បទយកការណ៍​៖ អ្នកមាន​ពិការភាព​ពិបាក​ស្វែងរក​សេវា​ព្យាបាល​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩

លោក សេង កុសល មកទទួលការព្យាបាលនិងពិនិត្យសុខភាពជើងរបស់លោក នៅអង្គការ Exceed ។ (Quinn Libson)

នៅក្នុងខែឧសភា ឆ្នាំ២០២១ ជើងរបស់លោក សេង កុសល ចាប់ផ្ដើមមានភាពឈឺចាប់ជាខ្លាំង។ លោក សេង កុសល រស់នៅក្នុងខេត្តកណ្ដាល នៅក្រៅរាជធានី​ភ្នំពេញ។ លោកបានបាត់​បង់​ជើង​ផ្នែ​​ក​​ក្រោម​ជង្គង់ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ដែលតម្រូវឱ្យលោកត្រូវប្រើប្រាស់ជើង​សិប្បនិម្មិត​អស់​រយៈ​ពេល​ជាង៤ឆ្នាំកន្លងមក។

ឧបករណ៍មួយនេះបាន​ចាប់​ផ្ដើម​មានភាព​រលុង​ជារឿយៗ នៅពេលវា​កកិតនៅ​ត្រង់​កន្លែង​ដែល​ជើងរបស់លោក​ប៉ះ​នឹងជើងសិប្បនិម្មិត និងបណ្ដាលឱ្យ​មានខ្ទុះទៀតផង។ វាបានធ្វើឱ្យ​លោក​មាន​ការ​​ឈឺ​​ចាប់​​ជា​ខ្លាំង ​រហូតដល់លោកមិនអាច​ដើរ​ឆ្ងាយ​ជាង​ចម្ងាយ​ពី​គ្រែ​ទៅ​បន្ទប់ទឹក​នោះទេ។

លោក កុសល ប្រកបមុខរបរបង្កាត់ និងចិញ្ចឹមសត្វពពែយកកម្រៃ ប៉ុន្តែដោយសារតែជើងរបស់លោកមានភាពឈឺចាប់ជាខ្លាំង លោកត្រូវផ្អាកការងារនេះមួយរយៈសិន។

ភាពធូរ​រលុង​នៃឧបករណ៍សិប្បនិម្មិត បន្ទាប់ពីការប្រើប្រាស់អស់រយៈពេលវែង​ ​​គឺ​​ជា​រឿង​ធម្មតា ប៉ុន្តែ​​ការវះកាត់​អវយវៈ បាន​​បណ្ដាល​ឱ្យ​បាត់​បង់​ម៉ាស​សាច់ដុំ​បន្តិច​ម្ដងៗ ហើយ​​ស្រទាប់​​នៃ​សិប្បនិមិ្មត​ដែល​ធ្វើ​ពី​ស្នោ​ចាប់ផ្ដើមបង្ហាប់។ កាល​ពី​មុន លោក កុសល​ មិនដែលខ្វល់​ពី​រឿង​ឧប​ករណ៍​សិប្បនិម្មិតរបស់លោក​ទេ ដោយសារលោកគ្រាន់តែទៅសាលារៀនសិប្បនិម្មិត និងរណប នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ នៅទីនោះ អង្គការក្រៅ​រដ្ឋាភិបាល Exceed បានដំណើរការគ្លីនិក ដើម្បីផ្ដល់សេវាជាមួយនឹងឧបករណ៍សិប្បនិម្មិត កែសម្ផស្ស និងសេវាស្ដារនីតិសម្បទា សម្រាប់អ្នកដែលមានចំណូលទាប។ លោក សេង កុសល បានទទួលបានជើងសិប្បនិម្មិតរបស់លោកពីគ្លីនិកមួយនេះ។

បុគ្គលិកជំនាញនៃអង្គការ Exceed ធ្វើការជួសជុលនិងកែសម្រួលជើងសិប្បនិម្មិតសម្រាប់អ្នកមកទទួលសេវាពីអង្គការ។
បុគ្គលិកជំនាញនៃអង្គការ Exceed ធ្វើការជួសជុលនិងកែសម្រួលជើងសិប្បនិម្មិតសម្រាប់អ្នកមកទទួលសេវាពីអង្គការ។ (Quinn Libson)

ស្របពេលដែល​​ជើងរបស់លោកកាន់តែមានភាពឈឺចាប់ កម្ពុជាបាន​ឈាន​ដល់​កម្រិត​កំពូល​នៃ​រលក​ដំបូង​នៃ​ការ​ឆ្លងជំងឺ​កូវីដ-១៩ ក្នុងសហគមន៍ ដែល​បានចាប់ផ្ដើមកាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ ជាពិសេសនៅរាជធានី​ភ្នំពេញ។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ រដ្ឋាភិបាល​បាន​ដាក់វិធាន​ការ​បិទខ្ទប់​ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី​១០ ខែមេសាមក។

សង្កាត់​នានា​ទូទាំងរាជធានី​ភ្នំពេញ ត្រូវបានដាក់នៅក្រោមការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ជាពិសេសគឺ​តំបន់ “តំបន់ក្រហម” ដែលត្រូវបានបិទខ្ទប់​ទាំងស្រុង ក្នុងនោះ ​នៅពេលយប់ ប៉ូលិសបានដាក់រនាំង​បិទ​ខ្ទប់នៅជុំវិញសង្កាត់ដែលមានការរីករាលដាលខ្លាំង ដោយមិន​អនុញ្ញាតឱ្យនរណាម្នាក់ចូលឬចេញនោះទេ។

ក្នុងចំណោមសង្កាត់ទាំងនោះ ក៏មានសង្កាត់ស្ទឹងមានជ័យទី៣ផងដែរ ដោយត្រូវបានគេដាក់បញ្ចូល​ជាតំបន់ក្រហម កាលពីខែមេសា ២០២១។ គ្លីនិករបស់អង្គការ Exceed ត្រូវបានបិទទ្វារទាំងស្រុងអស់មួយរយៈ។

ការ​កំណត់​តំបន់​ក្រហមសម្រាប់សង្កាត់​ស្ទឹង​មានជ័យ​ទី​៣ ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ២០២១ ដែល​អនុញ្ញាតឱ្យ​​​គ្លីនិក​នេះ​បើកឡើង​​វិញ។ ប៉ុន្តែ​រហូតដល់ប៉ុន្មានសប្ដាហ៍​ក្រោយ​​មក ទើប​​​លោក កុសល មានទំនុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​គ្លីនិកនេះ​​ ដើម្បី​​ទទួល​​បាន​ការ​ព្យាបាលដែលគាត់ត្រូវការ។ ដល់​ពេល​នោះ ជើង​របស់គាត់​មាន​ការ​ឈឺ​ចាប់​ជាខ្លាំង ដែលតម្រូវឱ្យលោកសម្រាក​ពី​ការងារ​ជាង៥​សប្ដាហ៍​។

លោក សេង កុសល ជាជនមានពិការ​ភាព​ម្នាក់ក្នុង​ចំណោមជន​មានពិការភាពជាច្រើននាក់​នៅ​​កម្ពុជា ដែល​ជួបប្រទះ​ការ​លំបាក​ក្នុង​ការ​ទទួលបានសេវា​ពាក់ព័ន្ធ ​ដោយសារតែ​ការ​ឆ្លង​រាល​ដាល​​​នៃ​​ជំងឺ​កូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សុខភាព គុណភាពជីវិត និងជីវភាពរស់នៅរបស់ពួកគេ ខណៈ​​មនុស្សជាច្រើនកំពុងតស៊ូ ដើម្បីស្វែងរកដំណោះស្រាយ។

ឥលូវនេះ ការឆ្លងជំងឺកូវីដ-១៩​ថ្មីកំពុងធ្លាក់ចុះ អត្រាចាក់វ៉ាក់សាំង​ក៏កើន​ឡើង ហើយ​កម្ពុជាកំពុង​បើកដំណើរការឡើងវិញ។ ប្រជាពលរដ្ឋ​កំពុងសម្របខ្លួនជាមួយនឹង “ការរស់នៅតាម​គន្លង​​​ថ្មី“។ ប៉ុន្តែ​សម្រាប់​​ជនពិការមួយចំនួនវិញ​ ផលប៉ះពាល់នៃការមិនអាចទទួលបានការថែទាំ នៅ​​បន្តអូសបន្លាយលើសពីប្រក្រតី។

ការផ្អាកផ្ដល់សេវាពិការភាព

ដើម្បីទទួលបានឧបករណ៍សិប្បនិមិ្មតប្រកបដោយគុណភាព គឺតម្រូវធ្វើ​ទៅតាមសរីរាង្គរបស់​​មនុស្សម្នាក់ៗ​ដែលមាន​ភាព​ខុសៗ​គ្នា។ ជំហានទី១ គឺត្រូវយកពុម្ពនៃផ្នែករាងកាយ ហើយបន្ទាប់​មក​ការ​បិត​ម្នាង​សិលាឆ្លងកាត់ការកែប្រែជាបន្តបន្ទាប់ មុនពេលវត្ថុធាតុដើមពិសេសអាចត្រូវ​បាន​រលាយនិងលាតសន្ធឹងជុំវិញវា ដើម្បីធានាបាននូវភាពសមឥតខ្ចោះ។

ដំណើរការនេះត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែសម្រាប់អតិថិជនរបស់ Exceed ជាច្រើននាក់ ដែលរាប់ចាប់​ពីអ្នកមានពិការភាពថ្មីៗ​ដែលត្រូវការឧបករណ៍សិប្បនិម្មិត និងអ្នករស់រាន​មានជីវិត​ពីជំងឺ​ស្វិត​ដៃជើងដែលប្រើដង្កៀបដើម្បីដើរ វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ជារឿយៗ អ្នកជំងឺត្រូវរៀនពីរបៀបឆ្លងកាត់ជីវិតប្រចាំថ្ងៃដោយប្រើឧបករណ៍ជំនួយ។ អ្នកខ្លះថែមទាំង​ត្រូវរៀនពីរបៀបដើរតាមរយៈកម្មវិធីស្ដារនីតិសម្បទា (Physiotherapy) ដែលត្រូវការជំនួយច្រើន ​អាចចំណាយពេលច្រើនសប្ដាហ៍ឬរាប់ខែ។

លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេសនៃអង្គការ Exceed បានប្រាប់ថា ឧបករណ៍ស្ដារនីតិសម្បទា និងធ្វើចលនា បានផ្ដល់ជំនួយជាច្រើនដល់អ្នកជំងឺនៅក្នុងវិបត្តិកូវីដ-១៩មួយនេះ។

លោកស្រី​មានប្រសាសន៍ថា៖ «ខ្ញុំបាននិយាយជាមួយអតិថិជនដែលធ្លាប់មកគ្លីនិកមុនពេលមានជំងឺកូវីដ-១៩។ ពួកគាត់ពិតជារីករាយណាស់ ដែលបានត្រលប់មករៀនដើរឡើងវិញ ពីព្រោះពួកគេមិនអាចធ្វើដំណើរទៅណាបាននោះទេនៅក្នុងស្ថានភាពនេះ ដោយសារពួកគេមិនអាចថែទាំខ្លួនឯងបាន។ វាពិតជាលំបាកខ្លាំងណាស់។»

ដោយសារតែការបង្កើតឧបករណ៍សិប្បនិម្មិត និងការបង្រៀនអ្នកប្រើប្រាស់ត្រូវចំណាយពេលយូរនោះ ​អង្គការ Exceed មាន​អន្តេវាសិកដ្ឋាន ឬកន្លែងស្នាក់នៅមួយសម្រាប់អតិថិជន ដែលអាចឱ្យអ្នកប្រើប្រាស់មកស្នាក់នៅបានតាមដែលពួកគេត្រូវការ។ ប៉ុន្តែចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្ដើមមក គ្លីនិករបស់ Exceed ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ បានដំណើរការមិនជាប់លាប់នោះទេ ដូច្នេះ​ពួកគេមិនអាចទទួលយកអតិថិជនថ្មីបានឡើយ​ ហើយ​ពួកគេបានសម្រេចចិត្តបិទអន្តេវាសិកដ្ឋាន ដើម្បីការពារបុគ្គលិកនិងអតិថិជនពីការឆ្លងជំងឺ​មួយ​នេះ។

ជាលទ្ធផល ចំនួនអ្នកជំងឺ​ដែល​គ្លីនិក Exceed អាចជួយបាន បានធ្លាក់ចុះជិត ៣០% តាំងពីជិត៤ ០០០នាក់​ក្នុងឆ្នាំ​២០១៩ មកនៅត្រឹម២ ៨០០​នាក់ ក្នុងឆ្នាំ​២០២០។ នៅឆ្នាំ​២០២១ ពួក​គេ​រំពឹងថា​នឹង​មាន​អតិថិជនសរុបប្រហែល២ ០០​០នាក់។

លោកស្រី ខេង ស៊ីសារី បានលើកឡើងថា៖ «ការផ្ដល់សេវាត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារតែកំណើនឡើងនូវការរាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ [កាលពីដើមឆ្នាំ២០២១កន្លងមក]»។

លោក Denver Graham អ្នកគ្រប់គ្រងកម្មវិធីស្ដារនីតិសម្បទានៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានប្រាប់ថា ស្ថានភាពនៅអង្គការលោកនៅកម្ពុជា ក៏មានសភាពដូចគ្នា​ដែរ​។

លោក Graham បានមានប្រសាសន៍ថា៖ «យើងផ្ដោតសំខាន់ទៅលើការរក្សាមជ្ឈមណ្ឌលស្ដារនីតិសម្បទាទាំងនោះឱ្យបន្តបើកជាចម្បង ដោយសារយើងយល់ថា ជនពិការគឺជាមនុស្សដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងជំងឺកូវីដ-១៩ វាកាន់តែលំបាកសម្រាប់ពួកគេ»។

ប៉ុន្តែខណៈមជ្ឈមណ្ឌលដែលគាំទ្រដោយ ICRC នៅតែបន្តមានដំណើរការពេញលេញ​ ទោះជាមានជំងឺរាតត្បាតក៏ដោយ ក៏មានអ្នកជំងឺជាច្រើនដែលមានទីលំនៅឆ្ងាយ បានពន្យារពេលមកទទួល​ការ​ព្យាបាល។ ជារៀងរាល់​ឆ្នាំ​ មុន​មានជំងឺរាតត្បាតកូវីដ-១៩ កម្មវិធី​របស់​ ICRC នៅ​ក្នុងប្រទេសកម្ពុជា បានជួយដល់អ្នកមានពិការភាពរហូតដល់១០ ០០០នាក់។ នៅឆ្នាំ​២០២០​ ពួកគេទទួលបានត្រឹមតែ ៧០% នៃចំនួន១០ ០០០នាក់​។

ទន្ទឹមនឹងនេះផងដែរ ទោះបីជាគ្លីនិក Exceed បានចាប់ផ្ដើមដំណើរការសេវាកម្មឡើងវិញក៏ដោយ បុគ្គលិកនៅទីនោះមានការព្រួយបារម្ភអំពីអតិថិជនប្រចាំរបស់ពួកគេ ដែលភាគច្រើននៅ​តែ​មិនទាន់បានមកទទួលសេវាព្យាបាលនៅឡើយនោះទេ។ ពួកគេយល់ថា សម្រាប់ជនមាន​ពិការ​ភាព ការពន្យារពេលឬការខកខានមិនបានមកទទួលសេវាព្យាបាល ដូចជា ការ​ស្ដារ​នីតិ​សម្បទា ឬការជំនួសឧបករណ៍សិប្បនិម្មិត អាចមានផលវិបាកធ្ងន់ធ្ងរ។

លោក ហ៊ាង ធារិទ្ធ នាយករងប្រចាំប្រទេសរបស់អង្គការ Exceed បាននិយាយថា ប្រសិនបើអតិថិជនបាន​វះកាត់អវយវៈដោយសារដំបៅជំងឺទឹកនោមផ្អែម ជាធម្មតា បុគ្គលិក​អង្គការ​នេះ​​ត្រូវ​ពិនិត្យ​មុខ​របួសជាមុនសិន ដើម្បីប្រាកដថាដំបៅនោះ និងមុខរបួស​បានជាសះស្បើយ និងរុំបង់​បាន​ត្រឹមត្រូវ មុនពេល​ធ្វើ​ឧបករណ៍ថ្មីឱ្យអ្នកជំងឺ។

លោក ហ៊ាង ធារិទ្ធ នាយករងប្រចាំប្រទេសរបស់អង្គការ Exceed។
លោក ហ៊ាង ធារិទ្ធ នាយករងប្រចាំប្រទេសរបស់អង្គការ Exceed។ (Quinn Libson)

លោកបន្តថា ប្រសិន​បើអ្នកជំងឺ​មិនអាចមកទទួលការព្យាបាល ឬមិនចង់ធ្វើដំណើរនោះទេ ដំណើរ​ការ​ព្យាបាល​នេះអាច​មាន​ភាព​ខុសប្រក្រតី ដែលអាចប៉ះពាល់ដល់សុខភាព និងការធ្វើចលនារបស់ពួកគេនៅពេលអនាគត។

លោក ហ៊ាង ធារិទ្ធ បានឱ្យដឹងទៀត​ថា ជំងឺកូវីដ-១៩ បានធ្វើឱ្យបណ្ដាញទំនាក់ទំនងពីថ្នាក់មូលដ្ឋាន ការគាំទ្រ និង​ព័ត៌មានដែលពួកគេទទួលបានពីមន្ត្រីមូលដ្ឋាន មានសារៈសំខាន់ជាងពេលណាៗទាំង​អស់។ ប៉ុន្តែជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យ​​ការងារសហគមន៍ប្រភេទនេះកាន់តែស្មុគស្មាញជាងមុនទៅ​ទៀត។ លោក​បន្តថា ​ភាពភ័យខ្លាចនៃជំងឺមួយនេះបានធ្វើឱ្យអាជ្ញាធរកាន់​តែស្ទាក់ស្ទើរ​ក្នុងការ​អញ្ជើញគ្លីនិកចល័តរបស់អង្គការ Exceed ឱ្យ​មកផ្សព្វផ្សាយនៅក្នុងសហគមន៍របស់ពួកគេ ដោយសារការបារម្ភពីការឆ្លងជំងឺកូវីដ-១៩។

លោក​បានបន្តទៀត​ថា​៖ «​កន្លង​មក យើង​​និយាយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ពួកគេ​រីករាយ​ក្នុង​ការ​សហការ។ ប៉ុន្តែ​ឥលូវ​នេះ វា​អាច​ជា​ការ​លំបាក​ក្នុង​ការ​ជួប​ជុំ​គ្នាច្រើន»។

ចំណែក​ករណីផ្សេងទៀត​នៃការវះកាត់ អាចនឹងមានភាពបន្ទាន់ ទាំងការព្យាបាល និងការស្ដារ​នីតិ​​សម្បទា ដែលត្រូវចាប់ផ្ដើមធ្វើ​​មុនពេលធ្វើឧបករណ៍សិប្បនិម្មិត។ លោក សុខ វណ្ណី គឺជាករណីទីមួយសម្រាប់​បញ្ហានេះ។

កាលពីដើមឆ្នាំ២០១៩ លោក វណ្ណី កំពុងធ្វើការនៅការដ្ឋានសំណង់ ហើយ​ពេលនោះ​ស្រាប់តែម៉ាស៊ីនខួងធ្លាក់មកលើជើងរបស់គាត់។ គាត់​ត្រូវវះ​កាត់​ជើង ហើយត្រូវចំណាយ​ពេល​ជាង​មួយ​ឆ្នាំដើម្បី​ព្យាបាល​។ នៅពេលដែលជើងរបស់គាត់បានជាសះស្បើយ​នោះ ​គឺចំពេលដែល​កម្ពុជាកំពុង​បន្ត​រងការ​រាតត្បាតដោយ​​ជំងឺកូវីដ-១៩ ហើយ​វាច្បាស់​ណាស់​ថា ការបំពាក់ជើង​សិប្ប​និម្មិតឱ្យ​គាត់​មាន​ការ​លំបាកខ្លាំងណាស់។

លោក វណ្ណី​ បាន​និយាយ​ថា៖ «ជើងរបស់ខ្ញុំវារាងខុស​ពីគេ វាអត់ត្រង់ រាងវៀច ហើយឆ្អឹងរាងលៀនចេញមក»។

រយៈ​ពេលកន្លងទៅ ឧបករណ៍សិប្បនិម្មិតដែលអង្គការ Exceed បានផ្ដល់ឱ្យ​គាត់​កាន់​តែ​លែងសូវ​មាន​ផាសុកភាព។

លោក​បានប្រាប់ថា៖ «ជើងខ្ញុំវាកកិតខ្លាំង​ជាមួយនឹងជើងសិប្បនិម្មិតហ្នឹង ដល់ឥលូវវារលាក ហើយហើម […] ខ្ញុំត្រូវនៅ​ផ្ទះរហូត ទៅណាមកណា វាពិបាក។ បើចេញទៅក្រៅ កូនខ្ញុំត្រូវដឹកខ្ញុំតាមម៉ូតូ ដោយត្រូវមានអ្នកអង្គុយពីក្រោយម្នាក់ទៀត»។

កាលពីដើមឆ្នាំ​២០២១ លោក វណ្ណី មិនអាចប្រើប្រាស់ជើងសិប្បនិម្មិតរបស់លោក​​បាន​ទៀតទេ ដោយ​សារ​តែកា​រ​ឈឺចា​ប់​ខ្លាំង​ពេក។ បុរសមានពិការភាពរូបនេះប្រកបមុខរបររើសអេតចាយជាមួយកូនៗពីរនាក់ ហើយ​លោកប្រើប្រាស់ឈើច្រត់ដើម្បីធ្វើចលនា។

គាត់​បាន​ទៅ​គ្លីនិក ​Exceed ដើម្បីទទួលបានជើងសិប្បនិម្មិត ប៉ុន្តែដោយសារតែមុខរបួសរបស់គាត់​បាន​ជា​សះ​ស្បើយ គាត់​ត្រូ​វធ្វើលំហាត់ចលនាឡើងវិញ មុននឹងគាត់អាចទទួលបានជើងសិប្បនិម្មិតថ្មីមួយទៀត។ ប៉ុន្តែបន្ទាប់មក ក៏មានការបិទខ្ទប់នៅក្នុងខែមេសា។

លោកថា៖ «ដើម្បីទទួលបានឧបករណ៍ថ្មីមួយ ជាទូទៅ ត្រូវធ្វើលំហាត់ស្ដារឡើងវិញ ដូចជា ការពង្រឹងសាច់ដុំ លំហាត់ប្រាណចលនា លំហាត់ប្រាណកន្លែងរបួស ដែលត្រូវតែធ្វើឡើងនៅក្នុងគ្លីនិក។ ដូច្នេះ ​ប្រសិនបើគ្លីនិក​បិ​ទ​ទ្វារ គាត់​​មិន​​អាច​ធ្វើ​លំហាត់​ប្រាណទាំងនោះ​បាន​ទេ»។

លោក Carson Harte នាយកប្រតិបត្តិនៃអង្គការ Exceed Worldwide បានមានប្រសាសន៍ថា ការរស់នៅជាមួយពិការភា​ព​អាចនាំមកនូវ​បញ្ហាជា​​ប្រចាំ​ថ្ងៃ ខណៈ​​រទេះ​​រុញឬឧបករណ៍​សិប្បនិម្មិត​អាចជួយសម្រួលបានបន្តិច។

លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែនៅពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាព [ជំងឺរាតត្បាត] ហើយអ្នកមានបញ្ហាជាមួយនឹងមុខរបួសវះកាត់ ឬជាមួយជើងរបស់អ្នក ឬមានបញ្ហាឧបករណ៍សិប្បនិម្មិត ហើយអ្នកមិនអាចទៅរាជធានី​ភ្នំពេញ​ ​ដើម្បីធ្វើការជួសជុល ឬព្យាបាលបាន វា​ពិត​ជា​ត្រូវ​មាន​សម្ពាធ​ខ្លាំង​ណាស់»។

ដោយបារម្ភពីបញ្ហាមួយនេះ គ្លីនិក Exceed បានចាប់ផ្ដើមការផ្សព្វផ្សាយរបស់ពួកគេនៅតាមសហគមន៍​យ៉ាងប្រុងប្រយ័ត្នឡើងវិញនៅចុងខែមិថុនា ក្នុងគោលបំណងទំនាក់ទំនងជាមួយអ្នក​មាន​ពិការ​ភាព​អំពី​សេវា​កម្មរបស់​ពួកគេដោយផ្ទាល់ ទោះបីជាមានការជួបប្រទះឧបសគ្គ ដោយសារការកើនឡើងនៃអត្រាឆ្លងជំងឺកូវីដ-១៩ ក៏ដោយ។

ការស្ដារចល័តភាពឡើងវិញ

អ្នកស្រី សរ ឈន មានអាយុ៦៨ឆ្នាំ ហើយសព្វថ្ងៃរស់នៅជាមួយកូន៥នាក់ ក្នុងចំណោមកូន៨នាក់ នៅស្រុ​ក​ពញាឮ ខេត្តកណ្ដាល ក៏​ជាអ្នកជំងឺម្នាក់​ដែលទ​ទួល​បាន​ការ​ថែទាំ​នៅ​គ្លីនិក Exceed។ គាត់មានបញ្ហាពិការភាពយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ អ្នកស្រីបានចាប់ផ្ដើមមានបញ្ហាពិការភាព បន្ទាប់ពីអ្នកស្រីបាន​សម្រាល​កូន​ទី​៦​។

អ្នក​ស្រី​និយាយ​​ថា៖ «ខ្ញុំចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ហើយជើងរបស់ខ្ញុំស្រាប់តែលែងមានកម្លាំងតែម្ដង»។

សុខភាពរបស់គាត់កាន់តែទ្រុឌទ្រោម ហើយនៅឆ្នាំ​២០០១ គាត់​មិន​អាច​ដើរ​បាន​ទៀត​នោះទេ។ អ្នកស្រី​​មាន​​រទេះ​រុញមួយនៅផ្ទះ ប៉ុន្តែ​វា​ជា​ប្រភេទ​ដែល​ត្រូវមានមនុស្សជួយ​រុញពីក្រោយ ដូច្នេះ ​អ្នក​ស្រី​ត្រូវ​​ពឹងផ្អែកលើអ្នកដទៃស្ទើរតែទាំងស្រុង ដើម្បីធ្វើចលនា ឬធ្វើដំណើរទៅខាង​ក្រៅ​ឬកន្លែងណាមួយ។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំត្រូវនៅផ្ទះរហូត ទៅណាមកណា វាពិបាក។ បើចេញទៅក្រៅ កូនខ្ញុំត្រូវដឹក​ខ្ញុំ​តាម​ម៉ូតូ ដោយ​ត្រូវ​មាន​អ្នក​អង្គុយ​ពី​ក្រោយ​ម្នាក់​ទៀត»។

ទោះយ៉ាង​ណា​ក៏​ដោយ កាល​ពី​ខែ​មិថុនា មន្ត្រី​សង្គម​កិច្ចរបស់​អង្គការ Exceed ដែល​ធ្វើ​ដំណើរ​ឆ្លង​​​កាត់​​​ភូមិ​របស់​គាត់ បាន​ចុះ​សួរ​សុខ​ទុក្ខ​​ អ្នកស្រី សរ ឈន នៅផ្ទះ ​បន្ទាប់ពីបានដឹងពីស្ថានភាព​របស់​គាត់​ពី​អាជ្ញាធរ​មូលដ្ឋាន។ វាជាលើកដំបូងដែលអ្នកស្រីសង្ឃឹមថា អាចនឹងធ្វើចលនាឡើងវិញបានខ្លះ និងអាចមានឯករាជ្យភាពឡើងវិញបានខ្លះ។

អ្នកស្រី សរ ឈន បន្តថា៖ «នាង [មន្ត្រីសង្គមកិច្ច] បានឃើញថា ស្ថានភាពរបស់ខ្ញុំពិបាកប៉ុនណា ហើយនាងចង់ជួយ​ខ្ញុំ។ [រទេះ​រុញ​] វាមិន​ដូច​ជា​ផលិតផល​ធម្មតា​ ដែល​យើង​អាច​ផ្ញើ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយនោះ​ទេ។ វាជាសេវាកម្មថែទាំសុខភាពមួយ។ ដូច្នេះ [ត្រូវតែមាន] អ្នកជំនាញដើម្បីផ្ដល់ជំនួយ និងផ្ដល់ការកែតម្រូវខ្លះៗ ហើយណែនាំពួកគេអំពីរបៀបប្រើប្រាស់វាឱ្យ​​បានត្រឹមត្រូវ»។

ក្នុង​ករណី​របស់អ្នកស្រី សរ ឈន បើទោះបីជាមាន​រទេះ​រុញ​ថ្មី​​សម្រាប់​អ្នកស្រី​ក៏​ដោយ ការធ្វើដំណើរទៅ​យក​ឧបករណ៍​ក៏មានភាពលំបាកសម្រាប់អ្នកស្រីដែរ។

នៅក្នុងខែកក្កដា វាហាក់ដូចជាឱកាសមួយដែលអាចធ្វើការជញ្ជូនរទេះរុញឱ្យ​អ្នកស្រី សរ ឈន សម្រាប់ប្រើប្រាស់​បាន។ ប៉ុន្តែការរីករាលដាលជំងឺកូវីដ-១៩ នាំឱ្យមានវិធានការកាន់តែតឹង​រ៉ឹង ដែលធ្វើឱ្យអ្នកស្រី​កាន់តែអស់សង្ឃឹម។  

បន្ទាប់ពីរយៈពេល៣​ខែកន្លងមក តាំងពីអ្នកស្រីបានធ្វើការទំនាក់ទំនងជាមួយអង្គការ Exceed ដំបូង អ្នកស្រីទទួលបានរទេះរុញ​នៅចុងខែសីហា។ អ្នកមានពិការភាព​ចំនួន១០នាក់ផ្សេង​​ទៀត​​នៅក្នុងសហគមន៍របស់អ្នកស្រី ក៏បានទទួលជំនួយពីគ្លីនិកចល័តក្នុងអំឡុងពេលនោះផងដែរ។

សម្រាប់អ្នកស្រី សរ ឈន រទេះរុញថ្មីដែលគាត់អាចធ្វើចលនាដោយខ្លួនឯង​ បានផ្លាស់ប្ដូរជីវិតរបស់អ្នកស្រីតាំងពីពេលនោះមក។ វាជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍មកហើយ​ដែល​អ្នក​ស្រីអា​ច​ចាក​ចេញ​ពី​ផ្ទះ​ដោយ​ខ្លួន​ឯងបាន។

អ្ន​កស្រីថា៖ «ខ្ញុំ​អាចធ្វើដំណើរ​ទៅ​ខាង​ក្រៅ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​អាច​ទៅលេងផ្ទះ​កូនៗ​បាន។ ខ្ញុំនិយាយតាម​ត្រង់​ថា ខ្ញុំ​មិន​បាន​រំពឹង​ថា​ខ្ញុំ​នឹង​ទទួលបាន​រទេះ​រុញ​មួយនេះ​ទេ។ ខ្ញុំ​ពិតជាអរគុណណាស់»។

ផលពិបាកក្នុងរយៈពេលយូរ

បន្ទាប់ពីការឈឺចាប់ និងមិនអាចធ្វើការងារបានអស់រយៈពេលជាង១ខែ ទីបំផុត លោក សេង កុសល អាចធ្វើដំណើរទៅគ្លីនិករបស់ Exceed បាន​ឡើង​វិញ​កាលពីខែមិថុនា ឆ្នាំមុន។

ក្នុង​ដំណើរ​ពិនិត្យសុខភាពមួយនេះ លោក គី ប៊ូ ជា​អ្នកជំនាញ​ផ្នែក​វះកាត់ និងពិនិត្យមុខរបួសរបស់លោក ​កុសល បានជួសជុលឧបករណ៍ស្រទាប់ខាង​ក្នុងនៃជើង​​សិប្បនិមិ្មតនោះ​យ៉ាងប្រុងប្រយ័ត្ន ដើម្បីឱ្យវាអាចដំណើរការបានត្រឹមត្រូវ។ លោកត្រូវជួសជុលឧបករណ៍នេះបន្ថែម៣ដង​ទៀត ទើបលោកពេញចិត្តនឹងការងាររបស់ខ្លួន។

នៅពេលដែលលោក កុសល បានពាក់ជើងសិប្បនិម្មិតរបស់ខ្លួនឯងឡើងវិញ អារម្មណ៍របស់គាត់បានផ្លាស់ប្ដូរទាំ​ង​ស្រុង។ លោកបានក្រោកឈរត្រង់ ហើយចាប់ដើរយ៉ាងរហ័សនិងស្រួល។ លោក កុសល បានដើរទៅកាន់ទីធ្លាសាកល្បង (Testing Centre) នៅក្នុងគ្លីនិក ហើយបានបោះជំហានដើរយ៉ាងមានទំនុកចិត្ត និងឡើងកាំជណ្ដើរជាលើកដំបូងក្នុងរយៈពេលច្រើនសប្ដាហ៍បន្ទាប់ពីខកខាន​។ គាត់ពិតជាចង់ត្រលប់ទៅធ្វើការវិញ។

ប៉ុន្តែទោះបីជាមានករណីជោគជ័យមួយចំនួនដូចអ្នកស្រី សរ ឈន និងលោក សេង កុសល ក៏ដោយ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តនាំមកនូវភាពលំបាកដល់អ្នករស់នៅជាមួយពិការ​ភាពនៅក្នុងប្រទេសកម្ពុជា។

ចំណែកលោក វណ្ណី វិញ គឺត្រូវចាប់ផ្ដើមការហាត់ស្ដារសម្បទាឡើងវិញកាលពីខែធ្នូ ក្រោមការណែនាំ​របស់អ្នកជំនាញនៅគ្លីនិក Exceed។ លោកបានចាប់ផ្ដើមរុំបង់នៅជុំវិញមុខរបួស ដើម្បីរក្សាលំហូរឈាមឱ្យ​បានល្អ ហើយការប្រើប្រាស់ជើងសិប្បនិម្មិតរបស់លោកហាក់ដូចជាប្រសើរជាងមុន។ ប៉ុន្តែ​ដោយសារលោកបានប្រើប្រាស់ឈើច្រត់ជំនួយអស់រយៈពេលជាច្រើនខែ លោក វណ្ណី ត្រូវធ្វើលំហាត់ប្រាណពង្រឹងកម្លាំងនិងលំនឹងរយៈពេល២សប្ដាហ៍ ទើប​រូបលោក​អាច​ដើរ​បាន​ធម្មតា​វិញ។

លោក សេង កុសល ហាត់ដើរនិងទប់លំនឹង ដើម្បីសម្របខ្លួនទៅនឹងការប្រើប្រាស់ជើងសិប្បនិម្មិត។
លោក សេង កុសល ហាត់ដើរនិងទប់លំនឹង ដើម្បីសម្របខ្លួនទៅនឹងការប្រើប្រាស់ជើងសិប្បនិម្មិត។ (Quinn Libson)

ដោយ​សារតែការព្យាបាលនិងធ្វើលំហាត់ប្រាណត្រូវចំណាយពេលមួយថ្ងៃពេញ ហើយចំណូល​របស់លោកត្រូវបានធ្លាក់ចុះដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩នោះ វាអាចជាការពិបាកមួយក្នុងការអនុវត្ត។ លោក​មិនអាចទៅរកចំណូលបាននោះទេ ប្រសិនជាលោកត្រូវចំណាយពេលព្យាបាលក្នុងគ្លីនិក។

លោកបានប្រាប់ថា៖ «ឥលូវនេះ ខ្ញុំអត់មានមុខរបរអីទេ គ្រាន់តែដើររើសអេតចាយជាមួយកូនៗ មួយថ្ងៃបានប្រហែល៨ ០០០រៀលប៉ុណ្ណោះ»។

ប៉ុន្តែលោក ហ៊ាង ធារិទ្ធ នាយករងប្រចាំប្រទេសរបស់អង្គការ Exceed បានប្រាប់ថា ប្រសិនបើលោក វណ្ណី មិនអាចធ្វើលំហាត់ប្រាណបានដោយខ្ជាប់ខ្ជួននោះទេ គ្លីនិកនឹងមិនអាចជួយលោក​ឱ្យធ្វើចលនាបានដោយពេញលេញនោះដែរ។

លោកបានប្រាប់បន្ថែមទៀតថា៖ «គាត់ [លោក វណ្ណី] ហាក់ដូចជាមានភាពស្ទាក់ស្ទើរ ប៉ុន្តែខាងក្រុមការងារបានពន្យល់ប្រាប់គាត់ពីភាពចាំបាច់នៃឧបករណ៍សិប្បនិម្មិត។ ប្រសិនបើមិនមានការថែទាំនិងហ្វឹកហាត់ឱ្យបានទៀងទាត់នោះទេ ពិតជាពិបាកក្នុងការផ្ដល់ឧបករណ៍ឱ្យ»៕

បកប្រែមកពីអត្ថបទជាភាសាអង់គ្លេស៖ For Cambodians With Disabilities, Lockdowns Leave Lingering Pain

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ