បុគ្គលិក​បម្រើ​ការ​នៅ​ណាហ្គាវើលដ៍​អស់​រយៈពេល​២៦​ឆ្នាំ​មួយ​រូប​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ដោយ​អយុត្តិធម៌

លោកស្រី សោម សុផា ដែលធ្វើការនៅណាហ្គាវើលរយៈពេល ២៦ឆ្នាំ កាន់ឆ័ត្រ និងរូបថតលោក ឈឹម ស៊ីថា ប្រធានសហជីពដែលកំពុងជាប់ឃុំក្នុងបាតុកម្មកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (កញ្ញា គៀត សូរិទ្ធធាវី/VOD)

លោក​ស្រី​ សោម​ សុផា បាន​ផ្លាស់​មករស់នៅទីក្រុង​ភ្នំពេញ ដោយបានចាប់​ផ្តើមមុខរបរ​ជាអ្នកលក់​សាំង​នៅតាមដង​ផ្លូវដើម្បីផ្គត់ផ្គង់ជីវភាព​គ្រួសារ។ ត្រឡប់ទៅកាន់ឆ្នាំ១៩៩៥ មុខរបរមួយនេះហាក់មានការប្រកួតប្រជែងខ្លាំង ខណៈដែលមនុស្សជាច្រើនព្យាយាមបង្កើតអាជីពនេះឡើងតាមរយៈការបើកតូបតូចៗនៅក្នុងទីក្រុង។

នៅពេលមួយដែលមិត្តម្នាក់របស់លោក​ស្រី បានណែនាំប្រាប់លោក​ស្រីថាមានកាស៊ីណូនៅលើកប៉ាល់ទេសចរណ៍ធំមួយដែលផ្ដល់ការងារធ្វើ លោកស្រីក៏បានសម្រេចរៀបចំប្រវត្តិរូបសង្ខេបរបស់លោកស្រីហើយដាក់ទៅកាន់ក្រុមហ៊ុននោះ។

លោកស្រីក៏ត្រូវបានក្រុមហ៊ុនទាក់ទងទៅសម្ភាសន៍ ក្នុងថ្ងៃតែមួយដែលលោកស្រីបានដាក់ឯកសារ ប្រវត្តិរូប ខណៈ​ក្រុមហ៊ុនប្រាប់ថាលោកស្រីអាចចាប់ផ្តើមការងារជាអ្នកអនាម័យក្នុងកាស៊ីណូដែលស្ថិតនៅលើទន្លេនាពេលនោះ បាននៅថ្ងៃបន្ទាប់ដោយទទួលបានប្រាក់បៀវត្សរ៍ចំនួន ៨០ ដុល្លារ​ក្នុងមួយខែ។

លោក​ស្រី​ សោម​ សុផា នៅតែអាចចងចាំបាននូវរូបភាពកម្រាលព្រំក្រហមដែលក្រាលចេញពីកប៉ាល់ណាហ្គាវើលដ៍កម្ពស់៦ជាន់ ដែលចតក្បែរស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារ ក៏ដូចជាអារម្មណ៍ក្នុងការស្វាគមន៍ភ្ញៀវដែលបានមកដល់។

លោកស្រីក៏អាចចងចាំផងដែរ ក្នុងពេលមួយដែល​កប៉ាល់ល្បែងមួយនេះ​​ដាច់​ខ្សែ​កាប ដែល​ធ្វើ​ឱ្យ​ដាច់​ស្ពាន​ឆ្លង​ទៅកាន់​កប៉ាល់​ ហើយនៅពេលនោះ លោកស្រី​ត្រូវ​ជិះ​កាណូត​ឆ្លង​ទឹក​ទៅកាន់​កប៉ាល់​ហើយ​តោង​ខ្សែ​ឡើងកប៉ាល់​ដើម្បីធ្វើការ។​

ស្ថិតក្នុងវ័យ៤៨ឆ្នាំបច្ចុប្បន្ន លោក​ស្រី​ សោម​ សុផា គឺជាមនុស្សម្នាក់ដែលបានឆ្លងកាត់ដំណាក់កាលរីកចម្រើនរបស់ក្រុមហ៊ុនដែលអភិវឌ្ឍន៍ដំបូងឡើយចេញពីកប៉ាល់ទេសចរណ៍មួយទៅកាន់អគារកាស៊ីណូណាហ្គាវើលដ៏ធំ។

ទាក់ទងនឹងករណីក្រុមហ៊ុនបញ្ឈប់លោកស្រីចេញពីការងារកាលពីខែឧសភា ឆ្នាំមុន ដោយអះអាងថាដោយសារតែជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ លោក​ស្រី​ សោម​ សុផា ថ្លែងថាលោកស្រីពុំដែលមានបញ្ហាអ្វីជាមួយក្រុមហ៊ុននោះទេ ខណៈ​លោកស្រីបច្ចុប្បន្នមានការខកចិត្តដែលក្រុមហ៊ុនមិនបានគោរពលោកស្រីក្នុងនាមជាបុគ្គលិកមួយរូបដែលបម្រើការអស់រយៈពេល ២៦ឆ្នាំ។

លោក​ស្រី​ សោម​ សុផា បានឱ្យដឹងទៀតថា គាត់សប្បាយចិត្តក្នុងការធ្វើការឱ្យក្រុមហ៊ុន ដោយនៅពេលដែល​ចាប់ផ្តើមធ្វើការឱ្យណាហ្គាវើលដ៍ អ្នកគ្រប់គ្រងបានផ្តល់ការងារមួយឱ្យលោកស្រីជាមួយនឹងប្រាក់ចំណូលកម្រិតមធ្យម ដែលគ្រប់គ្រាន់សម្រាប់លោកស្រីក្នុងការចំណាយសម្រាប់ប្តី កូនពីរនាក់ និងបន្ទប់ជួលនៅភ្នំពេញ។

លោកស្រីបន្តថា ខ្លួនក៏ទទួលបានការទទួលស្គាល់សម្រាប់ការងារដែលលោកស្រីធ្វើផងដែរ ដោយ​ក្នុងនោះ ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗរបស់លោកស្រីបានកើនឡើង ហើយក្នុងឆ្នាំ ២០១៥ ដែលជាឆ្នាំទី ២០ ជាមួយក្រុមហ៊ុន លោកស្រីក៏ត្រូវបានក្រុមហ៊ុនផ្ដល់ឱកាសឱ្យទៅទស្សនាអចលនទ្រព្យផ្សេងទៀតរបស់លោក Chen Lip Keong ដែលជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនណាហ្កាវើលដ៍នៅប្រទេសម៉ាឡេស៊ី។

បន្ទាប់មកទៀត លោកស្រីក៏ទទួលបានការធ្វើដំណើរមួយផ្សេងទៀតទៅកាន់ប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន បូករួមទាំងវិញ្ញាបនបត្រ និងពានរង្វាន់សម្រាប់ការបំពេញការងាររយៈពេលពីរទសវត្សរ៍របស់ខ្លួនផងដែរ។

ទោះជាយ៉ាងណា លោក​ស្រី​ក៏បានជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្តូរពីកប៉ាល់ទៅកាន់អគារថ្មីនៅលើដងមហាវិថីព្រះសីហនុ។

ក្នុងការរក​ប្រាក់​ចំណូលបន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់ដល់គ្រួសារ លោក​ស្រី​ សោម​ សុផា ថ្លែងថា«​ខ្ញុំ​ត្រូវ​រើសសម្បកកំប៉ុងដើម្បី​លក់​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។ ប្រាក់ខែរបស់ខ្ញុំមានការកើនឡើងបន្តិចបន្តួចតែប៉ុណ្ណោះ»។

លោកស្រីបន្តថា បុគ្គលិកផ្នែកចែកបៀរទាំងឡាយអាចរកចំណូលបានច្រើនជាងការងាររបស់លោកស្រី បើទោះបីជាលោកស្រីជាបុគ្គលិកដែលបម្រើការនៅក្រុមហ៊ុនអស់រយៈពេលជាង ២០ឆ្នាំក៏ដោយ។

លោកស្រីបន្ថែមថា៖ «ខ្ញុំបានធ្វើការនៅទីនោះអស់រយៈពេលជាយូរមកហើយ ដែលធ្វើឱ្យខ្ញុំ​អាច​ដឹងពី​រឿងរ៉ាវ​ជា​ច្រើន​នៅ​ក្នុង​កាស៊ីណូ​។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនដែលប្រឈមមុខនឹងការរំលោភបំពាន ឬបញ្ហាណាមួយជាមួយអតិថិជននោះទេ។ ប៉ុន្តែបុគ្គលិកមួយចំនួន ជាពិសេសផ្នែកចែកបៀរ គឺពួកគេបានប្រឈមនឹងរឿងដ៏អាក្រក់បែបនេះជាច្រើន។ មានពេលខ្លះ អតិថិជន​បាន​ជះ​ទឹក​ដាក់​មុខ​ពួក​គេ ​ស្រែក​ដាក់​ពួក​គេ ហើយថែមទាំង​គប់​សន្លឹក​បៀ​រចំ​មុខ​ពួក​គេទៀតផង។ ពេលខ្លះ ​ខ្ញុំ​ក៏ឃើញ​ពួកគេយំផងដែរ»

លោក​ស្រី​ សោម​ សុផា បានឱ្យដឹងទៀតថា លោកស្រី​បាន​ចូល​រួម​ជាមួយ​សហជីព​ក្នុង​នាម​ជា​សមាជិកមួយរូប ដោយសារតែលោកស្រីមើល​ឃើញ​ពី​ភាព​ប្រសើរ​ឡើងនានា​នៅ​ពេល​ដែលសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារបុគ្គលិកកម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) ធ្វើសកម្មភាពផ្សេងៗដោយក្នុងនោះកម្មករ​មាន​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍ និង​អត្ថប្រយោជន៍នានា​កាន់​តែ​ប្រសើរ។

នៅពេលដែលកាស៊ីណូផ្អាកប្រតិបត្តិការមុនពេលបិទខ្ទប់កាលពីខែមីនា ឆ្នាំមុន បុគ្គលិក​ណាហ្គាវើលដ៍រូបនេះថា ខ្លួនមិនត្រូវបានក្រុមហ៊ុនផ្អាកពីការងារនោះទេ ដោយសារតែអ្នកគ្រប់គ្រងចង់រក្សាអនាម័យនៅក្នុងទីតាំងអគារ។ ប៉ុន្តែ ក្នុងរយៈពេលពីរខែបន្ទាប់មក ក្រុមហ៊ុនបានផ្ញើសារមួយដោយជូនជាដំណឹងថា លោកស្រីស្ថិតនៅក្នុងចំណោមបុគ្គលិកចំនួន ១ ៣២៩នាក់ ដែលត្រូវបញ្ឈប់ពីការងារ។

លោកស្រី​ថា​៖ «​នៅពេលដែល​ខ្ញុំ​​ឃើញ​សារ​របស់​ក្រុមហ៊ុននៅពេលនោះ ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង​។ ខ្ញុំមិននឹកស្មានថាក្រុមហ៊ុនបញ្ឈប់ខ្ញុំក្រោមហេតុផលនៃជំងឺរាតត្បាតកូវីដ១៩ នោះទេ។ ខ្ញុំបាន​ធ្វើ​ការ​នៅ​ទី​នោះអស់រយៈពេលជា​យូរមក​ហើយ»

លោក​ស្រី​ សោម​ សុផា បន្តថាបច្ចុប្បន្ន គាត់ពិតជាចង់ចូលធ្វើការឡើងវិញណាស់ ខណៈ​លោកស្រីក៏ចូលរួមជាមួយកម្មករ​ជាង ៣០០នាក់ផ្សេងទៀតក្នុងការស្នើសុំការងាររបស់ពួកគេឡើងវិញនៅណាហ្គាវើលដ៍ ជាជាងការទទួលយកកញ្ចប់សំណងដែលផ្ដល់ជូនដោយក្រុមហ៊ុន។

ស្របពេលស្វាមីលោកស្រីជាសន្តិសុខ ដែលអាចរកចំណូលបានត្រឹមតែ ១១០ដុល្លារក្នុងមួយខែ  ការបាត់បង់ការងារពីណាហ្កាវើលដ៍របស់ស្ត្រីដែលបម្រើការងារនៅក្រុមហ៊ុនល្បែងរយៈពេល ២៦ឆ្នាំរូបនេះ បានក្លាយជាបញ្ហាដ៏ធំសម្រាប់គ្រួសារដែលមានសមាជិកចំនួន ៤នាក់​។

ទាក់ទិននឹងករណីនេះ លោកស្រីក៏​បាន​ព្យាយាមស្វែង​រក​ការងារធ្វើ​នៅ​កន្លែង​ផ្សេងទៀតផងដែរ ប៉ុន្តែការងារដែលលោកស្រី​អាច​ទទួល​បាន គឺមានត្រឹមតែ​ការងារ​បណ្ដោះ​អាសន្នប៉ុណ្ណោះនៅការដ្ឋាន​សំណង់ ដោយលោកស្រីត្រូវដឹក​ជញ្ជូនឥដ្ឋ ហើយ​ធ្វើ​ការពី ៩ ​ទៅ​ ១០​ម៉ោង ក្នុងមួយថ្ងៃ។

ស្ត្រីវ័យកណ្តាលរូបនេះបន្ត​ថា ការ​សម្រេច​ចិត្តរបស់គាត់ក្នុងការចូលរួម​ធ្វើ​កូដកម្ម​ក៏ជាប់ពាក់ព័ន្ធទៅនឹងគោលបំណងក្នុង​ការ​ចង់​ឃើញ​ក្រុមហ៊ុន​គោរព​បុគ្គលិកដែលបម្រើការ​យូរ​ឆ្នាំ​ដូចជារូបលោកស្រីផងដែរ ស្របពេល​លោកស្រីមានការព្រួយបារម្ភ​ពីអាយុរបស់ខ្លួនក្នុងការ​រក​ការងារ​អ្វីផ្សេង​ក្រៅ​ពី​ធ្វើ​សំណង់។

នៅពេលគិតអំពីប្រវត្តិជាមួយណាហ្គាវើលដ៍ និងការបញ្ចប់ពីការងារភ្លាមៗរបស់ខ្លួន លោកស្រីបន្ថែមថា៖ «សម្រាប់ការងារនៅការដ្ឋាន​សំណង់ គឺពិតជាហត់នឿយខ្លាំងណាស់។ ខ្ញុំត្រូវឡើងទៅកាន់ជាន់ទី ២០។ ពេលខ្លះ ខ្ញុំក៏យំពេលកំពុងធ្វើការផងដែរ។ ខ្ញុំមិនដែលនឹកស្មានថាក្រុមហ៊ុនបញ្ឈប់ខ្ញុំបែបនេះឡើយ»។

ស្របពេលដែលកូដកម្មបានអូសបន្លាយ​អស់រយៈពេលជាង​មួយ​ខែ បុគ្គលិកណាហ្គាវើលដ៍ទាំងឡាយនៅតែ​ប្ដេជ្ញាចិត្ត​បន្ត​ធ្វើ​កូដកម្មទៀត បើ​ទោះ​បី​ជា​ពួកគេមួយចំនួនមានការហត់នឿយយ៉ាងណា​ក៏​ដោយ។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍មួយរូបទៀតលោក ពេជ្រ សំណាង ដែលបានបាត់បង់ការងារ​ផងដែរនោះ បានឱ្យដឹងថារូបលោកមិនប្រាកដថាចង់បន្តធ្វើការឱ្យក្រុមហ៊ុន ឬយ៉ាងណានោះទេ ដោយសារតែតូបតូចមួយដែលលោកបានចាប់ផ្តើមបើកនៅផ្ទះរបស់លោកទទួលបានជោគជ័យហើយ។

ទោះជាយ៉ាងណា ​លោក​បាន​បង្ហាញ​ជំហរ​គាំទ្រ​ដល់កូដករទាំងឡាយ ដោយ​ថា​លក្ខខណ្ឌ​ការងារ​នឹង​មិន​មានភាពប្រសើរ​ឡើងនោះ​ទេ ​បើ​គ្មាន​វត្តមាន​សហជីព។

លោក​ថ្លែង​ថា​«​ខ្ញុំបាន​រៀបចំ​ការងារ​លក់ដូរ​នៅតូបរបស់ខ្ញុំនៅ​ពេល​ព្រឹក ហើយ​មកចូលរួម​ធ្វើ​កូដកម្ម​នៅ​ពេល​រសៀល​។ «ខ្ញុំ​ធ្វើសកម្មភាព​នេះ​ដើម្បី​សិទ្ធិ​ការងារ​របស់​ខ្ញុំ ហើយ​វាក៏​ជា​ការ​ចាំបាច់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែល​ចង់​ធ្វើ​ការ​នៅ​ទីនោះផងដែរ»

តាមរយៈការធ្វើកូដកម្ម លោក ពេជ្រ សំណាង កត់​សម្គាល់​ឃើញ​ថា មន្ត្រី​ក្រសួង​ការងារ​តែងតែមានវត្តមាន​ជា​រៀង​រាល់​ថ្ងៃ​ជាមួយនឹងឧបករណ៍​បំពង​សំឡេងក្នុងការស្នើ​សុំ​ឱ្យ​បុគ្គលិក កម្មករ​ចូលតុ​ចរចា។ ទោះជាយ៉ាងណាក៏ដោយ ​កូដករនៅតែប្រកាន់ជំហររបស់ពួកគេក្នុងការ​ទាមទារឱ្យមានការដោះលែងមេដឹកនាំ​សហជីពដែលកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

លោក​បន្ថែមថា បុគ្គលិក កម្មករ​នឹង​មិនផ្លាស់ប្ដូរគំនិតតាមរយៈការផ្សព្វផ្សាយ​របស់​ក្រសួងនោះ​ទេ។

លោកថា៖ «វាគ្មានប្រយោជន៍ឡើយ មិន​ថា​ក្រសួង​ធ្វើ​សកម្មភាពនេះ​យូរ​ប៉ុណ្ណា​ទៀតនោះទេ»។

ជាការជំរុញឱ្យមានការដោះលែងតំណាងសហជីពរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងទាមទារដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនមួយនេះ យុវជន៣នាក់ដែលជា​សមាជិកខ្មែរថាវ​រៈក៏បា​ន​នាំគ្នាកោរសក់ក្បាល និងធ្វើពិធីបែបសាសនា នៅមុខប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​អង្គារកន្លងទៅផងដែរ។

កញ្ញា អេង ម៉ាឡៃ ដែលជាប់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ និងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែវិច្ឆិកាឆ្នាំមុនបានថ្លែងឱ្យដឹងថា ពួកគេធ្វើសកម្មភាពនេះឡើងដើម្បីលើកទឹកចិត្តដល់កូដករទាំងឡាយ និងបួងសួងសុំសេចក្ដីសុខចំពោះមេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករា។

កញ្ញាបន្តថា៖ «ខ្ញុំ​យល់ពីការ​លំបាក​ក្នុងការជាប់ពន្ធនាគារ»

កញ្ញា អេង ម៉ាឡៃ បន្ថែមទៀតថា៖ «យើងកោរសក់ដើម្បី​បង្ហាញដល់​ពួក​គេ​ថា​យើង និង​អ្នក​ដទៃទៀត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយយើងក៏ចង់ដាស់តឿនដល់​ពលរដ្ឋកម្ពុជា​ឱ្យហ៊ា​ន​ចេញ​ជួយ​គ្នា និងក្រោកឈរតវ៉ាប្រឆាំងការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និង​ភាពអយុត្តិធម៌​ផ្សេងៗ​នៅក្នុង​សង្គមផងដែរ»។

កញ្ញា អាត ស្រីណែត ជាអ្នកចូលរួមកូដកម្មមួយរូប និងជាបុគ្គលិកផ្នែកចែកបៀរនៅណាហ្គាវើលដ៍ផងដែរនោះបានថ្លែងថា ខ្លួនបានទទួលការព្រមានចុងក្រោយពីផ្នែកគ្រប់គ្រងក្រុមហ៊ុនចំពោះការបញ្ឈប់ពីការងារ ប្រសិនបើកញ្ញានៅតែបន្តធ្វើកូដកម្មទៀតនោះ។

ទោះជាយ៉ាងណា កញ្ញាបន្ថែមថា៖ «​ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញនោះ​ទេ ​រហូត​ទាល់​តែ​មានការ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​ ហើយ​ផ្ដល់ការងារឱ្យពួកគេឡើង​វិញ។ ខ្ញុំបានធ្វើការនៅទីនោះអស់រយៈពេលប្រាំឆ្នាំមកហើយ។ ដូច្នេះខ្ញុំដឹងថាពួកគេនឹងធ្វើអ្វីប្រសិនបើខ្ញុំត្រឡប់ទៅធ្វើការវិញដោយគ្មានសហជីពនៅទីនោះ»៕

បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ