ប្រជាសហគមន៍​ថា​មន្ត្រី​ជំនាញ​នៅ​តែ​ហាម​ឃាត់​មិន​ឱ្យ​ចូល​ល្បាត​តំបន់​ព្រៃឡង់

អាជ្ញាធរ​ខេត្តកំពង់ធំ រារាំង​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ពី​ការ​ចូល​តំបន់​ការពារ​ដើម្បី​ធ្វើពិធី​បំបួស​ដើមឈើ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី២១ ខែកុម្ភៈ​ឆ្នាំ២០២០។ (អង្គការលី​កាដូ​)

ប្រជាសហគមន៍មួយចំនួន​នៅ​ខេត្តជុំវិញ​តំបន់​ព្រៃ​ឡង់​លើក​ឡើងស្រដៀង​គ្នាថា អាជ្ញាធរ និងមន្ត្រីជំនាញនៅតែបន្តបំបិទសិទ្ធិសេរីភាពរបស់ពួកគាត់ ដោយពួកគេមិនអនុញ្ញាតឱ្យចូលរួមការពារព្រៃឈើនៅតំបន់ព្រៃឡង់តាមរយៈសកម្មភាព​ចុះល្បាតឡើយ ស្របពេលបទល្មើស​បន្តកើតឡើងជាហូរហែក្នុងដែនជម្រកសត្វព្រៃមួយនេះ។

ចាប់តាំងពីដើមឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ យុវជន និងអង្គការសង្គមស៊ីវិល ត្រូវបានមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ហាមឃាត់ទាំងស្រុងមិនឱ្យចូលល្បាតព្រៃក្នុងតំបន់ការពារ​មួយនេះបន្តទៀត ក្រោមហេតុផលសហគមន៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

ប្រជាសហគមន៍​ការពារព្រៃឡង់​​​​ខេត្តក្រចេះ លោក គឹម សូខន​ មានប្រសាសន៍​ថា​ ចាំតាំង​ពី​ឆ្នាំ​២០១៩ បទល្មើសកើតឡើងជា​ហូរហែ ​​ ស្របពេល​ពួកគេ​មិនអាច​ចូលរួម​ការពារព្រៃឈើបាននោះ​ទេ ដោយថា​អាជ្ញាធរ​មិនអនុញ្ញាតឱ្យចូលល្បាតក្នុងព្រៃនោះទេ។  ​

លោកថា៖«គេកាប់​ក្នុងព្រៃឡង់ហ្នឹង​ ហូរហែមិនចេះឈប់​ គេចូលទៅកាប់​​ហើយសហគមន៍យើងអត់មានលទ្ធភាពអី​ទៅហាមឃាត់គេបានទេ​ ព្រោះ​យើងចូលអត់បានទេ តាចូលគេហាមឃាត់ហើយ ​ជាពិសេសខាងមន្រ្តី​បរិស្ថាន»។

​លោកបន្តថា៖«​ឥឡូវមានទាំង​ចូលទៅកាត់ថ្ម ខួងរ៉ែអីទៀតណោះហូរហែ។ ហើយមិនឃើញមានការទប់ស្កាត់អី​ មន្រ្តីបរិស្ថាន​បើកឡាន ម៉ូតូ រាល់ថ្ងៃ​ ឈើចេញតែពីច្រកហ្នឹង​ ច្រកបរិស្ថាន​។ ចឹងបរិស្ថានហាក់ដូចថា​ការពារ​តែអ្នកការពារព្រៃឈើទៅវិញ​ មិនមែនការពារបទល្មើសឯណា​»។​

ប្រជាសហគមន៍ដដែលបន្ថែមថា ​មូលហេតុ​ដែល​​​អាជ្ញាធរារាំងមិន​ឱ្យ​ប្រជាពលរដ្ឋ ឬសកម្មជន​​​ចូលល្បាត​ដោយ​​ខ្លាច​​បែកធ្លាយពីសកម្មភាព​បទល្មើស​ព្រៃឈើទាំងនោះ​។ ​

សកម្មជន​ព្រៃឡង់​នៅខេត្តស្ទឹងត្រែង​កញ្ញា​ ឈាង លី ​​បាន​អះអាង​ថា ​ជាមធ្យម​ទំហំ​នៃការ​កាប់​បំផ្លាញព្រៃឡង់កើនឡើង​ប្រមាណ ​៥ហិកតាក្នុងមួយ​ថ្ងៃ​។​ កញ្ញា​បន្តថា ​បើទោះបី​ជា​បទល្មើស​ព្រៃឈើ​​​ទាំងនោះ អាជ្ញាធរ​បាន​ដឹង​​ក៏ដោយ​ ក៏ប៉ុន្តែពួកគេមិន​មាន​វិធាន​ការ​ណាមួយឱ្យមានប្រសិទ្ធភាពនោះដែរ។ ​​​​

កញ្ញាថា​៖«អត់បានទេ​​ ដោយសារមន្រ្តី​នៅហ្នឹង​យើង​ចេញចូលអត់បានទេ​។ គេខ្លាចយកព័ត៌មាន​ឬបង្ហោះរូបរញ៉េរញៃអ៊ីចឹងណា​»។​

សកម្ម​ជន​បរិស្ថាន​ព្រៃ​ឡង់​នៅ​ខេត្ត​ព្រះ​វិ​ហារលោក ខេម សុខឃី បាន​លើក​ឡើងថា ចំពោះ​ការ​កាប់​បំ​ផ្លាញព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តមួយនេះ នៅតែ​បន្តកើតមាន​ឥត​ឈប់​ឈរពីមួយថ្ងៃ​ទៅ​មួយថ្ងៃ ​ហើយមិនឃើញខាង​អាជ្ញាធរ ​ឬក្រសួង​បរិ​ស្ថាន​​ ​វិធាន​ការនោះឡើយ។ ​​

​លោក​ថា៖« ភាគ​ច្រើន​គាត់[ជនល្មើស]​ដឹក​ដោយ​មិន​មាន​ការ​ព្រួយបារម្ភអីទេ! ពេល​យប់ក៏គាត់​ដឹក​ ពេលថ្ងៃ​ក៏​​ដឹក​ ប៉ុន្តែដឹក​មិនមែនជា​លក្ខណៈចេញ​មកពី​ក្រៅទេ​ណា! ចេញ​មក​ពីដែន​ផ្សេង​មក មិន​ដឹង​គាត់​ដឹកទៅ​ទុកណា​ទៀតទេ ព្រោះ​ខ្ញុំ​តាមដាន​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។ ចឹងគាត់ដឹក​មក​ចែកតាមច្រកព្រៃ​ឡង់​ច្រើន​ណាស់​ ទៅខាង​ស្រុកជ័យសែន​ មកស្រុក​រវៀង​ ហើយ​មួយទៀតចេញទៅ​ខា​ង​កំពង់​ធំ​ហើយសឹង​មាន​គ្រប់​ច្រក​ និយាយទៅ​ការ​ដឹក​ជញ្ជូន​ឈើ​​ហ្នឹង​មិនស្រាកស្រាន្ត​ទេ»។

ប្រជាសហគមន៍រូបនេះ ស្នើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន​​ឱ្យ​មាន​ចំណាត់​ការ​ច្បាស់​លាស់​​ក្នុង​ការ​​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ដែល​កើត​មា​ន​ក្នុង​ភូមិ​សាស្រ្ត​​ព្រៃ​ឡង់​​។

តបនឹងសំណួររបស់វីអូឌីក្នុងសន្និសីទសារព័ត៌មានស្តីពី «ការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា» នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួង​ស្វាគមន៍នូវរាល់ការចូលរួមការពារព្រៃឈើ និងតំបន់ការពារធម្មជាតិពីសំណាក់សហគមន៍ ប្រជាពលរដ្ឋ ប៉ុន្តែការចូលរួមធ្វើសកម្មភាពណាមួយនៅតំបន់ការពារធម្មជាតិ ត្រូវតែសុំការអនុញ្ញាតពីក្រសួងបរិស្ថានជាមុន។

លោកថា«ប្រសិនជាបងប្អូនប្រជាពលរដ្ឋចូលនៅក្នុងទិសដៅមួយដើម្បីចូលរួមផ្សព្វផ្សាយកិច្ចការងារដោយ ស្មោះត្រង់ៗ តម្កល់ផលប្រយោជន៍រួមជាធំ សូមអញ្ជើញ! ក៏ប៉ុន្តែក្រសួងបរិស្ថានដាច់ខាតក្នុងការអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលប្រើប្រាស់សកម្មភាពបរិស្ថាន និងធនធានធម្មជាតិបម្រើឱ្យនយោបាយ»។

មន្រ្តី​សម្របសម្រួ​ល​គម្រោង​នៃបណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក អូត ឡាទីន​ មានប្រសាសន៍ថា​​សម្រាប់​ដើមឆ្នាំ២០២២​នេះ ​ទាំង​បទល្មើស​ព្រៃឈើ​ និងសកម្មភាពរារាំង​ការចុះ​ល្បាតព្រៃ​ពី​សំណាក់​អាជ្ញាធរ​នៅតំបន់​ព្រៃឡង់​នៅ​តែ​កើតមាន​ឡើងដដែល​ ជាពិសេស​តំបន់​ដែល​មានបទល្មើសខ្លាំង ដូចជា ​​ខេត្ត​ព្រះវិហារ និង​ខេត្ត​ក្រចេះជាដើម​។​​

លោក​បន្ថែមថា ​រយៈពេលជាង​២ឆ្នាំ​​​​កន្លង​មកនេះ ​​អាជ្ញាធរ​បានរា​​រាំង​សកម្មជន​បណ្ដាញព្រៃ​ឡង់​​មិនឱ្យចុះ​ល្បាត​​ដោយ​លើកហេតុផលថា ​បណ្ដាញព្រៃឡង់​មិនស្របច្បាប់ឬត្រូវការអនុញ្ញាតជាមុន បើទោះបីជា​មិន​មានណា​​ច្បាប់​តម្រូវ​ឱ្យ​បណ្ដាញសហគមន៍ត្រូវចុះ​បញ្ជីក៏ដោយ។ ​ ​

លោក​ថា​៖«​កាតព្វកិច្ច​ក្នុ​ង​ការ​ការពារ​ធនធាន​ធម្មជាតិ​មិនចាំបាច់​ទាល់​តែ​យើងចុះ​បញ្ជី​ទើបអាច​ចូលរួម​ការ​ពា​រ​បាន​ទេ​ ព្រោះ​យើង​អនុវត្ត​ទៅតាមសិទ្ធិសេរីភាព​រដ្ឋ​ធម្មដែលយើងមានសិទ្ធិចូលរួមការពារធនធានធម្មជាតិ​»។​​

សេចក្តីថ្លែងការណ៍របស់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត ​ក្នុងឱកាស ទិវាព្រៃឈើអន្តរជាតិ ២១ មីនា ឆ្នាំ២០២១  ​​​​​បញ្ជាក់​ថា​ មានមូលហេតុចម្បងមួយ ​​​ដែល​​ធ្វើ​ឱ្យ​បាត់បង់ព្រៃឈើ​​នៅ​តំបន់ដែនជម្រកសត្វព្រៃមួយនេះបន្ថែមទៀត​ គឺការហាមឃាត់​មិនឱ្យប្រជាសហគមន៍ចូលរួម​ការពារ​​។

យោងតាមទិន្នន័យពីផ្កាយរណបកាលពីឆ្នាំមុនបង្ហាញថា ដែនជម្រកសត្វព្រៃព្រៃឡង់មានការកាប់ឈើដ៏អាក្រក់បំផុតក្នុងចំណោមតំបន់ការពារផ្សេងទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត១ម៉ឺនហិកតា (៩ ១១៩) ក្នុងឆ្នាំ២០២០ ដែលកើនឡើង ២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ