ACU ព្រមាន​ប្រើ​សមត្ថកិច្ច​បង្ខំ​ឱ្យ​បុគ្គល​១១រូប​ចូល​បំភ្លឺ​ជុំវិញ​ការក្លែង​បន្លំ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​កោះរ៉ុង

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​នៅ​ក្នុងសន្និសីទ​កាលពីពេលកន្លងទៅ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមានប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំ​​បុគ្គល១១រូបឱ្យចូល​បង្ហាញខ្លួននៅដើមខែក្រោយនេះ ជុំវិញការក្លែងបន្លំនិងប្រើប្រាស់ឯកសារសាធារណៈក្លែង រួមទាំងប្រឆាំងអ្នករាជការសាធារណៈនៅកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងលិខិតកោះហៅចំនួន១១ផ្សេងៗគ្នារបស់អង្គភាពប្រឆាំងអំពើពុករលួយដែលវីអូឌីទទួលបាននៅថ្ងៃ​អង្គារនេះ បានឱ្យដឹងថា កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់​បាន​ចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន១១រូបនោះ​ឱ្យចូលបំភ្លឺកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ម្ដងរួចមកហើយ ប៉ុន្តែពួកគេ​ព្យាយាម​គេច​វេះពី​លំនៅឋាន និងមិនបានទទួលលិខិតកោះហៅ​នោះទេ។

ក្រោយមក ACU បានចេញលិខិតកោះហៅបុគ្គល១១រូបនោះ​ជាថ្មីទៀតឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ជុំវិញអំពើក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង, អំពើសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ និងអំពើប្រឆាំងនឹងអ្នករាជការសាធារណៈមាន​ស្ថាន​ទម្ងន់​ទោស ដោយសារពួកគេបានប្រព្រឹត្តស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បើតាមដីកាកោះ ក្នុងចំណោមបុគ្គលទាំង១១រូបដែល​អង្គភាពប្រឆាំងអំពើពុករលួយ​កោះហៅ​នោះ មាន​០៤​នាក់ត្រូវ​ឆ្លើយបំភ្លឺរឿង​អំពើក្លែងបន្លំឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារ​ណៈក្លែង ម្នាក់ត្រូវឆ្លើយបំភ្លឺអំពើសមគំនិត​ក្នុងការក្លែងបន្លំឯកសារសាធារណៈ និង ៦នាក់ទៀតត្រូវ​ឆ្លើយ​បំភ្លឺអំពើ​ប្រឆាំង​នឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។

ករណីនេះ ACU ព្រមានថា បើសាម៉ីខ្លួន​នៅតែគេចវេះមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទដែល​បាន​កំណត់​ក្នុង​លិខិត​កោះ​ហៅ​នេះ​ទេ អង្គភាពប្រឆាំងអំពើពុករលួយនឹងចេញលិខិតបញ្ជាឱ្យ​ចូល​ខ្លួន ដែល​អនុញ្ញាត​ឱ្យមន្រ្ដីនគរបាលយុត្តិធម៌​ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញ​ខ្លួន​ផង​ដែរ។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង និងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង បានទេ នៅរសៀលថ្ងៃអង្គារនេះ។

ដោយឡែក អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ សុំមិន​បកស្រាយជុំវិញករណីនេះឡើយ។  ​

មាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌចែងថា ការក្លែងបន្លំឯកសារសាធារណៈ ដែលប្រព្រឹត្តនៅក្នុងលិខិត​យថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារ​ដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បី​​ធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោស​ដាក់​ពន្ធនាគារពី៥ឆ្នាំ ទៅ១០​ឆ្នាំ។

មាត្រា២៣០នៃក្រមដដែល​ចែង​ថា បទប្រើប្រាស់ឯកសារសាធារណៈក្លែង ត្រូវផ្ដន្ទាទោស​ដាក់​ពន្ធនាគារពី២​ឆ្នាំ ទៅ៥​ឆ្នាំ និង​ពិន័យ​ជាប្រាក់ពី៤ ០០០ ០០០​រៀល ទៅ១០ ០០០ ០០០​រៀល។

ចំណែកមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌដដែល ចែង​​ថា ស្ថានទម្ងន់ទោសទាក់ទងនឹងការប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកសមគំនិត និងចារីមានអាវុធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១ ០០០ ០០០​រៀល ទៅ២ ០០០ ០០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ