CWC អំពាវនាវ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​និង​សង្គម ខណៈ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ-១៩ «អូមីក្រុង»

មណ្ឌលអប់រំកែប្រែទី២ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (CWC) បានអំពាវនាវឱ្យតុលាការនិងរដ្ឋាភិបាលកម្ពុជាដោះលែង​អ្នក​ទោស​នយោ​បាយនិង​សកម្មជន​សង្គម ខណៈ​ខ្លួន​មាន​​ការ​​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺកូវីដ​-១៩ ប្រភេទ​ថ្មី «អូមីក្រុង» ចូលទៅក្នុងពន្ធនាគារ។

តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃ​ទី១៩ ខែមករា ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើង​ថា ពួកគេព្រួយបារម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងពន្ធនាគារព្រៃស និង​ពន្ធនាគារនានានៅទូទាំងប្រទេស ដោយមិនបានប្រតិបត្តិត្រឹមត្រូវ​តាមវិធានសុខាភិបាល។ សេចក្ដីថ្លែងការណ៍ដដែលបាន​លើកឡើង​មូល​ហេតុថា ​ដោយ​សារ​តែ​នៅ​ក្នុង​បន្ទប់ពន្ធនាគារ​នីមួយៗ​មាន​ផ្ទុក​មនុស្ស​ច្រើន​ជាង២០​នាក់ ដែល​ជា​កត្តា​ងាយ​រង​គ្រោះបំ​ផុត ប្រសិន​បើ​មេរោគ​អូមី​ក្រុងឆ្លង​ចូលទៅក្នុងពន្ធនាគារជាយថាហេតុណាមួយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់ក្រសួងសុខាភិបាល និងមន្ត្រីពន្ធនាគារ យកចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​សុខភាពតាមវិធានសុខាភិបាលជូនដល់អ្នកដែលកំពុងជាប់ឃុំនៅក្នុង​ពន្ធនាគារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ​អូមីក្រុង។ បន្ថែមលើនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បាន​អំពាវនាវ​ដល់​តុលា​ការនិង​រដ្ឋាភិបាល​កម្ពុជាឱ្យទម្លាក់​ចោលការចោទប្រកាន់នានា ហើយត្រូវផ្ដល់យុត្តិធម៌ និងដោះ​លែង​ក្រុម​សកម្មជន​សង្គម សកម្មជននយោបាយ និងអ្នកទោសមនសិការឱ្យមានសេរីភាព​ឡើង​វិញ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ​ គោលការណ៍ច្បាប់ និងសេចក្ដីប្រកាសជាសកល​ស្ដីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

ជាងនេះទៀត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានកត់សម្គាល់ថា សកម្មជនសង្គម នយោបាយ និងអ្នកទោសមនសិការភាគច្រើនត្រូវបានឃុំខ្លួនលើសនីតិវិធីកំណត់ (លើស១៨ខែ) ដោយ​គ្មាន​ការ​ជំនុំជម្រះ​ត្រឹម​ត្រូវ និងមិនបានទទួលយុត្តិធម៌។

តាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កម្ពុជា នៅមានអ្នកទោសនយោបាយ សង្គម និងដីធ្លី ប្រមាណជា៦០​នាក់ទៀតដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ