រដ្ឋាភិបាល​ឱ្យ​ពង្រឹង​វិធាន​សុខភាព​អំឡុង​ពិធី​សែនចិន​ជិត​មក​ដល់

អាជីវករផ្សារបឹងកេងកង លក់អីវ៉ាន់ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ (ហង់ សុខហុង)

រដ្ឋាភិបាលរម្លឹកពីវិធានមួយចំនួន ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លង និងផលប៉ះពាល់សុខភាពដែលកើតចេញពីការបរិភោគអាហារនិងគ្រឿង​ស្រវឹង អំឡុងពិធីបុណ្យចូល​ឆ្នាំចិនដែល​នឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តាមរយៈលិខិតចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានក្រើន​រម្លឹក​ឱ្យប្រ​ជាព​លរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​ហានិភ័យ​សុខ​ភាព​ក្នុងពិធីចូលឆ្នាំ​​ចិន និងពិធីបុណ្យ​​ចូលឆ្នាំខ្មែរ ដែល​នឹ​ងចូល​មក​ដល់​ខាង​មុខ។

រដ្ឋមន្ត្រី​រូប​នោះបាន​គូសបញ្ជាក់​ថា ជា​រៀងរាល់​ឆ្នាំ នៅពេ​លដែ​ល​ប្រជាពលរដ្ឋប្រារព្វពិធីបែបនេះ វាជំរុញឱ្យមានការ​ចរាចរ​សត្វ​បក្សីពីតំបន់មួយ​ទៅ​តំបន់​មួយ និងកំណើនមនុស្សសម្រុក​ទៅ​កាន់​ទីផ្សារច្រើន​ រួម​ទាំងការ​ប្រើប្រា​ស់គ្រឿ​ងស្រវឹង​ផង​ដែរ ខណៈកម្ពុជាកំពុងរកឃើញ​មេរោគបំប្លែងថ្មី «អូមីក្រុង» នៅឡើយ។

លោក​ថា៖ «ក្រសួងសុខាភិបាលសូមអំពាវនាវនិងធ្វើការក្រើនរម្លឹកដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវបន្ត​ប្រុង​ប្រយ័ត្ន​ផ្ទាល់​ខ្លួន​ប្រកប​ដោយស្មារតីទទួលខុសត្រូវ ក្នុងការការពារសុខភាពពីការចម្លង​ជំងឺ​កូវីដ-១៩​ ពិសេស​អូមីក្រុង ជំងឺផ្ដាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្ដាល​មកពីការ​ពុលចំណីអាហារឬពុលស្រាស»។ 

ក្រៅពីនេះ ក្រសួងសុខាភិបាលក៏បានបន្តរម្លឹក​ពីវិធានរក្សាគម្លាតសង្គម ពាក់ម៉ាស សម្អាតដៃនឹងអាល់កុល ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩ និង​ប្រាប់​លេខ​ទូរសព្ទ​១១៥ ដើម្បីសុំអន្តរាគមន៍បន្ទាន់ពីក្រសួងផងដែរ។ ពិធីសែនព្រេន ឬចូលឆ្នាំចិន នឹងចូលមកដល់​នៅដើមសប្ដាហ៍ក្រោយ​នៃ​ខែ​កុម្ភៈ ​ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ