មន្ត្រី​រដ្ឋាភិបាល៖ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា​

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ អះអាង​ថា ការរំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ២០១៧ ដោយ​សារ​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស ប៉ុន្តែ​ការ​រំលាយ​នេះ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា ឡើយ។

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ ​វីអូឌី​ នៅ​ថ្ងៃសុក្រ​នេះ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាលពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លង​មក មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា ដែល​តុលាការ​កំពុង​ដំណើរការ​បើក​សវនាការ​នា​ពេល​បច្ចុប្បន្ននេះ​ឡើយ។

លោកបញ្ជាក់ថា ទោះបីតុលាការរកឃើញ លោក កឹម សុខា មាន​ទោស ឬមិនមានទោសនោះ ក៏​មិនពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ។ បន្ថែមពីនេះ លោកថា គណបក្សសង្គ្រោះ​ជាតិ មិន​អាច​រស់​ឡើង​​វិញ​​បា​ន​ទេ ដោយសារ​ការ​រំលាយ​នេះ ជាប់​ពាក់​ព័ន្ធ​សកម្ម​ភាពថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ដែល​លោក​ថា បានធ្វើសកម្មភាពល្មើសនឹងច្បាប់។

លោកថា៖ «​អ្នកមិនយល់ថា ការចោទ​ថា កឹម សុខា មិនទាន់មានទោសផង បែរជាទៅរំលាយគណបក្សសង្រ្គោះ​ជាតិ អ៊ីចឹង​គេរំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយសាលដីកាហ្នឹង ​មិ​នទាក់ទង​នឹង​រឿង​លោក កឹម សុខា ហ្នឹង​ទេ គឺសកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល»

ក៏ប៉ុន្តែបើផ្អែកលើកអង្គហេតុ លោក សម រង្ស៊ី លាលែង​​ពី​តំណែង​ប្រធាន​គណបក្ស និង​ពី​សមាជិក​​ភាព​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​នៅ​​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយផ្ទេរតំណែង​ជាប្រធានបក្សឱ្យទៅលោក កឹម សុខា ដែល​ជាអនុប្រធាន។

ក្រោយ​មក​​សមត្ថកិច្ចបានចាប់ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ​កាលពី​យប់​រំលង​អធ្រាត្រចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋា​ន​​រ​បស់លោ​ក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោម​​ការ​​​ចោទ​ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬត្រូវរ៉ូវជាមួយបរទេស​​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល។ បន្ទាប់ពីការចាប់ខ្លួន​​លោក កឹម សុខា បាន​ប្រហែល ២​ខែ តុលាការ​កំពូល​បាន​​​សម្រេច​​រំលាយគណបក្សសង្គ្រោះជាតិ កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៧។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើលសិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​ លោក ​អំ សំអាត មានប្រសាសន៍ថា  បើយោង​តាមសាដីកា​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ២០១៧ បាន​ភ្ជាប់​ករណី កឹម សុខា នឹង​ទៅការ​រំលាយ​បក្ស។ លោក​បន្តថា បើ​សិន​តុលាការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ហើយ ប៉ុន្តែ​តុលាការ​រក​ឃើញ​មិន​ឃើញ​កំហុស​នោះ​ លោក ​កឹម សុខា មាន​សិទ្ធិប្ដឹង​ចំពោះការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​វិញ។

លោកថា៖ «ចាប់​ឯកឧត្ដម កឹម សុខា ហើយ​បាន​រំលាយ​គណបក្ស អ៊ីចឹង​ចាប់​គេ ចោទ​គេ​ហើយ បើសិន​ជារកមិន​ឃើញ បើទម្លាក់​បទ​ចោទ​វា​ទៅមិនរួចទេ។ ​ទៅមិនរួច​ស្មើនឹង​អ្នក​ចាប់ និង​អ្នករំលាយ អ្នក​ដក​កៅ​អី​គេ ​អ្នករំលាយ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ខុស​ទាំង​អស់។ អាហ្នឹង វាទៅអត់រួចទេ វាធ្ងន់ធ្ងរណាស់ អ៊ីចឹងការកាត់វាត្រុវ​តែ​មាន​ហើយ ប៉ុន្តែអាច​លើក​លែង​ទោស​អ៊ីចឹង មិនដឹងទេ»

អ្នកវិភាគនយោបាយ លោក គឹម សុខ បានលើកឡើង​ថា ការ​ដែល​បង្កើត​សេណារីយូ​ថ្មី​របស់ក្រសួង​យុត្តិធម៌ គ្រាន់តែ​ដើម្បី​សម្រួល​ស្ថាន​ការណ៍​ដែល​ជាប់​គាំង​តែប៉ុណ្ណោះ។ ជាងនេះទៀត លោកថា បើសិនរដ្ឋាភិបាល​មិនធ្វើបែបនេះ​ទេ កម្ពុជា​កាន់តែរង​សម្ពាធ​ខ្លាំង​លើ​វិបត្តិ​នយោ​បាយ។ លោកថា នេះជាឆាកល្ខោន ដែលគណបក្សប្រជាជនកម្ពុជា ធ្វើឡើងដោយមិនមានភាពអៀនខ្មាសដែរ បើទោះបីជាគេដឹងថា ការរំលាយគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងលោក កឹម សុខាក្ដី។

លោកថា៖ «គ្មានហេតុផលអ្វីក្រៅពីនិតីមាត់​ទេ គឺ​គេនិយាយដោយ​ភាសារបស់​គេ ហើយ​គេចង់​បាន​យ៉ាង​ណាគេ​និយាយ​អ៊ីចឹង ដោយ​អត់​មាន​ភស្តុ​តាង និងអត់មានអង្គហេតុត្រឹមត្រូវទេ ដូច​គេ​ចោទ​ប្រកាន់​​​លោក កឹម សុខាពី​ដំបូង​ថា ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក ដល់​ប្រតិកម្ម​សហរដ្ឋ​អាមេរិកខ្លាំងពេក ទប់មិនបានក៏បែរជា​ក្រឡះ​សម្ដីថា គេ​មិនបានចោទសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងក្ដីក្ដាំង​លោក កឹម សុខា ទេ ដូច្នេះ​រឿងចុងក្រោយក៏វាដូច្នេះដែរ នៅពេលដែលគេសម្រួលស្ថានការណ៍លោក កឹម សុខា ដោយកម្រិតណាមួយ គេនឹង​បង្កើត​នូវ​ការ​តែង​សេចក្ដី​សម្រាប់សូត្រថា រឿង​លោក កឹម សុខា ដោយឡែក និងរឿងគណបក្សសង្គ្រោះជាតិដោយឡែក»

គណបក្សសង្គ្រោះជាតិ មុនតុលាការកំពូលរំលាយ​ ទទួលបានសំឡេងឆ្នោត​ជាង ៤៣​ភាគ​រយ ប្រហាក់​ប្រហែលនឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះយ៉ាងណា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាម​រយៈ​ស្ថាន​ទូតរបស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា បាន​ចាត់​ទុក​​លោក កឹម សុខា ជាមនុស្សស្អាតស្អំ​ តែត្រូវបានគេចាប់ដាក់ពន្ធនាគារ​ទាំងអយុត្តិធម៌។ មួយវិញទៀត នៅ​ចុងខែ​កញ្ញា ​ឆ្នាំ២០២០ ​​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​ចាត់ទុក​សំណុំ​រឿង​ចោទប្រកាន់​លើ​លោក កឹម សុខា នេះ​ថា «​ជា​រឿង​នយោបាយ ដែលនេះ​ក្លាយទៅជា​គំរូ​អាក្រក់​​មួយ​​ឆ្លុះបញ្ចាំង​​ពី​​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ទៅលើ​គូប្រជែង​នយោបាយ»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ