សហភាពអឺរ៉ុប​គ្មាន​គម្រោង​ប្រាប់​ឱ្យ​គ្រួសារ​អ្នក​ការទូត​ចាកចេញ​ពី​អ៊ុយក្រែន​នោះ​ទេ

(ឆ្វេង) ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell និង (ស្ដាំ) នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ក្នុងជំនួបពិភាក្សាមួយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ (ធ្វីតទ័រ៖ Denys Shmyhal)

ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សហភាព​អឺរ៉ុបមិនមានគម្រោងប្រាប់ដល់គ្រួសារអ្នកការទូតរបស់ខ្លួនឱ្យចាកចេញពីអ៊ុយ​ក្រែន​នៅពេលនេះនោះទេ។

ការថ្លែងរបស់ប្រធាន​គោល​នយោបាយ​​ការ​បរទេសរូបនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក​កាល​​​ពីថ្ងៃអាទិត្យ​ម្សិល​មិញ បាន​ប្រកាស​ពី​សកម្មភាព​នេះ ដោយ​ពួក​គេ​លើក​ឡើង​ថា ការ​វាយប្រហារ​យោធា​ពី​សំណាក់​រុស្ស៊ីអាចកើតមានឡើងគ្រប់ពេលទាំងអស់។

ទាក់ទិននឹងករណីនេះ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក Josep Borrell ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «យើងនឹងមិនធ្វើសកម្មភាពដូចគ្នានេះនោះទេ ដោយសារតែយើងគ្មានហេតុផលជាក់លាក់ណាមួយក្នុងការធ្វើវា»។

ប្រធាន​គោល​នយោបាយ​ការ​បរទេសដដែល បន្ថែមថា៖ «ការចរចានានាកំពុងតែបន្ត។ យើងមិនមានហេតុផលណាមួយដើម្បីចាកចេញពីអ៊ុយក្រែននោះទេ»។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ​បាន​ចាប់ផ្ដើមកើនឡើង ខណៈ​រុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចល័ត​​ទ័ពរបស់ខ្លួននៅក្បែរព្រំដែនរបស់ប្រទេសមួយនេះ។

ទោះជាយ៉ាងណា រុស្ស៊ី​កាលពីពេលកន្លងទៅ ធ្លាប់បានបដិសេធ​គម្រោងរៀបចំ​ការ​វាយ​ប្រហារ​ណា​មួយ​លើអ៊ុយក្រែន ខណៈដែលពួកគេបានលើកឡើងថា កងទ័ពទាំងឡាយរបស់ពួកគេ គឺមិនបានបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ។

គួរបញ្ជាក់ថា ប្រធាន​គណៈកម្មការ​អឺរ៉ុប កាលពីពេលកន្លងទៅ ក៏ធ្លាប់បានបញ្ជាក់ឱ្យដឹងផងដែរថា សហភាពអឺរ៉ុប​បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មធ្ងន់​ធ្ងរលើប្រទេសរុស្ស៊ី ប្រសិនបើយោធារបស់ប្រទេសមួយនេះឈ្លានពានអ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ