កម្ពុជា​ថ្កោលទោស​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​មីយ៉ាន់ម៉ា ខណៈ​អ្នកវិភាគ​ថា​ជា​ការ​បរាជ័យ​បទ​ឈប់បាញ់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់នៃរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ក្នុងពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្ដីកង្វល់រួម នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


កម្ពុជាថ្កោល​ទោស​ជាលើកដំបូងពី​ការប៉ះទង្គិចគ្នា​ដោយប្រដាប់អាវុធ​នៅរដ្ឋកាយ៉ាហ៍​ (Kayah State) ក្នុង​ប្រទេសមីយ៉ាន់ម៉ា (ភូមា) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​អ្នកវិភាគយល់ថា ករណីនេះជាការបរាជ័យក្នុងការសម្របសម្រួលឱ្យ​​មាន «​បទ​ឈប់​បាញ់​»

តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅ​រដ្ឋកាយ៉ាហ៍​ (Kayah State) រវាង​យោធានិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។

សេចក្ដីថ្លែងការណ៍ដដែល​បានចាត់ទុកថា អំពើហិង្សាដែលនៅតែបន្តកើតមាននេះកំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដីថ្លែងការណ៍រ​បស់កម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយក​បទ​​ឈប់​​បាញ់ បញ្ចប់នូវរាល់សកម្មភាព​ហិង្សា អនុវត្ត​ការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាង​​ឡើង​វិញ នូវសន្តិភាពនៅក្នុងប្រទេស ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា បានចាត់ទុក​ករណីនេះថា ជាការបរាជ័យក្នុងការសម្របសម្រួលឱ្យ​មានបទឈប់បាញ់នៅភូមា។ លោកបន្ត​ថា ការថ្កោលទោសរបស់កម្ពុជា​យ៉ាង​ដូច្នេះ ក៏បានបង្ហាញពីការមិនពេញចិត្តចំពោះពួកយោធា ដែលកន្លងទៅបានសន្យាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាថានឹងអនុវត្ត​បទ​ឈប់​បាញ់ ប៉ុន្តែការផ្ទុះអាវុធនៅតែកើតឡើង។

លោក វណ្ណ ប៊ុនណា លើកឡើងថា៖ «ក្នុងសេចក្ដីថ្លែងការណ៍របស់កម្ពុជានាពេលនេះ បង្ហាញថា អ្វីដែល​កម្ពុជាសន្យាជាមួយពួកយោធាភូមា​ហ្នឹង​ វាបរាជ័យ ទោះបីមានការសន្យាមែន ប៉ុន្តែពួកយោ​ធា​​មិនមាន​ឆន្ទៈ​ក្នុងការគោរពនោះទេ។ អ៊ីចឹងទេ កម្ពុជាហាក់ដូចជាអន់ចិត្តទៅលើចំណុច​ហ្នឹង ហើយកម្ពុជាមើល​ឃើញ​ថា បើទោះបីជាខ្លួនខិតខំចូលរួមរកដំណោះស្រាយក៏ដោយ ក៏ប៉ុន្តែភាគីភូមាហ្នឹង​ហាក់ដូចជា​សរសេរ​​​​នឹងដៃលុបនឹងជើង។ អ៊ីចឹងហើយធ្វើឱ្យមុខមាត់កម្ពុជាហ្នឹងវាកាន់តែធ្លាក់ចុះ ជាពិសេស​នៅក្នុង​ក្រសែភ្នែកសមាជិកអាស៊ានផងដែរ»

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាមិនបានដឹងទេថាតើក្រុមណា​មួយ​ជាអ្នកបង្កការផ្ទុះអាវុធនោះ។ យ៉ាងណា លោកបង្ហាញសុទិដ្ឋិនិយមថា ការដែលលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺដើម្បីបញ្ចប់ការប្រើហិង្សាដាក់គ្នា ការស្លាប់របស់ប្រជាជនមីយ៉ាន់ម៉ា និង​មិនមែនដើម្បីកាន់ជើងភាគីណាមួយនោះទេ។

លោក ផៃ ស៊ីផាន អះអាងថា៖ «កម្ពុជាថ្កោលទោសនូវអំពើហិង្សានោះ ក៏ប៉ុន្តែកម្ពុជា​មិនទាន់អស់​សង្ឃឹម​ទេ​នៅក្នុង​ការចូលរួម ដើម្បីធ្វើយ៉ាងដូចម្ដេចការពារអាយុជីវិតរបស់ប្រជាជាតិភូមាដែល​ជាមិត្ត។ អាហ្នឹង​ជា​ផលសង្ឃឹមទុករបស់យើង»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្នះរាល់ការរិះគន់នានា ដើម្បីធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយបានអះអាងថា ជាដំណើរទស្សន​កិច្ចដ៏ជោគជ័យ តាមរយៈការសន្យារបស់របបសឹកយោធាភូមាថានឹងអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២។ ប៉ុន្តែផ្ទុយទៅវិញ អំពើហិង្សានិងការប៉ះទង្គិចគ្នាដោយ​ប្រដាប់អាវុធរវាងកងកម្លាំងយោធានិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតនៅតែបន្តកើតមាន។

យោងតាមប្រភពនានាបានចុះផ្សាយថា ការប៉ះទង្គិចគ្នានៅរដ្ឋកាយ៉ាហ៍ (Kayah State) នៃប្រទេសភូមា បានកើតឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ រវាងកងយោធានិងកងកម្លាំងប្រដាប់​អាវុធផ្សេងទៀត ដែលបណ្ដាលឱ្យជនស៊ីវិល៣នាក់​ស្លាប់ ក្នុងនោះមា​ន​ក្មេងម្នាក់​ផងដែរ​។

តាមសេចក្ដីរាយការណ៍ ក្នុងការវាយប្រហារនេះក៏បានបណ្ដាលឱ្យកងយោធារបបសឹកភូមា១៥នាក់​ទៀត​​បានស្លាប់បាត់បង់ជីវិតដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ