មន្ត្រី​សង្គមស៊ីវិល​បារម្ភ​ពី​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​នៅ​ខេត្តកែប

សកម្មភាពចាក់ដីបំពេញពង្រីកឆ្នេរនៅមុខសាលាខេត្តកែប។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

មន្ត្រីសង្គមស៊ីវិល​ផ្នែក​បរិស្ថាន និងសិទ្ធិមនុស្ស បារម្ភពីផលប៉ះពាល់​នៃគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេររបស់​អាជ្ញាធរ​​នៅ​ខេត្ត​កែប ដោយថា​ គម្រោងអភិវឌ្ឍន៍នេះហាក់​មិន​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ឱ្យប្រជាពលរដ្ឋ​បានដឹងជាមុនឡើយ។

ការលើកឡើងនេះ ក្រោយពេលរដ្ឋបាលខេត្តកែបឱ្យដឹងពីសកម្មភាពកាយភ្នំមួយកន្លែង យកដីយកថ្មចាក់ចូលឆ្នេរសមុទ្រ ដើម្បីអភិវឌ្ឍពង្រីកឆ្នេរប្រវែង២ ៧០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូប្រចាំខេត្តកំពត និងកែប លោក ប៉ែន វុទ្ធា មាន​ប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍​ឆ្នេរសមុទ្រនៅខេត្តកែបនេះ ខាង​អាជ្ញាធរ​ហាក់​មិន​បាន​ផ្សព្វ​ផ្សាយ​ឱ្យទូលំទូលាយ​ដល់ប្រជា​ពលរដ្ឋនៅមូលដ្ឋាន​ឱ្យ​បាន​​ដឹងច្បាស់​​​ពី​​ផលប៉ះពាល់បរិស្ថាន និងសង្គមទេ។ បញ្ហា​នេះ លោក​បារម្ភ​​ពីការ​បាត់​បង់​ផល​ប្រយោជន៍របស់​​ប្រជា​ពលរដ្ឋនិង​សាធារណៈទៅវិញ។

លោក ប៉ែន វុទ្ធា​ បន្ត​ថា រូប​លោក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ មិនជំទាស់នឹងការអភិវឌ្ឍ​របស់​អាជ្ញាធរ​នោះ​​ទេ ប៉ុន្តែពួកគេក៏ចង់ដឹងពីព័ត៌មានច្បាស់លាស់ និង​ការចូលមតិយោបល់ជុំវិញគម្រោងអភិវឌ្ឍន៍នេះដែរ ដើម្បី​ឱ្យប្រាកដថា ការអភិវឌ្ឍនោះ​មិនប៉ះពាល់ផលប្រយោជន៍របស់ពួកគេ និង​សាធារណៈ។

លោកបន្ថែមថា៖ «អាជ្ញាធរគួរតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយមុននឹងធ្វើការអភិវឌ្ឍ​ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានដែលនៅខាងលើគម្រោងអភិវឌ្ឍន៍ហ្នឹង​ ពីព្រោះយើងដឹងហើយថា ប្រជាពលរដ្ឋដែលរស់នៅជាប់មាត់សមុទ្រ គឺគាត់រស់នៅពឹងផ្អែកលើរបរនេសាទ អ៊ីចឹង​ហើយ​នៅពេលដែលអភិវឌ្ឍមិន​បាន​ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពួកគាត់ទេ ដូចជា​ ការចាក់ដីដើម្បីពង្រីកឆ្នេរជាដើមហ្នឹង វាធ្វើឱ្យប៉ះពាល់ទៅដល់ធនធានសមុទ្រ​ ដែលធ្វើឱ្យពួកគេពិបាកក្នុងការនេសាទជាដើមហ្នឹង»

ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និងតស៊ូមតិ​នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គីម​ហុង មាន​​​ប្រសាសន៍​ថា ប្រសិនបើគម្រោងអភិវឌ្ឍន៍ឆ្នេរនេះមិនត្រូវបានសិក្សា​ឱ្យបានច្បាស់លាស់ទេ លោកបារម្ភពីផលប៉ះពាល់​បរិស្ថាន ជីវចម្រុះបាតស​មុទ្រ ធនធាន​មច្ឆជាតិ និងការអភិវឌ្ឍ​មិនមានតម្លាភាព ជាដើម។

លោក​បន្តថា ការអភិវឌ្ឍ​មួយប្រកបដោយតម្លាភាព គឺរដ្ឋនិងក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិ​អភិវឌ្ឍន៍នោះ ត្រូវ​សិក្សាផលប៉ះពាល់បរិស្ថាននិងសង្គមជាមុន ហើយការវាយតម្លៃផលប៉ះពាល់នេះត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន​តែម្តង។

លោកបន្ថែមថា៖ «ដើម្បីធានាថា ការអភិវឌ្ឍមួយប្រាកដជាចំណេញទៅដល់គ្រប់ភាគី ទាំងក្រុមហ៊ុន ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋ ទាំងសហគមន៍មូលដ្ឋានទៅបាន លុះត្រាណាមានការចូលរួមជជែកពិភាក្សាគ្នាជាមុន ហើយមួយទៀតនោះក៏ត្រូវបានការផ្ដល់ទីតាំង ឬកន្លែងគ្រប់​គ្រាន់ស​ម្រាប់អ្នក​ដែលគាត់ធ្លាប់អាស្រ័យផលនៅទីនោះ។ មិនមែនការអភិវឌ្ឍ​ទាល់តែមានការភ្ញាក់ផ្អើលហើយទើបមានការពន្យល់ ឬមាន​ការបកស្រាយជាក្រោយនោះទេ ការធ្វើបែបនេះ វាមិនមែនជាការអភិវឌ្ឍប្រកបដោយតម្លាភាពនោះទេ»

ទោះបីជាយ៉ាងនេះក្ដី អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ មានប្រសាសន៍​ថា គម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រកែប​នេះ ខាង​អាជ្ញាធរបានផ្សព្វផ្សាយច្រើន​ទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោក​បានទទួល​ស្គាល់ថា គម្រោងនេះពិតជាបានប៉ះពាល់ដល់ក្បាលដីប្រជាពលរដ្ឋមួយចំ​នួន ប៉ុន្តែពលរដ្ឋទាំងនោះបានគាំទ្រគម្រោង​នេះ ក្រោយ​ពី​មានការសម្របសម្រួលដោះស្រាយពីអាជ្ញាធរ​។

អភិបាលខេត្តរូ​ប​នេះអះអាង​ថា ការអភិវឌ្ឍតំបន់ឆ្នេរនេះជាគម្រោងរបស់រដ្ឋាភិបាលដែលអនុវត្តដោយ​គណៈ​កម្មាធិការជាតិ​គ្រប់គ្រង និងអភិវឌ្ឍន៍​តំបន់សមុទ្រ​កម្ពុជា ដោយ​បាន​សិក្សាពីផលប៉ះពាល់បរិស្ថាននិងសង្គម​ច្បាស់​លាស់។

លោក សោម ពិសិដ្ឋ បន្ថែមថា ការអភិវឌ្ឍតំបន់ឆ្នេរនេះ វានឹងផ្ដល់ប្រយោជន៍បន្ថែមទៀត​សម្រាប់វិស័យទេស​ចរណ៍នៅខេត្ត​កែប ផ្ដល់​ចំណូលបន្ថែមសម្រាប់ថ្នាក់ខេត្តនិងថ្នាក់ជាតិផងដែរ តាម​រយៈ​ទទួល​បាន​កម្រៃពី​វិស័យទេសចរណ៍។

លោកបន្ថែម​ថា៖ «ធម្មតាគម្រោងនិងសមិទ្ធផលមួយៗ គឺយើងគិតអំពីតម្លៃ គោលដៅ គោលបំណង ចក្ខុវិស័យដែលវិជ្ជមានដែលមានប្រយោជន៍ចំពោះប្រទេសជាតិ។ អ៊ីចឹង​​ប្រវែង​២ ៧០០ម៉ែត្រនេះ វាពិតជាមានសារៈសំខាន់ចំពោះភ្ញៀវជាតិនិងអន្តរជាតិដែលមកសម្រាក​លំហែ​កម្សាន្តនៅ​ខេត្តកែប។ មួយទៀត តែភ្ញៀវទេសចរ​ជាតិអន្តរជាតិមកលេង គឺចំណូលបានមកប្រជាជននៅក្នុងសហគមន៍ អ៊ីចឹង​ផល​ប្រយោជន៍​វាមិនមែន​​ត្រឹមតែថ្នាក់ខេត្តទេ វាបានផ្ដល់ដល់កម្រិតប្រទេសកម្ពុជាយើងទាំងមូល ដែលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតទៅ​លើឆ្នេរដែលសួនច្បារ និងមានការចាក់ខ្សាច់ស្តង់ដារ»

បើតាម​លោក សោម ពិសិដ្ឋ ខេត្តកែប​មាន​ប្រវែងឆ្នេរសរុបជាង២៦គីឡូម៉ែត្រ​ ក្នុងនោះ ឆ្នេរដែលអាច​លេងកម្សាន្តឬងូតទឹក​បាន​ មានប្រវែង​ជាង៣០០ម៉ែត្រប៉ុណ្ណោះ។ បញ្ហានេះហើយ លោកថា ទើបរដ្ឋបាលខេត្តខិតខំ​អភិវឌ្ឍ​កែច្នៃ​ឆ្នេរបន្ថែម​ទៀត​នោះ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍​តំប​ន់សមុទ្រ​កម្ពុជា បានចេញ​សេចក្ដីសម្រេច​មួយ​ឱ្យរដ្ឋបាលខេត្តកែបចាក់ដីពង្រីកឆ្នេរប្រវែង២ ៧០០ម៉ែត្រ ក្នុងនោះមាន​ឆ្នេរ​ខ្សាច់កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង​៣០ម៉ែត្រ និង​សួនច្បារ​តាម​ចំណី​ឆ្នេរសមុទ្រ​មាន​ទទឹង៥០ម៉ែត្រ ស្ថិតនៅ​ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ