មន្ត្រី​អប់រំ​ប្រាប់​ឱ្យ​អាណាព្យាបាល​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​ដល់​កូន​ក្រោយ​មាន​ករណី​វិជ្ជមាន ​«អូមីក្រុង»​ លើ​សិស្ស​

សិស្សានុសិស្សនៃវិទ្យាល័យបាក់ទូក ធ្វើដំណើរចូលទៅសិក្សាតាមថ្នាក់រៀងខ្លួន កាលពីពេលកន្លងទៅ។

មន្ត្រីអប់រំ​ប្រាប់ឱ្យ​អាណាព្យាបាល​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ ក្រោយ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ លើ​សិស្សានុសិស្ស​និង​គ្រូបង្រៀន​នៅសាលារៀន​ឯកជន​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ។

នាយកវិទ្យាល័យ​ជាស៊ីម​បឹងកេងកង លោក នុត ងួនលី ថ្លែងថា លោកនៅតែ​បារម្ភ​ជានិច្ច​ពី​ហានិភ័យ​នៃ​ការចម្លង​ជំងឺកូវីដ-១៩​ក្នុង​សាលារៀន ខណៈបច្ចុប្បន្ន​មាន​ករណី​ឆ្លង​ជំងឺកូវីដ-១៩​បំប្លែង​ថ្មី​អូមីក្រុង​ក្នុង​សហគមន៍​ទៀត​នោះ។ លោកថា គណៈគ្រប់គ្រង​សាលាបាន​ព្យាយាមណែនាំ ការពារ​សិស្ស ដោយរៀបចំឱ្យមាន​ក្រុម​យុវជន​​ជួយឃ្លាំមើល និង​បំបែកពេល​សិស្សជួបជុំគ្នា​ច្រើន​ក្នុង​សាលា។

លោក នុត ងួនលី ថា អ្វីដែលជា​ក្តីបារម្ភ​របស់​លោក​មួយ​ទៀត គឺទាក់ទង​ការ​ហូបចុក​​រ​បស់​សិស្ស​នៅ​អាហារដ្ឋាន។ យ៉ាងណាលោកថា បាន​ប្រាប់​ឱ្យអ្នកលក់ដូរក្នុងសាលាពង្រីកទីធ្លាលក់ និងដាក់​គម្លាត​កន្លែង​អង្គុយឱ្យឆ្ងាយៗពីគ្នា ហើយមិនអនុញ្ញាតឱ្យផឹកទឹកក្នុងធុង និងកែវរួមគ្នា​ជា​ដើម។

បែបនេះក្តី លោក​នៅតែអះអាង​ចង់ឱ្យ​អាណាព្យាបាល​ចូលរួម​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារដល់​កូនៗ​ជាជាងបណ្តោយឱ្យកូនទិញ​អាហារ​បរិភោគ​​នៅខាងក្រៅ​ដោយ​ខ្លួនឯង។

នាយកវិទ្យាល័យ​ជាស៊ីម​បឹងកេង​កងរូបនេះ​មាន​ប្រសាសន៍​ថា៖ «ជាមួយ​លោក​អាណាព្យាបាល យើង​បាន​ជម្រាបគាត់ទៅ​តាម​តេលេក្រាម ឱ្យគាត់​រៀបចំអាហារ​ហូបចុក អាហារសម្រន់ និងទឹក ដាក់​ឱ្យកូនៗយកមកតាម ជាសវាងកូនៗទៅរួមគ្នាហូបនៅកន្លែងអាហារដ្ឋានច្រើន ធ្វើឱ្យយើងមាន​ហានិភ័យ​ខ្ពស់នៅក្នុងការឆ្លង»

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងថា ក្រសួងអប់រំ កំពុងបន្តចូលរួមជាមួយរដ្ឋាភិបាលដើម្បីបង្ការ គ្រប់គ្រង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។

លោកបន្តថា បវេសនកាលឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តពង្រឹងការរៀន​និង​បង្រៀន​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃវិស័យអប់រំ  ដោយបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅនិងគ្រឹះស្ថានមត្តេយ្យសិក្សា ឱ្យប្រព្រឹត្តទៅជាប្រក្រតីដោយ​បន្ត​អនុវត្ត​គោលការណ៍ប្រតិបត្តិស្តង់ដាចុះថ្ងៃទី០៤ សីហា ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក រស់ សុវាចា ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា តម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តពង្រឹងការអនុវត្តសុវត្ថិភាពសុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២ សម្រាប់ការសិក្សាគឺ ឱ្យមានការរៀនសូត្រជាបន្តប្រកបដោយគុណភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩»

សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ កញ្ញា លី ធីតា ប្រាប់ថា កញ្ញាត្រូវទៅសាលាទាំងក្តីបារម្ភពីហានិភ័យ​នៃការឆ្លង​វីរុស​បំប្លែងថ្មី «អូមីក្រុង»។ យ៉ាងណា កញ្ញាថាពុំមានជម្រើសទេ តែត្រូវទៅរៀនដោយ​ការប្រុងប្រយ័ត្នបំផុត។

យុវសិស្សរូបនេះថា៖ «ខ្ញុំគិតថា សាលាគួរតែបំបែកក្រុមជា ២ ដូចពេលមុននោះបង។ មួយក្រុមរៀននៅផ្ទះ មួយក្រុមទៀតរៀនអនឡាញ អញ្ចឹងទៅគាត់អាចកាត់បន្ថយអ្នកមកសាលារៀនបានច្រើនណាបង។ មួយអាទិត្យឆ្លាស់គ្នាម្តង ព្រោះពេលមុនខ្ញុំក៏រៀនអញ្ចឹងដែរបង បើគេអត់ចង់បិទសាលា មានតែធ្វើអញ្ចឹង ដើម្បីកុំឱ្យសិស្សទៅជុំគ្នាច្រើនពេកបង។ បើបិទសាលាទៀត មានតែរៀន​អនឡាញ​ទាំង​អស់​គ្នា​ដដែល​ណាបង»

អាណាព្យាបាលសិស្សមួយអង្គនៃសាលាបឋមសិក្សាចតុមុខ ព្រះតេជគុណ ភោគ គឹង មានសង្ឃដីការ​ថា ព្រះអង្គគោរពគោលការណ៍​ដែល​មន្ត្រីអប់​រំ​ចង់ឱ្យអាណាព្យាបាលពង្រឹង​សុវត្ថិភាព​អាហារ​សម្រាប់កូនៗ។ យ៉ាងណាព្រះតេជគុណថា អាណាព្យាបាលអាចនឹងមាន​ផលលំបាក​ខ្លះ​ដែរ ពោលគឺត្រូវដាំបាយធ្វើម្ហូប​ឱ្យទាន់ពេលវេលាដើម្បីដាក់បាយកញ្ចក់ឱ្យកូនយកទៅសាលារៀន។

ព្រះតេជគុណមានសង្ឃដីការថា៖ «ប្រសិនជាគ្រប់គ្រងមួយថ្នាក់ៗ គឺកុំឱ្យសិស្សនឹងឆ្លងទៅរកគ្នា។ ដូចថ្នាក់ទី៥ «ក» អញ្ចឹង គឺនៅតែក្នុង​ថ្នាក់​ «ក», ថ្នាក់ «ខ» នៅតែ «ខ», «គ» នៅតែ «គ», «ឃ» នៅតែ «ឃ» អញ្ចឹងទៅ។ ហើយគ្រូត្រូវទទួលខុសត្រូវទៅ​លើសិស្សនៅក្នុង​ថ្នាក់​នីមួយៗ បើធ្វើអញ្ចឹង អាត្មាមានភាពកក់ក្តៅៗជាជាងសិស្សជួបជុំគ្នា»

កាលពីថ្ងៃទី១១ ខែមករា មានការរកឃើញគ្រូបង្រៀនម្នាក់ និងសិស្សសាលា៨នាក់ នៅក្នុងសាលារៀនឯកជនមួយនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុង។ បន្ទាប់ពីរកឃើញឆ្លងនេះ សាលាក៏បានសម្រេចឱ្យគ្រូនិងសិស្សសម្រាកព្យាបាល និង រៀន-បង្រៀន តាមអនឡាញរហូតដល់ជាសះស្បើយ។ ហើយថ្នាក់ដែលសិស្សមាន​វិជ្ជមានទាំងអស់​ត្រូវប្តូរមករៀន​តាម​ប្រព័ន្ធអេឡិចត្រូនិក​វិញក្នុងរយៈពេល២សប្តាហ៍។

គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ  កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២០ ៧៧៣ នាក់ ក្នុងនោះ ករណីនាំចូល ២០ ១៣៩ នាក់ ខណៈស្លាប់ចំនួន ៣ ០១៥ នាក់ និងអ្នកជំងឺជាសះស្បើយសរុប ១១៧ ០៨៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ