អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ដកហូត​ដីព្រៃឈើ​ក្នុង​ដែនជម្រក​សត្វព្រៃ​ឱរ៉ាល់​ជាង​៧០០​ហិកតា

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្អូនៗយុវជនមួយចំនួនចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងអនុវត្តគម្រោង «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅសាលប្រជុំសាលាខេត្ត (អគារ ខ) នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

អភិបាលខេត្ត​កំពង់​ស្ពឺ បានដកហូតដីព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាង៧០០​ហិក​តាមក​ទុក​ជាសម្បត្តិ​រដ្ឋ​វិញ ក្រោយ​ពី​មាន​ការ​ឈូស​ឆាយ​និង​កាប់​ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋដើម្បី​ធ្វើ​កម្ម​សិទ្ធិ។

ក្នុងដីកាស្ដីពីការ​ប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់​គាស់ រុក​រាន ទន្ទ្រាន​យក​ដី​ព្រៃរ​បស់​រដ្ឋ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យ​ដឹង​ថា ដី​នៅទីតាំង​ចំនួន២​កន្លែងដែល​មានទំហំ៧៨៤​ហិកតា ស្ថិត​ក្នុង​ដែនជម្រក​សត្វ​ព្រៃ​ឱរ៉ាល់ ត្រង់​ចំណុច​ភូមិ​ត្រាង និង​ភូមិ​ចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ត្រូវ​ជនខិល​ខូច​ឈូសឆាយ កាប់​គាស់ និង​ទន្ទ្រាន ដើម្បីយកជាកម្មសិទ្ធិ។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរខេត្តសម្រេចដកហូតដីជាង៧០០​ហិកតា​នេះមក​ទុកជាសម្បត្តិរដ្ឋវិញ ប៉ុន្តែទុកសិទ្ធិរយៈពេល៣០ថ្ងៃសម្រាប់ឱ្យអ្នកកាប់ទន្ទ្រាន​​តវ៉ា បើសិនជាពួកគេមិ​​នសុខចិត្ត​ចំពោះ​ការ​ដក​ហូត។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍​បន្ថែម​ថា ដី​ជាង៧០០​ហិកតាដែលបាន​ដកហូត​មក​វិ​ញ​នេះ អាជ្ញាធរមិនទាន់រកឃើញអត្ដសញ្ញាណជ​នខិលខូច​ដែលបានរុករានកាប់ទន្ទ្រាននៅឡើយ ហើយក៏មិនបានដឹងពីការទន្ទ្រានយកតាំងពីពេលណាមកដែរ។ ចំពោះការទុក​រយៈពេលឱ្យតវ៉ា ដោយអាជ្ញាធរយល់​ថា ដីដែលបានឈូសឆាយរុករាននេះ អាចត្រូវបានរដ្ឋាភិបាល​សម្បទាន​ដល់អ្នកទាំងនោះ។

លោកថា៖ «យើងរកអត់ឃើញទេ ជនដែលបានមកប្រព្រឹត្តបទល្មើស​លើដីហ្នឹង ហើយក៏មិនដឹងធ្វើពីពេលណាដែរ ហើយពេលយើងជួបកន្លែងណា យើងចេញដីកាដកហូត​កន្លែងហ្នឹង។ គ្មានឃើញជនណានៅកន្លែងហ្នឹងនោះទេ ពេលយើងទៅ វាដឹង បោលអស់ហើយ។ វាមានទុកសំណល់អីឱ្យយើងចាប់?​ គ្រាន់តែពួកនេះជាពួកជនទុច្ចរិត អ៊ីចឹងជនទុច្ចរិតម៉េចចេញឱ្យយើងចាប់? ​ប៉ុន្តែទោះជាយ៉ាងហ្នឹង ក៏យើងខិតខំស្រាវជ្រាវរកជនដៃដល់និងអ្នកនៅពីក្រោយមកផ្ដន្ទាទោសតាមផ្លូវច្បាប់»

នៅពេលសួរថា តើនៅក្នុងឆ្នាំ២០២១កន្លងមក សមត្ថកិច្ចដកហូតដីបានប៉ុន្មានហិកតា និងចាប់ខ្លួនអ្នកប្រព្រឹត្តបានប៉ុន្មាននាក់? លោក វ៉ី សំណាង នៅមិនទាន់អាចបញ្ជាក់ពីតួលេខបានទេ ខណៈការចាប់ខ្លួនជនប្រព្រឹត្តនោះ អាជ្ញាធរកំពុងស្រាវជ្រាវ។

ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជា មានកំពស់១ ៨១៣ម៉ែត្រ ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ ​និងជាតំបន់​ការពារភ្នំដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលចេញដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៩៣ មានផ្ទៃដី២៥៣ ៧៥០ហិកតា។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺ ថាជាការ​ឆ្លើយដោះ​សារ​តែ​ប៉ុណ្ណោះ ដោយថា​ អាជ្ញាធរ​បានដឹងច្បាស់ចំពោះអត្តសញ្ញាណអ្នកដែលបានរុករានកាប់​ទន្ទ្រានដីក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់នោះ។

បន្ថែមពីនេះ លោកថា បើសិនជាអាជ្ញាធរមិនចាត់វិធានការច្បាប់លើអ្នកប្រព្រឹត្ត ដោយគ្រាន់តែដកហូតដីមកវិញ ទាំងដែលពួកគេបានកាប់ព្រៃឈើអស់ហើយ នោះជាគំរូអាក្រក់មួយសម្រាប់សង្គម អ្នកប្រព្រឹត្តមិនបានជាប់ទោសទណ្ឌ ហើយអ្នកខ្លះបានដីបន្ថែមទៀត។

លោកថា៖ «អ្វីដែលគាត់និយាយគ្រាន់តែជាលេសមួយដើម្បីដោះខ្លួនទេ ​តែតាមពិតអត្តសញ្ញាណ​​​​​ គេដឹងអស់ហើយ ច្បាស់ដូចថ្ងៃអ៊ីចឹង។ ​អ៊ីចឹងយើងទាម​ទារ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ ហើយច្បាប់ហ្នឹង អ្នកណាអ្នកធ្វើ? គឺសមាជិកសភាអ្នកធ្វើ! អ៊ីចឹងអនុវត្តទៅតាមច្បាប់ កុំយកលេស​នេះ យកលេសនោះ ​​ដើម្បីបង្ហាញឱ្យឃើញថា ច្បាប់ពុំមានអានុ​ភាព​​ទៅលើអ្នកមានអំណាច ព្រោះកន្លងមក មានតែប្រជាពលរដ្ឋទេដែលត្រូវផ្ដន្ទាទោស ប៉ុន្តែអ្នកមានអំណាចធំៗស្ងាត់ឈឹង។ អ៊ីចឹងប្រទេសយើងមានការរើសអើង ច្បាប់មួយស្តង់ដារពីរ»

មាត្រា​៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថា ការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយ​ដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ដល់១០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ១៥០លានរៀល និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ។

ចំណែកមាត្រា៦៤ នៃច្បាប់ដដែលនេះ ចែងថា បើមន្ត្រីរដ្ឋបាលការពារ មន្ត្រីអភិរក្សធម្មជាតិ ភ្នាក់ងារអធិការកិច្ច ឬមន្ត្រីបរិស្ថានរូបណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃ​ច្បាប់​នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និងត្រូវចោទប្រកាន់ចំពោះមុខតុលាការ។

មាត្រា​ដដែលថា បើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួក​គេ​ក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ