សង្គមស៊ីវិលទាមទារអាជ្ញាធររដ្ឋ «ចាត់វិធានការច្បាប់ម៉ឺងម៉ាត់» លើជនមានអំណាចដែលប្រើហិង្សានិងបៀតបៀនលើស្ត្រី

សាលាខេត្តកែប។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

សង្គមស៊ីវិលដែលធ្វើការលើការការពារ និងលើកកម្ពស់ស្ត្រី ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ទៅលើជនមានអំណាចដែលប្រើហិង្សានិងបៀតបៀនលើស្ត្រី ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងលើកកម្ពស់ការអនុវត្តច្បាប់ ខណៈមើលឃើញថា បើរឿងរ៉ាវបញ្ចប់ទៅវិញដោយត្រឹមតែបញ្ចប់មុខតំណែងជនប្រព្រឹត្ត ឬសម្របសម្រួលក្រៅប្រព័ន្ធច្បាប់ គឺងាយនឹងធ្វើឱ្យករណីហិង្សាទាំងនេះកើតទៅលើស្ត្រីបន្តទៀត​ ហើយក៏បង្ហាញពីវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជាផងដែរ។

ការទាមទារនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន តាមរយៈអនុក្រឹត្យចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ក្រោយមានការផ្សព្វផ្សាយពីការប្រើអំពើហិង្សាលើស្រ្តីជាមន្ត្រីសាខាពន្ធដារ និងបៀតបៀនលើស្រ្តី​ម្នាក់ទៀតក្នុងពិធីជប់លៀងនៃការឡើងកាន់តំណែងរបស់ប្រធានមន្ទីរបរិស្ថានខេត្តនេះកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

នាយិកាអង្គការក្លាហាន កញ្ញា បុណ្យ រចនា លើកឡើងថា ការដកតំណែងនេះគឺជារឿងត្រឹមត្រូវហើយ ខណៈនេះជាចំណាត់ការរដ្ឋបាល និងជាជំហានដំបូងដែលត្រូវអនុវត្ត។ យ៉ាងណា កញ្ញាថា ​រឿងនេះមិនទាន់ចប់ត្រឹមចំណាត់ការរដ្ឋបាលទេ ព្រោះករណីនេះជាបទល្មើសជាក់ស្តែង ដូច្នេះតំណាងអយ្យការអាចកសាងសំណុំរឿងដើម្បីដំណើរការនីតិវិធីព្រហ្មទណ្ឌ ដើម្បីដាក់ទោសលើជនប្រព្រឹត្ត និងទាមទាររកយុត្តិធម៌ឱ្យជនរងគ្រោះ។

ក្នុងនោះ កញ្ញាថា តំណាងអយ្យការ ឬនគរបាលយុត្តិធម៌ គឺជាដើមបណ្ដឹង បើទោះស្ត្រីរងគ្រោះទាំង២នាក់មិនដាក់ពាក្យប្តឹងក៏ដោយ។

កញ្ញាបន្តថា បើករណីនេះបញ្ចប់ដោយគ្មានចំណាត់ការផ្នែកព្រហ្មទណ្ឌ វានឹងបង្ហាញថា កម្ពុជាអនុវត្តច្បាប់ស្តង់ដារខុសគ្នារវាងពលរដ្ឋធម្មតា និងបុគ្គលមានតួនាទី-មានអំណាច។

កញ្ញាបន្តថា៖ «វានឹងបង្ហាញពីការអនុវត្តច្បាប់នៅស្រុកយើង ២ [ឬ] ៣ ស្តង់ដារខុសគ្នាអ៊ីចឹងទៅ! ប្រសិនបើករណីជាប្រជាពលរដ្ឋទន់ខ្សោយ ឬក៏ក្រីក្រ នៅពេលដែលមានបទល្មើសជាក់ស្តែងអ៊ីចឹង ប្រាកដជាត្រូវមានការអនុវត្តច្បាប់តឹងរ៉ឹង មានបទល្មើសព្រហ្មទណ្ឌ មានបណ្ដឹងរដ្ឋប្បវេណីអីផ្សេងៗ។ ដោយឡែក ពេលដែលមន្ត្រីមានឋានន្តរស័ក្តិ មានមុខមាត់ [បែរជា]អត់ដំណើរការរឿងក្តី។ អ៊ីចឹងសំណួរចោទសួរថា តើស្តង់ដារអនុវត្តច្បាប់នៅស្រុកយើង វាមានបទដ្ឋានរបៀបម៉េច? ឬក៏អ្នកក្រមានបទដ្ឋានច្បាប់ផ្សេង អ្នកមានៗបទដ្ឋានច្បាប់ផ្សេង? អាហ្នឹងជាសំណួរដែលរាជរដ្ឋាភិបាលគាត់ត្រូវឆ្លើយ ប្រសិនបើមិនមានការដំណើរការក្តីហ្នឹង»

កញ្ញា បុណ្យ រចនា បន្តថា ក្រៅពីនោះ វាក៏បង្ហាញនូវគំរូអាក្រក់ និងកម្សោយនូវនីតិវិធីផ្លូវច្បាប់ ដែលជនមានអំណាចអាចនឹងបន្តប្រព្រឹត្តអំពើបែបនេះទៀតនាពេលក្រោយ ខណៈពួកគេមិនញញើតច្បាប់ ព្រោះបុគ្គលមានមុខមាត់មិនប្រឈមទោសទណ្ឌ និងប្រព័ន្ធតុលាការទេ ដោយគ្រាន់តែបាត់តំណែងប៉ុណ្ណោះ។ កញ្ញាថា បែបនេះ វប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ នៅតែបន្តកើតឡើង ភាពអសន្តិសុខសង្គមនៅតែមាន ស្ត្រីនៅតែរស់នៅក្នុងសង្គមប្រកបដោយភាពភ័យខ្លាច។

ក្នុងនាមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការការពារ និងលើកកម្ពស់ស្ត្រី កញ្ញាមើលឃើញថា អំពើហិង្សា​ និងការបៀតបៀនផ្លូវភេទស្ត្រី ជាបញ្ហារបស់សង្គម មិនមែនជាបញ្ហារបស់ជនរងគ្រោះតែម្នាក់ឯងទេ ខណៈផលប៉ះពាល់មានទំហំធំណាស់ ដែលទាមទារឱ្យមានចំណាត់ការផ្លូវច្បាប់ដោយម៉ឺងម៉ាត់ ទើបអាចលុបបំបាត់វាបាន។ កញ្ញាថា ដើម្បីបញ្ឈប់ការបៀតបៀននិងអំពើហិង្សាលើស្ត្រីបាន វាទាល់តែមានការផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។

​ករណីនេះ អង្គការក្លាហាន ទទូចឱ្យរដ្ឋាភិបាលមានចំណាត់ការច្បាស់លាស់បន្ថែមលើវិធានការរដ្ឋបាល។

យ៉ាងណា កញ្ញា បុណ្យ រចនា និយាយថា កន្លងមក មានករណីប្រព្រឹត្តស្រដៀងគ្នានេះជាច្រើន ដែលជនប្រព្រឹត្តជាអ្នកមានអំណាច។ ក្នុងនោះ អ្នកប្រព្រឹត្តខ្លះរងចំណាត់ការផ្លូវច្បាប់ ខ្លះគ្មានរងចំណាត់ការ និងករណីខ្លះមានចំណាត់ការដែរតែប្រើពេលវេលាយ៉ាងយូរ ដែលជនរងគ្រោះមិនបានទទួលបានយុត្តិធម៌ទាន់ពេលវេលា ជាដើម។

កញ្ញាបានលើកឧទាហរណ៍ ដូចជា ករណីអតីតស្នងការរងខេត្តកំពង់ធំ លោក អ៊ុក កុសល បានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ភេទ ទៅលើមន្ត្រីនគរបាលជាស្ត្រីនៃស្នងការដ្ឋាននគរបាលខេត្ត, អតីតឧកញ៉ា ឌួង ឆាយ ប្រើហិង្សាលើអតីតភរិយា និងក្រុមអ្នកមានឥទ្ធិពលមួយចំនួនទៀតដែលមិនត្រូវបានដោះស្រាយតាមនីតិវិធីតុលាការច្បាស់លាស់ ពោលគឺសាធារណជនគ្រាន់តែទទួលព័ត៌មានថាមានការដោះស្រាយនៅក្រៅប្រព័ន្ធ និងចាត់វិធានការរដ្ឋបាលមួយចំនួនទៅលើពួកគេ ខណៈពុំសូវមានការផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយពីរឿងនេះ។

កញ្ញា បុណ្យ រចនា និយាយថា«ដូចស្រដៀងគ្នាហ្នឹងដែរ គឺមានការចាត់នូវវិធានការរដ្ឋបាលហ្នឹងដែរ។ ទី១ គឺករណីអតីតស្នងការរងខេត្តកំពង់ធំ, ករណីអតីតឧកញ៉ា ឌួង ឆាយ ហើយនិងមានឧកញ៉ាមួយរូបទៀតដែលខ្ញុំអត់បានចាំឈ្មោះ ហើយក៏មានអ្នកមានឥទិ្ធពលមួយចំនួនទៀតដែរ ហើយយើងឃើញថារឿងហ្នឹងមិនត្រូវបានដោះស្រាយដោយនីតិវិធីតុលាការច្បាស់លាស់ទេ។ យើងគ្រាន់តែដឹងថាមានការដោះស្រាយតាមក្រៅប្រព័ន្ធតុលាការ ហើយនិងការចាត់វិធានការរដ្ឋបាលមួយចំនួន។ អ៊ីចឹង កន្លែងនេះយើងពិបាកនៅក្នុងការនិយាយឱ្យវាជាក់លាក់ថាមានការដោះស្រាយកម្រិតណា! ដោយសារតែលទ្ធភាពទទួលបានព័ត៌មានរបស់យើងមានកម្រិតដែរ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ ឬក៏រាជរដ្ឋាភិបាលហ្នឹង មិនបានផ្សព្វផ្សាយព័ត៌មានហ្នឹងឱ្យបានដឹងឮជាសាធារណៈ»

អភិបាលរងខេត្តកែប​ អ្នកស្រី អ៊ុល ភីរុណ បដិសេធឆ្លើយតបនឹងសំណួររបស់វីអូឌី ដោយប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅអ្នកនាំពាក្យរដ្ឋបាលខេត្តវិញ។

អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក អ៊ឹម បញ្ញារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា សមត្ថកិច្ចជំនាញកំពុងសិក្សាលើករណីនេះ ខណៈលោកនៅមិនទាន់ទទួលបានព័ត៌មានបន្ថែមទាក់ទិននីតិវិធីបន្តនៅឡើយ។

បើទោះជាយ៉ាងនេះក្តី លោកថា សម្រាប់ការងាររដ្ឋបាល ការដកតំណែងបែបនេះគឺជាវិធានការធ្ងន់ធ្ងរហើយ។

លោកថា៖ «អ៊ីចឹងគឺខាងមន្ត្រីជំនាញ គាត់កំពុងតែពិនិត្យសិក្សាហើយ ហើយខ្ញុំក៏មិនទាន់បានព័ត៌មានអីផ្សេងពីហ្នឹងផ្តល់មកខាងខ្ញុំដែរ។ [] សម្រាប់ការងាររដ្ឋបាល វិធានការដែលធ្ងន់ធ្ងរហើយ រដ្ឋាភិបាលបានដកតំណែង។ អ៊ីចឹងគឺទុកនីតិវិធីបន្តនៅលើសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តនីតិវិធីតាមច្បាប់ និងតាមពាក្យបណ្ដឹងទៅតាមនីតិវិធី»

អ្នកនាំពាក្យរដ្ឋបាលខេត្តកែបរូបនេះ អះអាងថា នេះជាលើកទី១ហើយសម្រាប់ខេត្តកែប ដែលមន្ត្រីថ្នាក់ដឹកនាំរបស់ខេត្តប្រព្រឹត្តការបៀតបៀន និងអំពើហិង្សាបែបនេះ។ 

សារព័ត៌មានស្និទ្ធរដ្ឋាភិបាល Fresh News បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ និងស្រ្តីរងអំពើហិង្សាឈ្មោះ ខូវ ហ៊ុយឡាំង បានទៅចូលរួមកម្មវិធីពិសារអាហារសាមគ្គីអបអរសាទរការចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្ត។

ក្រោយមក លោក ភូ លិ បានថើបក្បាលនារីម្នាក់ជាសាច់ញាតិរបស់​អ្នកស្រី ខូវ ហ៊ុយឡាំង និងបានយកកែវគប់ទៅលើអ្នកស្រី ហ៊ុយឡាំង ថែមទៀតផង។

ប្រភពបន្តថា ក្រោយពេលកើតហេតុហិង្សានិងការបៀតបៀននេះ លោក ភូ លិ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឡើយ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយ ជុំវិញវិធានការច្បាប់លើអភិបាលរងខេត្តកែប លោក ភូ លិ ក្រៅតែពីការដកតំណែងនោះ។

នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មើលឃើញថា កន្លងមកសំណុំរឿងហិង្សាលើស្ត្រី មានករណីតិចតួចណាស់ដែលជនប្រព្រឹត្តជាអ្នកមានអំណាចបានប្រឈមតាមផ្លូវច្បាប់ ដូចជាបញ្ជូនទៅតុលាការជាដើមនោះ។

លោកស្រីថា ក្នុងនោះមានករណីជនរងគ្រោះមិនហ៊ានប្តឹងផ្តល់តទល់ជាមួយជនមានអំណាច រីឯករណីខ្លះទៀត មន្ត្រីមានសមត្ថកិច្ចមិនបានរុញសំណុំរឿងទៅតាមនីតិវិធី ដូចជាករណីអតីតស្នងការរងខេត្តកំពង់ធំជាដើម។ លោកស្រីថា ករណីខ្លះ ក្រសួងបានស៊ើបអង្កេត ហើយពិតជារកឃើញថាមានការរំលោភបំពានលើស្រ្តីមែន ប៉ុន្តែក្រសួងបានត្រឹមតែចាត់វិធានការរដ្ឋបាល និងមិនចាត់វិធានការច្បាប់នោះទេ ក្រោមហេតុផលថា ដើម្បីរក្សាភាពថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រី ព្រោះស្ត្រីរងភាពអាម៉ាស់គ្រប់គ្រាន់ហើយ ខណៈលោកស្រីចាត់ទុកថា ការលើកបែបនេះជារឿងមិនត្រឹមត្រូវ ដែលធ្វើឱ្យស្ត្រីកាន់តែរងគ្រោះ ឯជនបង្កមិនបានប្រឈមមុខផ្លូវច្បាប់។

លោកស្រី ចក់ សុភាព ថា៖ «ប្រទេសយើងមានច្បាប់ត្រឹមត្រូវ យើងមានវិធានច្បាស់លាស់ អ៊ីចឹងស្ថាប័នមានសមត្ថកិច្ចនោះ ត្រូវដើរតួសំខាន់ណាស់ក្នុងការរុញឱ្យមានការអនុវត្តច្បាប់ ជាជាងការដែលយើងនាំគ្នាត្រឹមតែបញ្ចប់តាមវិធានរដ្ឋបាល។ ជាពិសេស នៅពេលករណីពាក់ព័ន្ធនឹងមន្ត្រីមានអំណាច ដែលយើងត្រូវដើរតួជាគំរូសម្រាប់ពលរដ្ឋដទៃបានឃើញ ជាជាងការដែលយើងធ្វើការងារគ្រាន់តែបញ្ចប់តាមវិធានរដ្ឋបាលទៅ ហើយធ្វើឱ្យសាធារណជនមើលឃើញ [ហើយយល់]ថា ករណីដែលពាក់ព័ន្ធនឹងហិង្សាទៅលើស្ត្រី យ៉ាងច្រើនបញ្ចប់ត្រឹមហ្នឹង គ្មានអីទេ។ អ៊ីចឹងវាជាសារដ៏អាក្រក់មែនទែនសម្រាប់សាធារណជន»

មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញឱ្យមានការដោះស្រាយដោយស្មើភាពចំពោះមុខច្បាប់ បើមិនដូច្នេះទេ ជនរងគ្រោះនឹងភ័យខ្លាចនូវការសងសឹក ឬរងការបៀតបៀនកាន់តែខ្លាំង ខណៈជនល្មើសប្រឈមត្រឹមវិធានរដ្ឋបាល មិនប្រឈមផ្លូវច្បាប់។ រីឯសាធារណជននឹងមើលស្រាលអំពើហិង្សាលើស្ត្រី ដោយយល់ថា រឿងនេះមិនធ្ងន់ធ្ងរទេ ហើយមានទោសពៃរ៍តិចតួច។

ក្រមព្រហ្មទណ្ឌមាត្រា២១៧ ដែលចែងអំពីការប្រព្រឹត្តអំពើហិង្សាដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ៦លានរៀល។ ចំណែកមាត្រា២១៩ ដែលនិយាយអំពីស្ថានទម្ងន់ទោសបានចែងថា ត្រូវបានផ្តន្ទាទោសពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ករណីអំពើហិង្សានោះទៅលើបុគ្គលទន់ខ្សោយពិសេសដូចជានារីភេទ ស្ត្រីមានគភ៌ អ្នកមានជំងឺ និងមនុស្សពិការភាព ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ