Update៖ រដ្ឋាភិបាល​សម្រេច​ដាក់ថ្ងៃ​២៩ធ្នូ «ទិវានយោបាយឈ្នះ ឈ្នះ» ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ជា​ផ្លូវការ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរមុខលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។ (ក្រសួងការពារជាតិ)

រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលថ្ងៃទី២៩ ខែធ្នូ «ទិវានយោបាយឈ្នះ​ឈ្នះ» ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំរបស់កម្ពុជា ខណៈ​អ្នកឃ្លាំ​មើល​​ស្ថានការណ៍​​នយោបាយ​នៅ​កម្ពុជាយល់​ថា កម្ពុជា​បាន​បញ្ចប់សង្គ្រាមប្រដាប់អាវុធក៏ពិតមែន ក៏ប៉ុន្តែជម្លោះនយោបាយនៅតែបន្ត​កើត​មាន​នៅ​ឡើយ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានថ្លែងនៅថ្ងៃអង្គារនេះ​ថា បើ​និយាយ​ពី​សង្គ្រាម​ប្រដាប់​អាវុធ​ គឺកម្ពុជាមិន​មាន​​ទៀតទេ ក៏ប៉ុន្តែសង្គ្រាម​ផ្លូវ​ចិត្ត និង​សង្គ្រាម​នយោបាយ​នៅតែបន្តកើតមាន។

បើតាមអ្នកឃ្លាំមើលរូបនេះយល់ថា រដ្ឋាភិបាល​គួរតែ​ធ្វើយ៉ាងណា​ធានាឱ្យមាន​ការបើកលំហរ​​ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយគ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេសគ្រប់គណបក្សនយោបាយ ឬអ្នកដែលមាននិន្នាការនយោ​បាយ​ផ្សេងៗ​គ្នា អាចធ្វើនយោបាយ ឬធ្វើសកម្មភាព​នយោបាយ​ដោយសេរី ដោយគ្មានការចាប់ចង គ្មានការបំភិតបំភ័យ ឬមានការញុះញង់ ការចោទប្រកាន់ណាមួយ ដែលខុសពីច្បាប់រដ្ឋធម្មនុញ្ញ ឬច្បាប់ជាតិជាដើម។

លោក សេក សុជាតិ ថ្លែងថា៖ «ការពិតទៅ [ថ្ងៃ២៩ ធ្នូ] វាគ្រាន់តែជារូបភាពនៃការបញ្ចប់សង្គ្រាមស៊ីវិលដែលគ្មានភាគីប្រឆាំងដែល​មានកាំភ្លើង ឬ​អាវុធ ពីគ្រប់ភាគីដែលអាចច្បាំងគ្នា ឬ​ធ្វើឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ អាហ្នឹងគឺជាអ្វីដែលយើងមើលឃើញ ក៏ប៉ុន្តែ​ចំពោះសង្គ្រាមផ្លូវចិត្ត ឬក៏សង្គ្រាមផ្នែកនយោបាយ គឺវានៅតែបន្តមានរហូត ហើយវាមិនទាន់បានបញ្ចប់នៅឡើយទេ ហើយយើងសង្កេត​ឃើញថា បញ្ហានេះ វាមិនមែនបង្ហាញពីសមិទ្ធផលរួមថាវាមានគ្រប់យ៉ាងនោះទេ ពាក់ព័ន្ធនឹងរឿងដែលយើងមើលឃើញនោះទេ»

ទោះយ៉ាងណាក្តី អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជារូបនេះ នៅតែយល់ថា ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ នៅតែសំខាន់ ត្បិតជាថ្ងៃ​ស្ថាបនិក​សន្តិភាពនៅកម្ពុជា។

លោកថា៖ «ក៏ប៉ុន្តែអ្វីដែលសំខាន់គឺយើងនៅតែឃើញថា ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃកំណើតនៃសន្តិភាព ឬការបង្រួបបង្រួមជាតិ​របស់​ខ្មែរ​ដដែល ទោះបីជាគេមិនរំលឹកក៏ដោយ ក៏ប៉ុន្តែវានៅតែជាបិតា ឬក៏ស្ថាបនិកនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ ហើយថ្ងៃ២៩ ខែធ្នូ ដែលប្រមុខរដ្ឋាភិបាលសម្រេចដាក់ហ្នឹង វាគ្រាន់តែផលដែលទទួលបានតាមរយៈ២៣ តុលា ឆ្នាំ១៩៩១ឯណោះទេ»

យោងតាមសារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែមករា ប៉ុន្តែទើបផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១៨ ខែមករានេះថា រដ្ឋាភិបាល​បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈឯកជនទាំងអស់ ត្រូវកំណត់យកទិវា «នយោបាយឈ្នះ ឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២នេះតទៅ។​

សារាចរណែនាំក៏បានបង្គាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្តទាំងនោះ ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយ​ឈ្នះឈ្នះនេះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ​ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ​នយោបាយ​ឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!» ជាដើម។

បើតាមសារាចររដ្ឋាភិបាលដដែល​ ការកំណត់យកទិវា «នយោបាយឈ្នះឈ្នះ» ទៅក្នុងប្រតិ​ទិន​ប្រចាំឆ្នាំ​នេះ គឺជាការដឹងគុណ កតញ្ញូ និងការ​ចងចាំ​ចំពោះគុណបំណាច់របស់រដ្ឋាភិបាល​ដែល​បានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចាត់ទុក​ទិវានយោ​បាយ​ឈ្នះ​ឈ្នះនេះ​ថា ជាមោទនភា​ពដែលកម្ពុជា​ខ្លួនឯង មានសមត្ថភាពក្នុងការបញ្ចប់​សង្គ្រាមស៊ីវិល។ លោកបន្ត​ថា កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស បានបរាជ័យដោយសារភាគីខ្មែរ​ក្រហមមិនយល់ព្រមចូលរួម​បោះ​ឆ្នោត ដែលធ្វើឱ្យទឹកដីខ្មែរមួយផ្នែក ត្រូវបានគ្រប់​គ្រង​ដោយ​ពួក​ខ្មែរ​ក្រហម។

លោកថា៖ «ហ្នឹងស្រេចតែគេយល់ឃើញ ប៉ុន្តែបងប្អូនខ្មែរដែលនៅចំហៀងខាងណោះ [ខ្មែរក្រហម] ដែលនៅជាមួយខ្មែរក្រហមហ្នឹង គឺគាត់ឱ្យតម្លៃទិវាឈ្នះឈ្នះណាស់ ហើយអ្នកដែលរស់នៅជាប់ហ្នឹងតំបន់ខ្មែរក្រហមហើយប្រជាពលរដ្ឋខ្មែរឱ្យតម្លៃហ្នឹង រីឯអ្នកដែល​មាននិន្នាការនយោបាយ មិនដែលឱ្យតម្លៃអ្វីដល់វឌ្ឍនភាព ឬមោទនភាពរបស់ខ្មែរទេ គឺឱ្យតម្លៃទៅលើបរទេស»

ការសម្រេចដាក់បញ្ចូលថ្ងៃទី២៩ ខែធ្នូ «ទិវានយោបាយឈ្នះ​ឈ្នះ» ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានស្នើកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យដាក់បញ្ចូលទិវានយោបាយឈ្នះឈ្នះនេះ នៅក្នុងប្រតិទិនចាប់​ពីឆ្នាំ២០២២ ដោយមិនឈប់សម្រាក។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការដាក់បញ្ចូលទិវា​នយោបាយឈ្នះឈ្នះទៅក្នុងប្រតិទិន គឺសម្រាប់អបអរជ័យជម្នះដែលកម្ពុជាបានបិទបញ្ចប់សង្គ្រាមទាំងស្រុង ហើយបន្តការអភិវឌ្ឍដល់ពេលបច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ