លោក ស ខេង៖ សារធាតុញៀនរាប់រយតោនចូលកម្ពុជាដោយស្របច្បាប់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក​លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញ​បញ្ជាផ្ទាល់មាត់ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធស្វែង​រក​អ្នក​ទទួល​ខុសត្រូវដែល​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ដោយ​ស្រប​ច្បាប់​នូវ​សារធាតុ​ញៀន​រាប់​រយ​តោន​ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​សុខភាព​សាធារណៈ។

ក្នុងពិធីប្រគល់​រថយន្ត​ដល់​មន្ត្រី ធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃអង្គារ​នេះ លោក ស ខេង ថ្លែង​ថា កាលពី​៣ថ្ងៃ​មុន​នេះ មន្ត្រី​ជំនាញ​​បានបង្ក្រាប​​សារធាតុ​ញៀន​ជាង១០០​តោនដែល​នាំចូលប្រទេសក​ម្ពុ​ជាដោ​យស្រ​បច្បាប់ និងមាន​ការចុះហត្ថលេខាទ​ទួល​ស្គាល់​ពី​ក្រសួង​ពាក់​ព័ន្ធថែមទៀត​ផង។

លោកគូសបញ្ជាក់ថា បញ្ហានេះបាន​បង្កឱ្យ​មាន​គ្រោះថ្នាក់ដល់​សុខភាពសាធារណៈ ហើយអាជ្ញាធរ​ពាក់​ព័ន្ធគួរ​តែ​នាំ​គ្នារ​ក​ឱ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវដែល​នាំគ្នាស៊ីញ៉េឱ្យ​នាំ​ចូលសារធាតុញៀន ដើម្បី​ទប់បញ្ហានេះ។

លោក ស ខេង គូសបញ្ជាក់​ថា៖ «អ៊ីចឹងហើយ​សុំឱ្យក្រសួងដែលជាក្រសួងផ្ដល់អាជ្ញាបណ្ណ​ ខ្ញុំមិន​បាច់​ចេញឈ្មោះ​ក៏ដឹងដែរ ​ក្រ​សួង​អាជ្ញាបណ្ណ​! សុំ​ឯកឧត្ដម​រដ្ឋមន្ត្រីមើលរឿងហ្នឹង! បើមិនអ៊ីចឹងឯកឧត្តម​ជាប់​ជំពាក់ចំពោះសង្គមកម្ពុជា ពា​ក់​​ព័ន្ធ​នឹងការបំផ្លាញសុខភាពសាធារណៈ»។

បន្ថែមពីនេះ លោក ស ខេង ក៏បានក្រើនរម្លឹកដល់​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជា​មួយក្រសួង​ពាក់​ព័ន្ធ​ ប្រាប់ពីសារធាតុ​ណាខ្លះ​ដែល​គេអា​ច​យក​មកផ្គុំគ្នាផលិតជាគ្រឿងញៀនបាននោះ ដើម្បី​​ទប់ស្កាត់កុំឱ្យមានការនាំចូលដោយស្របច្បាប់បែបនេះបន្តទៀត។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុជាតិ មានប្រសាសន៍ថា ​ក្រសួងនឹងពិនិត្យមើលឡើងវិញ ក្រោយពីទទួលបានការណែនាំពីថ្នាក់ដឹកនាំ។

លោក​​បញ្ជាក់ថា ការពិនិត្យទំនិញមួយចំនួន​ដែល​ស្ថិតនៅក្នុងបញ្ជីហាមឃាត់ចូលម​ក​កម្ពុជាកន្លងមកនោះ ក្រសួងពាណិជ្ជកម្មបានសហការជាមួយអាជ្ញាធរ គយ ​​និងរដ្ឋាករ ហើយចំពោះករណី​នាំចូល​សារធាតុញៀន​ដែលពាក់ព័ន្ធនឹងថ្នាំញៀននោះ ក្រសួងមិនទាន់ពិនិត្យនៅឡើយទេ។

លោកថា៖ «សូមជម្រាបថា កាតព្វកិច្ចសំខាន់បំផុតរបស់ស្ថាប័នពាក់ព័ន្ធហ្នឹង គឺស្ថិតនៅក្នុងដៃរបស់អគ្គនាយកគយនិងរដ្ឋាករដែលជាអ្នកធ្វើកិច្ចការងារនេះផ្ទាល់នៅតាមច្រកព្រំដែន»។

អគ្គនាយ​កនៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លោក គុណ ញឹម មានប្រសាសន៍ថា កន្លងមក ការនាំទំនិញគីមី និងទំនិញជាប់កម្រិតកំណត់មួយចំនួន​ចូលកម្ពុជា មិនមែនអគ្គនាយក​គយជាអ្នកសម្រេចឱ្យនាំចូលនោះទេ ប៉ុន្តែក្រសួងជំនាញជាអ្នកផ្ដល់អាជ្ញាបណ្ណឱ្យ ទើបខាងគយអនុញ្ញាតជាក្រោយ។

លោកថា៖ «តាមមុខទំនិញ ដោយទំនិញខ្លះគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម ទំនិញខ្លះគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ហើយទំនិញខ្លះគ្រប់គ្រងដោយ​សុខាភិបាល ឬក្រសួងរ៉ែ អ៊ីចឹងទៅ។​ យើងមានអនុក្រឹត្យមួយ​ អនុក្រឹត្យ១៧ ស្ដីពីការ​ទំនិញជាប់​អាយ័ត្នហ្នឹង។ ទំនិញជាប់អាយ័ត្នហ្នឹង គឺជាទំនិញទាំងឡាយ មុននឹងនាំចូល ត្រូវមានអាជ្ញាបណ្ណពីក្រសួង​ជំនាញ។ អគ្គនាយកគយ និងរដ្ឋាករ មិនអនុញ្ញាតឱ្យនាំចូលទេ បើសិនជា​​មិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីក្រសួងដែលទទួលខុសត្រូវក្នុងការចេញអាជ្ញាបណ្ណហ្នឹង»។

​នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកការចេញបញ្ជារបស់លោក ស ខេង ជាសញ្ញាវិជ្ជមានមួយ​ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ខណៈគ្រឿងញៀនកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម។ ប៉ុន្តែលោកថា សាររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចនឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿបន្ថែមទៀតលើរដ្ឋាភិបាល បើសិនមន្ត្រី​មិនអាចចាប់ខ្លួនអ្នកពាក់​ព័ន្ធយកមកផ្ដន្ទាទោសបានទេនោះ។

លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ ​«ក្នុងន័យថា យើងត្រូវរកឫសគល់បញ្ហាហ្នឹងឱ្យឃើញ ហើយអ្នកពាក់ព័ន្ធទាំងអស់ដែលជាប់ពាក់ព័ន្ធហ្នឹង រកឱ្យឃើញជាសំណាញ់។ ហើយបើសិនជាមានការពាក់ព័ន្ធជាមួយមន្ត្រីធំៗ អ្នកមានសែស្រឡាយអ្នកមានអី យើងមិនគួរលើកលែង អាហ្នឹងបានដោះស្រាយបញ្ហាបាន» ។

បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់វីអូឌីកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ថាការបង្ក្រាប​បទល្មើសគ្រឿងញៀនកាលពីឆ្នាំ២០២១ សមត្ថកិច្ចចាប់ជនល្មើសបាន១២ ០០០នាក់ ក្នុងនោះ ៣០% ជាអ្នកប្រើប្រាស់ និង ៧០% ជាអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជា ជួញដូរ រក្សា​ទុក និងដាំដុះ ខណៈគ្រឿងញៀនសមត្ថកិច្ចរឹបអូសបានជាង​៤តោន​។ ចំនួនគ្រឿងញៀនដែលបង្ក្រាបបាននៅឆ្នាំ២០២១ បើធៀបកាលពីឆ្នាំ២០២០ មានការកើនឡើងប្រហែល​ ៣០%៕

កែតម្រូវ៖ […] សារធាតុញៀនជាង៣០០តោន […] ទៅជា […] សារធាតុញៀនជាង១០០តោន […]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ