លោក សម រង្ស៊ី ថាតុលាការ​​បារាំង​​ចេញ​​ដីកា​​ឲ្យ​ចាប់​​ខ្លួន​មេអង្គរក្ស​លោក​ ហ៊ុន សែន តែ​​សាមី​​ខ្លួន​​ថា​ មិន​ខ្វល់​

ព្រឹត្តិការណ៍ក្រោយការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី)

លោក សម រង្ស៊ី សហស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​បាន​អះអាង​ថា តុលាការ​បារាំង​បាន​ចេញ​ដីកា​ឱ្យចាប់ខ្លួន​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ តែ​សាមីខ្លួន​បាន​អះអាង​ថា មិនខ្វល់​ពីការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ​ឡើយ។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ ខែមករា ចំខួប​១៨​ឆ្នាំ​នៃ​ឃាតកម្មលើមេដឹកនាំសហជីពសេរីកម្មករកម្ពុជាលោក ជា វិជ្ជា ថា៖ «ថ្ងៃនេះ យើងប្រារព្ធពិធីរំលឹកខួបទី១៨ នៃការបាញ់សម្លាប់ លោក ជា វិជ្ជា នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០០៤។ លោក ជា វិជ្ជា ជាប្រធានសហជីពកម្មករខ្មែរ ដែលមានប្រជាប្រិយភាព​ខ្ពស់​បំផុត​នៅពេលនោះ។ មកដល់ពេលនេះ អ្នកដែលបានបាញ់សម្លាប់លោក ជា វិជ្ជា នៅតែទទួលបាននិទណ្ឌភាព គឺការរួចផុតពីទោសពៃរ៍ ដូចជា ជនឧក្រិដ្ឋដទៃទៀតជាច្រើនដែលបានបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់នៅកម្ពុជា»

ភ្ជាប់ជាមួយខួប១៨ឆ្នាំនៃឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា ទៅនឹងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះ លោក សម រង្ស៊ី បានលើកឡើងថា  តុលាការទីក្រុងប៉ារីស បានសម្រេចចោទប្រកាន់ លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវពីរនាក់ធំជាងគេ ក្នុងអង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ «សមគំនិត ប៉ុនប៉ងសម្លាប់​មនុស្ស»។

លោក សម រង្ស៊ី បានបន្ថែមថា៖ «តុលាការទីក្រុងប៉ារីស កាលពីថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ពីបទ “សមគំនិត ប៉ុនប៉ងសម្លាប់មនុស្ស” លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវពីរនាក់ធំជាងគេ ក្នុងអង្គភាពអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការ ក៏បានសម្រេចយកបុគ្គលពីរនាក់នេះទៅកាត់ទោសនៅចំពោះមុខតុលាការព្រហ្មទណ្ឌ ដែលផ្តន្ទាទោសឧក្រិដ្ឋជន (Cour d’Assises)។ សេចក្តីប្រកាសរបស់តុលាការបារាំងបានឲ្យដឹងថា តុលាការនេះ បានចេញដីកា​ឲ្យចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ចុះថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០ ហើយដីកាឲ្យចាប់ខ្លួននេះ នៅតែមាន​សុពលភាពដដែល យោងមាត្រា ១៨៦-៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»

វីអូឌី មិនអាចស្វែងរកការបញ្ជាក់បន្ថែមពីលោក សម រង្ស៊ី និងពីតុលាការប្រទេសបារាំងបាននៅឡើយទេ ចំពោះការលើកឡើងរបស់លោក សម រង្ស៊ីនេះ។

ប៉ុន្តែ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា លោកមិនខ្វល់ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី នោះឡើយ។ លោកបានចាត់ទុកការ​ចោទ​ប្រកាន់របស់លោក សម រង្ស៊ី ថា គ្មានមូលដ្ឋានច្បាស់លាស់ ដោយចេះតែដើរចោទប្រកាន់លោកផ្ដេសផ្ដាស។

លោកថា៖ «ដាក់បណ្ដឹងទៅណាទៅមានទើសក្បាលអីខ្ញុំ! ខ្ញុំមិនមានពាក់ព័ន្ធអីនឹងសម រង្ស៊ី ទេ។ ខ្ញុំគ្មានទៅខ្វល់អីនឹងវាទេ ទាក់ទងអីខ្ញុំមិន​ដឹងអីផង ចេះតែចោទខ្ញុំផ្ដេសផ្ដាសម៉េចអ៊ីចឹង ។ វាប្ដឹងបារាំង ចុះខ្ញុំខ្មែរ ម៉េចប្ដឹងបារាំងវិញ។ ខ្ញុំអត់យល់ ប្ដឹងណាប្ដឹងទៅ ខ្ញុំគ្មានទៅខ្វល់អីខ្ញុំទេ វាអត់​មានការពាក់ព័ន្ធអី។ ចោទម៉េចចោទទៅព្រោះខ្ញុំអត់ដឹងអីផង ចេះតែនិយាយបំភ្លើសផ្ដេសផ្ដាស»

យ៉ាងណាក្តី លោក សម រង្ស៊ី បានអះអាងថា លោកបានដាក់ពាក្យបណ្តឹងនេះទៅតុលាការបារាំងក្នុងនាមលោក និងភរិយារបស់លោក គឺលោកស្រី ជូឡុង សូមួរ៉ា មានសញ្ជាតិបារាំង ក្នុងគោលបំណងវែកមុខជនឧក្រិដ្ឋ ដែលបានវាយប្រហារដោយគ្រាប់បែក​មកលើប្រជាពលរដ្ឋ​ស្លូត​ត្រង់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។

លោក សម រង្ស៊ី បានសរសេរថា លោក និងភរិយា គឺជាគោលដៅ នៃការ​វាយប្រហារនោះ ដែលបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១៦ នាក់​ និងអ្នករបួសធ្ងន់ជាង ១០០ នាក់ ក្នុងនោះ មានទាំងលោក ជា វិជ្ជា ផងដែរ ដែលបានចូលរួមជាមួយលោក នៅក្នុងបាតុកម្មមួយ​ដោយ​សន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ