ការ​ខ្វែងគំនិត​លើ​ភស្តុតាង​ដាក់បន្ទុក​រវាង​មេធាវី​ការពារក្ដី​ឱ្យ​លោក កឹម សុខា និង​តំណាង​អយ្យការ

លោក អាង ឧត្ដម មេធាវីការពារក្ដីសំណុំរឿងលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ក្រោយចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងលោក កឹម សុខា​ នៅព្រឹកថ្ងៃអង្គារនេះ​ មាន​​​ភាព​ចម្រូង​​ចម្រាស​​និង​តឹងសរសៃកដាក់គ្នារ​​​វាង​​​សហ​​មេធាវីការពារក្ដីឱ្យជន​ជាប់​ចោទ និងតំណាង​​អយ្យ​​​ការ ​​​លើ​​ភស្តុ​​តាង​ដាក់​​បន្ទុក។

លោក អាង ឧត្ដម សហមេធាវីម្នាក់ក្នុងចំណោមមេធាវី៤រូបដែល​ការពារក្ដីឱ្យ​​លោក កឹម សុខា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​​ក្រោយ​ចេញ​ពីបន្ទប់សវនាការ​ថា ភស្តុ​តាង​ដាក់​បន្ទុក​ប្រឆាំង​​​កូន​​​ក្ដីរបស់​ខ្លួនជា​ភស្តុតាងមួយ​ដែល​តុលាការ​ធ្វើឡើង​ច្រំដែលៗ។​ លោកបន្ត​ថា ក្នុងនាមជាមេធាវី លោក​បាន​ព្យាយាម​ជំទាស់​ដែរ ប៉ុន្តែត្រូវ​តុលាការ​បិទ​សិទ្ធិ​មិន​ឱ្យ​​​​លោក​មាន​ឱកាស​​ក្នុង​​​ការ​​ប្រតិ​កម្មតបទៅ​នឹង​​ភស្តុ​តាង​​ដែល​​តំណាំង​អយ្យការ​​បង្ហាញនៅក្នុងអង្គសវនាការទេ។

លោកបន្តថា៖ «តំណាងអយ្យការបានពន្លយ​ពាក្យ​មួយ ពេលយើង​ជំទាស់​ មេធាវី​​​ជំទាស់ធ្វើអី។ ​​គ្រាន់​តែ​ភស្តុតាង​ប៉ុណ្ណឹង​ វាមិន​មែន​ជា​ភស្តុតាង​ដាក់​បន្ទុក​ទេ។ យើង​ចង់​ឡើង​ឆ្លើយ ​តែ​តុលាការ​មិន​ឱ្យ​ឱកាស​ឆ្លើយ​ទេ។ ខ្ញុំច​ង់​ឆ្លើយថា ​បើតំណាង​អយ្យការ​យល់​ថាភស្តុតាងណាមួយ​មិន​ត្រឹម​ត្រូវ និង​ជា​​​ភស្តុ​​តាង​​​ដាក់​បន្ទុក ដាក់មកធ្វើអី? ដកចេញទៅ! ហើយដកចេញហើយ បើ​សិនភស្តុតាង​​ដាក់បន្ទុក​​លែង​​គ្រប់​​គ្រាន់​ សូមតុលាការលើកឡើងចោទទៅ ព្រោះតំណាងអយ្យការ​ខ្លួ​នឯងឥ​ត​មាន​ភស្តុតាង​គ្រប់​​គ្រាន់ និង​ឥត​ត្រឹម​ត្រូវ​ទៀត»។

ក្រៅពីមេធាវី លោក អាង ឧត្ដម គឺអ្នកស្រី ម៉េង សុភារី លោក ចាន់ ចេន និងលោក ផែង ហេង ដែល​ជាសហមេធាវីការពារក្ដីឱ្យជនជាប់ចោទ លោក កឹម សុខា ក៏ប្រតិកម្មដូចគ្នានេះដែរ ទាក់ទងទៅ​​នឹង​​​ភស្តុ​តាង​ដាក់​បន្ទុកដែលស្នើឡើងដោយតំណាងអយ្យការ​នៅពេលនេះ។

វីអូឌី មិនអាចស្នើសុំការបំភ្លឺបន្ថែម​​បាន​ទេពីអ្នកនាំពាក្យអយ្យការ​អមសាលាដំបូងរាជធានី​​ភ្នំពេញ​​ លោក ប្លង់ សុផល នៅថ្ងៃអង្គារនេះ។

និយាយពី​ស្ថានភាពនៅក្នុងអង្គសវនាការឯណោះវិញ នៅក្នុង​ជុំទី​២ ក្រោយ​ពី​សម្រាក​រយៈ​ពេល១​​៥​​​នាទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោក កូយ សៅ បានបន្តនីតិវិធីដោយផ្ដល់​​ឱកាសឱ្យ​តំ​ណាង​​អយ្យ​ការបានលើកឡើងពីភស្តុតាងដាក់បន្ទុក​ប្រឆាំង​លោក កឹម​ សុខា។

​ទាំង​ភាគី​តំណាង​អយ្យការ និងមេធាវីការពារក្ដីឱ្យជនជាប់ចោទ ចាប់​​ផ្ដើម​ផ្ទុះកំហឹង​​ដាក់គ្នា និង​ឈាន​ទៅ​រក​ការ​ខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងៗ អំពីភស្តុតាង​ដាក់​បន្ទុក ជាខ្សែអាត់វីដេអូ និង​​​បតិ​​ចរិត​ ឬ​សម្រង់សម្ដីដែលត្រូវបានគេកត់ត្រាគ្រប់​ម៉ាត់​គ្រប់​ឃ្លាតាម​​សំ​ឡេង​ដើម​​របស់ជន​​ត្រូវ​​ចោទ នៅ​ក្នុង​​​បន្ទប់​​​ជំនុំ​​​ជម្រះ។

លោក ប្លង់ សុផល តំណាងអយ្យការ​ម្នាក់​ក្នុងចំណោមតំណាងអយ្យការទាំង៣រូបដែលជាដើម​​បណ្ដឹង​​​​​អាជ្ញា​​​ក្នុងរឿងក្ដីព្រហ្មទណ្ឌនេះ បានដាក់ភស្តុតាងរូបភាពជា​​​វីដេអូចំនួន៧វីដេអូ និង​​​បតិ​​ច​រិត​​​​​ចំនួន​៦ ដែលមានភ្ជាប់សកម្មភាព​លោក កឹម សុខា លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង​សកម្ម​ភាពនៃ​​​អំ​​​ពើ​​​បាតុកម្មនៅអំឡុងឆ្នាំ២០១៣ផង។

ភ្លាមៗ​ក្រោយពីតំណាងអយ្យការ​ស្នើឱ្យ​ចាក់​រូបភាព​​ជាវីដេអូដែលជា​​ភស្តុតាង​ដាក់​បន្ទុក​នេះ លោក អាង ឧត្ដម ដែល​​​ជា​​​សហមេធាវីការពារក្ដីឱ្យជនជាប់ចោទ បាន​ឡើងជំ​ទាស់ភ្លាមដែរ ដោយ​សម្អាងហេតុ​ថា ពុំ​គួរណា​​​តំ​​ណាង​​​អយ្យការប្រញាប់ប្រញាល់ធ្វើសេចក្ដីសន្និដ្ឋាន ព្រោះ​តុលាការ​កំពុង​តែ​​​បន្ត​នីតិវិធី​​នៅ​​ឡើយ​។ ប៉ុន្តែទាំងតំណាងអយ្យការ និងក្រុមប្រឹក្សាជំនុំជម្រះ ថ្លែងការពារ​ថា នេះ​​មិន​មែន​​​​​ជា​ការ​ធ្វើ​សេចក្ដីសន្និដ្ឋានទុកជាមុនទេ ពោលគឺជាការពន្យល់​អំពី​សកម្ម​ភាព ដើម្បី​ឱ្យ​អង្គ​សវនា​ការ​​​​យល់​តែ​​ប៉ុណ្ណោះ​​។

មិនយូរប៉ុន្មាន គេសង្កេតឃើញ​ថា ភាពតាន​តឹងនៅក្នុងបន្ទប់សវនាការទាំងមូលបានកើតឡើង ប​ន្ទាប់​​​​​​ពីលោក ចាន់ ចេន ប្រើសំឡេងខ្លាំងៗ និងចាត់ទុកវត្តមានតំណាង​​អយ្យការម្នាក់​​ទៀត​ គឺ​​​លោក ឆាយ ហុង ថាជាតំណាងអយ្យការមិនសូវយល់ពីសំណុំរឿង និងហាក់ដូចទើបតែចូលរួម​​នៅក្នុង​​ស​វ​​​នា​​​ការ​​នេះ​ជាលើកដំបូង​​។ ភ្លាមៗ លោក ឆាយ ហុង បានឡើងជំទាស់ដោយ​ប្រើសំឡេង​​ធ្ងន់ៗនិង​​ឮ​​​ខ្លាំង​តប​​ទៅ​​វិញ ដោយចាត់ទុកក្រុមសហមេធាវីការពារក្ដីឱ្យជនជាប់ចោទថា «ចិត្តជាទេវទត្ត តែ​​មាត់ជាទេវតា»។

បើទោះជាលោក កូយ សៅ យល់ឃើញថា ការបកស្រាយអម​​ជា​​មួយ​​រូបភាព​​វីដេអូរបស់​តំណាង​អយ្យ​ការ​ថា​មិន​មែន​ជា​សេចក្ដីសន្និដ្ឋាន ប៉ុន្តែ​​ដើម្បី​សម្រួលស្ថានភាពក្នុងសវនាការ​​ ប្រធាន​​ក្រុម​​ប្រឹក្សា​​​​​ជំនុំ​ជម្រះហាក់​​ឯកភាពទៅនឹង​ការជំទាស់​របស់​​​​​សហមេធាវីការពារក្ដីឱ្យជនជាប់​ចោទ និង​បាន​​​ប្រាប់​ទៅតំ​ណាង​អយ្យការធ្វើយ៉ាងណាកុំ​​ឱ្យ​​ចូល​​ទៅក្នុងសេចក្ដីសន្និដ្ឋាន។

បើទោះជាបែបណា សវនាការដែលប្រើពេលប្រមាណជាង៤ម៉ោង នៅព្រឹកថ្ងៃទី២៥ ខែមករា​ នេះ​​​​ជាលើកទី១ហើយដែលគេសង្កេតឃើញ សហមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីបន្តអង្គុយ​​ស្ងៀម​ស្ងាត់មិនតបតសូម្បីមួយម៉ាត់ រហូតបិទបញ្ចប់សវនាការ។

នៅក្នុងបន្ទប់សវនាការលើកទី២៨នេះដែរ គេសង្កេតឃើញមានតំណាងអង្គទូតមក​​ពីបណ្ដា​​​ប្រ​ទេស​​​ជឿនលឿនមួយចំនួនចូលរួ​មអង្កេតការណ៍ ​​ដូច​​ជា សហរដ្ឋ​​អាមេ​រិក បារាំង អាល្លឺម៉ង់ សហ​​ភា​​ព​​​​​​​អឺរ៉ុប ជប៉ុន អូស្រ្តាលី និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​។    

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែលបានចូល​​​រួម​​​ស្ដាប់​​​សវនាការដោយផ្ទាល់ ក៏ឯកភាពដែរថា ភស្តុតាងដាក់បន្ទុកដែលស្នើឡើងដោយ​​តំណាង​​អយ្យ​​​​​ការនៅពេលនេះ ហាក់មានភាពស្មុគស្មាញ​ និងមិនមាន​អ្វី​ជឿន​លឿន​ទេ។

លោកបន្តថា៖ «ការដេញដោលដាក់ភស្តុតាងហ្នឹងហាក់ដូចជាវិលចុះវិលឡើងដែរ បើតាមខ្ញុំតាម​​ដាន​កន្លងទៅ។ ការដាក់វីដេអូថ្មីៗបន្តបន្ទាប់មកទៀតនេះ ហើយក៏មិនដូចជា​វីដេអូ​​ដែល​ធ្លាប់​ចាក់​មុន​ៗ​​​មក​​​ដែរ»។

លោក កឹម សុខា ដែលចូលរួមស្ដាប់សវនាការដោយផ្ទាល់នៅថ្ងៃនេះ អង្គុយនៅក្នុងរង្វង់ក្រចកសេះ ក្នុងឯក​​ស​ណ្ឋាន​​អាវធំពណ៌ខ្លាញ់ក្ដាម។ ប្រធានគណបក្សសង្រ្គោះជាតិ​ដែលត្រូវបានតុលាការ​​កំ​​ពូល​​​រំលាយ​រូប​នេះ ត្រូវបានតុលាការ​រៀបចំតុ​៤ជ្រុង​តូច​មួយ​នៅ​​ពី​មុខ​​របស់​​​លោក​​​ ក្នុង​បរិវេណ​រង្វង់​ក្រចក​សេះ​នោះ។ មន្រ្តីឆ្មាំ​ប្រចាំតុលាការបញ្ជាក់ថា ការរៀបចំ​​តុដ៏​​កម្រ​​សម្រាប់​​​​​លោក កឹម សុខា នេះ គឺដើម្បី​បង្ក​​ភាពងាយស្រួល សម្រាប់លោក កឹម សុខា ដាក់​​ឯក​សារ​​របស់​​​លោកប៉ុណ្ណោះ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ សម្រេចលើកពេលបន្តសវនាការ​ក្នុងរឿងក្ដីព្រហ្ម​​ទណ្ឌ​​​នេះ ទៅព្រឹកថ្ងៃទី​២ ខែកុម្ភៈ​ បន្ត​ទៀត។ ប៉ុន្តែ​សេចក្ដីសម្រេចរបស់ប្រធាន​​ក្រុមប្រឹក្សា​​ជំនុំ​​ជម្រះ​​នេះ ក៏បានបង្កើតឱ្យមានការខ្វែងគំនិតបន្តទៀតនៅចុងម៉ោងនៃការបិទបញ្ចប់សវនាការ។

ក្រុម​សហមេធាវីការពារក្ដីឱ្យជនជាប់ចោទ លោក កឹម សុខា បានស្នើជាថ្មីទៀតថា តុលាការគួរ​​បន្ត​​ពន្លឿន​​​នីតិវិធីនេះឱ្យបានច្រើនថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្តែត្រូវបានជំទាស់ភ្លាមដែរពីតំណាង​​អយ្យ​​ការ​​​ លោក ប្លង់ សុផល ដោយចាត់ទុកថា នេះមិនមែនជារឿងក្ដីប្រភេទចោរកម្មទេ វាជា​​​សំ​​ណុំ​​​រឿង​​ដែលប៉ះពាល់ដល់ទៅសន្តិសុខជាតិ ដូច្នេះ គ្រប់ភស្តុតាងត្រូវតែលើកមកសួរដេញដោលគ្រប់នីតិ​​វិធី​​​​នៃ​​ការជំនុំជម្រះ។ ជាថ្មីម្ដងទៀត តំណាងអយ្យការបាន​ព្រលយពាក្យថា ប្រសិនបើចង់បញ្ចប់រឿងក្ដីនេះឱ្យឆាប់ ជន​​ជាប់​​​ចោទត្រូវសារភាពថាខ្លួនបានប្រព្រឹត្តកំហុស ប៉ុន្តែ​​ស​​ហ​​មេធាវីការពារក្ដីរបស់លោក កឹម សុខា នៅតែអះអាងថា កូនក្ដី​របស់​ខ្លួនមិនបានប្រព្រឹត្តបទ​​ល្មើ​ស​​​​ដូចការចោទប្រកាន់នេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ