សង្គមស៊ីវិល​ជំរុញ​ឱ្យ​ពន្លឿន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ចំនួន​២​ដើម្បី​ប្រឆាំង​អំពើពុករលួយ

សន្និសីទសារព័ត៌មាន សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហេង វិចិត្រ)

អង្គការ​សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បានជំរុញជាថ្មីម្ដងទៀតឱ្យរដ្ឋាភិបាល​ពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់​ការ​ការ​ពារ​សាក្សី និង​សេចក្ដីព្រាងច្បាប់​សិទ្ធិទទួលបាន​ព័ត៌មាន​ ដើម្បី​ឈាន​ទៅ​ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។

តំណាង​រង​នៃការិយាល័យឧត្ដម​ស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) អ្នកស្រី Claudia De La Fuente បានលើកឡើងនៅក្នុងពិធីប្រកាសរបាយការណ៍វាយតម្លៃនៃសន្ទស្សន៍អំពើពុករលួយនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ​ថាការ​អនុម័ត​សេចក្ដីព្រាង​​ច្បាប់​ស្ដីពីការ​ការពារ​សាក្សីនិង​បុគ្គល​រាយការណ៍ និងសេចក្ដីព្រាង​ច្បាប់ស្ដីពីសិទ្ធិ​ទទួលបានព័ត៌មាន មាន​ភាពចាំបាច់ណាស់នៅក្នុងការប្រយុទ្ធប្រឆាំងនិង​ទប់ស្កាត់អំពើ​ពុករលួយនៅកម្ពុជា។ អ្នកស្រីបន្ត​ថា បើមិនមានច្បាប់នេះទេ [ច្បាប់ស្ដីពីការ​ការពារ​សាក្សីនិង​បុគ្គល​រាយការណ៍] ប្រជាពលរដ្ឋនឹងមិនហ៊ានរាយការណ៍ពីអំពើពុករលួយនោះឡើយ។

អ្នកស្រីបានគូសបញ្ជាក់​ថា៖ «យើងបានឮពីក្រសួងយុត្តិធម៌មកថា គេបានបញ្ចប់ការកែសម្រួលហើយ គេផ្ញើសេចក្ដីព្រាង​នេះទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ ប៉ុន្តែយើងមិនទាន់​បាន​ស្ដាប់​ឮបន្ថែមទៀតពីអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេពីច្បាប់ហ្នឹង។ ប៉ុន្តែយើងសង្ឃឹមថា នឹងមានការពិគ្រោះយោបល់មួយជុំទៀតលើសេចក្ដីព្រាងច្បាប់​នេះ មុនពេល​សេចក្ដីព្រាង​ច្បាប់ត្រូវបានបញ្ចប់។ ច្បាប់ទាំងពីរនេះមា​នសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ»។

កាលពីខែមិថុនា ឆ្នាំ២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ដាក់​សេចក្ដីព្រាង​ច្បាប់ស្ដីពី​ការកា​រពារ​សាក្សី និង​បុគ្គល​រាយការណ៍ ឱ្យ​​ភាគី​ពាក់ព័ន្ធ​ពិភាក្សា នៅ​ក្នុង​សិក្ខាសាលា​មួយ​ ដោយ​រំពឹង​ថា សេចក្ដីព្រាង​ច្បាប់នេះនឹង​ចេញ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៦​កន្លងទៅ។ ក៏ប៉ុន្តែអស់រយៈពេល៦ឆ្នាំមកនេះ សេចក្ដីព្រាងច្បាប់នេះ​នៅមិនទាន់អនុម័តនៅឡើយ។

បើតាមអ្នកស្រី Claudia De La Fuente បច្ចុប្បន្ន សេចក្ដីព្រាងច្បាប់ស្ដីពីការការពារសាក្សី និង​បុគ្គល​រាយការណ៍នេះ បានឆ្លងផុតពីដៃក្រសួងយុត្តិធម៌ហើយ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដៃរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ចំណែកសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានវិញ ក៏បានឆ្លងផុតពីដៃក្រសួងយុត្តិធម៌ហើយដែរ ហើយបច្ចុប្បន្នកំពុងស្ថិត​នៅក្នុងដៃរបស់ក្រសួងព័ត៌មាន។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់ពី​លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាន​ទេ នៅថ្ងៃពុធនេះ។

អ្នក​នាំ​ពាក្យក្រសួង​​ព័ត៌​​មាន លោក មាស សុភ័ណ្ឌ បានប្រាប់​ វីអូឌី នៅថ្ងៃពុធនេះថា ក្រសួងព័ត៌មានបានបញ្ចប់ការពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះ ជាមួយក្រសួងយុត្តិធម៌រួចហើយ ហើយ​បច្ចុប្បន្នក្រសួងព័ត៌មានកំពុងរៀបចំឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីភ្ជាប់ជាមួយនឹងសេចក្ដីព្រាងច្បាប់នេះ។ លោកថា ក្រសួង​គ្រោង​នឹងបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពេលខាងមុខនេះ តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះឡើយ។

លោកបានថ្លែងថា៖ «យើង​នឹងព្យាយាមខិតខំនៅក្នុងការជំរុញ ក៏ដូចជាដាក់ស្នើសុំនូវសេចក្ដីព្រាងច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី បានលើកឡើងថា ប្រជាពលរដ្ឋ​នឹងមិនហ៊ានរាយការណ៍ពីអំពើពុករលួយឬ​បទល្មើសផ្សេងៗឡើយ ប្រសិនបើមិនមាន​ច្បាប់​ការពារសាក្សី និងបុគ្គលរាយការណ៍នេះ។

លោកថា៖ «អ៊ីចឹងបើយើងធ្វើយុទ្ធនាការឱ្យប្រជាពលរដ្ឋចូលរួម ហើយយើងអត់មានច្បាប់ការពារគាត់នៅពេលដែលគាត់ចូលរួម ឧទាហរណ៍ថា រឿងខ្លះពាក់ព័ន្ធសុខសុវត្ថិភាពគាត់ គាត់​អាច​ផ្ដល់ព័ត៌មានរឿងការរកស៊ីគ្រឿងញៀន ក្រុមជនទុច្ចរិតកាចសាហាវអី គាត់ភ័យណាស់! អ៊ីចឹងប្រជាពលរដ្ឋគាត់អត់ចង់ចូលរួមទេ កាលណាគាត់គិតថាគាត់ចូលរួមទៅ គាត់អត់​មាន​អ្នកការពារផង ហើយមានហានិភ័យដាក់ខ្លួន អ៊ីចឹងខ្ជិលតែម្ដង»។

កាលពីថ្ងៃម្សិលមិញ អង្គការតម្លាភាពអន្តរជាតិ (TI) បានវាយតម្លៃថា កម្ពុជាទទួលបាន២៣ពិន្ទុ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោម១៨០ប្រទេសនិងដែនដី នៃសន្ទស្សន៍យល់ឃើញពីអំពើពុករលួយនៅក្នុងពិភពលោក។ ពិន្ទុ​នេះបង្ហាញថា កម្រិតអំពើពុករលួយ​ក្នុងប្រទេសក្រីក្រមួយនេះមានភាពប្រសើរតិចតួចប៉ុណ្ណោះ បើធៀបឆ្នាំមុន។​ កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានពិន្ទុ២១ ដោយជាប់ចំណាត់ថ្នាក់ទី១៦០លើ១៨០ប្រទេសនិងដែនដី។

ក្រៅពីជំរុញ​ឱ្យរដ្ឋាភិបាលពន្លឿនក្នុងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការការពារសាក្សី និង​បុគ្គលរាយការណ៍ហើយនោះ ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើឱ្យអង្គភាពប្រឆាំងអំពើ​ពុករលួយធ្វើវិសោធនកម្មច្បាប់ស្ដីពី«ការប្រឆាំងអំពើពុករលួយ»ដែលរដ្ឋសភាបានអនុម័ត​កាលពីឆ្នាំ២០១០ផងដែរ។ ការធ្វើវិសោធនកម្មដោយផ្ដោតលើមាត្រាមួយចំនួន ជាពិសេស​មាត្រាដែលទាក់ទងការប្រកាសទ្រព្យសម្បត្តិ ដែលគួរធ្វើឡើងជាចំហនិងតម្លាភាព និង​មាត្រាស្ដីពី «ការបង្កើតក្រមសីលធម៌ វិជ្ជាជីវៈការងារ» ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ