពុជាវិញ។

សេចក្ដីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមករា បានឱ្យដឹងថា វត្ថុបុរាណខ្មែរដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ រួមមាន រូបចម្លាក់រចនាបថសម័យអង្គរធ្វើពីសំរឹទ្ធ គឺរូបពុទ្ធបដិមាទ្រង់ភ្នែន និងរូបចម្លាក់រចនាបថប្រាសាទកោះកេរ ធ្វើពីថ្មភក់ នៅសតវត្សរ៍ទី១០ ជារូបចម្លាក់ព្រះគណេស។

វត្ថុបុរាណទាំង​នេះ​នឹងត្រូវបញ្ជូនមកកាន់កម្ពុជាវិញ ដោយសារមានកិច្ចខិតខំពីរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត​នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

ប្រភពដដែលអះអាងថា សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្ត​ក្នុងការបញ្ចប់នូវការជួញដូរវត្ថុបុរាណខុសច្បាប់ និងស្វែងរកវត្ថុមានតម្លៃទាំង​នេះ ហើយបញ្ជូនទៅកាន់មាតុភូមិកំណើតវិញ។

ក្រោមកិច្ចសហការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ប្រទេសមហាអំណាចមួយនេះតែងតែធ្វើការបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញជារឿយៗ។

កាលពីថ្ងៃទី៩ ខែមិថុនា ២០២១ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី និងលោក Cyrus vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្ដីពី ការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូបពីការិយាល័យរដ្ឋអាជ្ញាមកកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក សហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ