រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ហៅ​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់​ទៅ​អប់រំ​ក្រោយ​មាន​ជម្លោះ

រថយន្តក្រុងសាធារណៈមួយគ្រឿងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City BUS)។ (ហ្វេសប៊ុក៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS)

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City-Bus) រាជធានីភ្នំពេញ ហៅអ្នកបើកបររថយន្តក្រុងសាធារណៈម្នាក់ទៅធ្វើការអប់រំនិងពង្រឹងសុជីវធម៌ឡើងវិញ បន្ទាប់ពីអ្នកបើកបររូប​នេះបានបង្កជម្លោះជាមួយអ្នកបើកបរម៉ូតូមួយគ្រឿង។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City-Bus) រាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមករា បានចាត់ទុកទង្វើនិងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបររថយន្តក្រុងរបស់​រដ្ឋឈ្មោះ ម៉ៅ សុផល ថា​បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរសុជីវធម៌សម្រាប់អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត។

សេចក្ដីប្រកាសព័ត៌មានដដែលបាន​រៀបរាប់ថា ការឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូ និងអ្នកបើកបររថយន្តក្រុងសាធារណៈ ឈ្មោះ ម៉ៅ សុផល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានកើតឡើងដោយសារអ្នកបើកបររថយន្តក្រុងបានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរនៅលើទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ ដែលបានធ្វើឱ្យភាគីខាងម៉ូតូមានការខឹងសម្បាក៏ជិះតាម និងប្រើពាក្យសម្ដីប្រមាថមើលងាយមួយចំនួនលើអ្នកបើកបររថយន្តក្រុង។ នៅពេលនោះ អ្នកបើកបររថយន្តក្រុងក៏ទប់អារម្មណ៍ខឹងពុំបាន ក៏ឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការនិងពាក្យសម្ដីមិនសមរម្យ។

យ៉ាងណាក្ដី រដ្ឋាករស្វយ័តបានអំពាវនាវឱ្យពលរដ្ឋអ្នកបើកបរម៉ូតូទាំងឡាយទុកគន្លងផ្លូវរថយន្តក្រុងសាធារណៈ​ធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ លោក យ៉ែម វិរោធ និយាយថា តាមការសង្កេតរបស់លោកបច្ចុប្បន្ន គឺពុំមានការគោរពគន្លងធ្វើចរាចរណ៍នោះទេ ដោយអ្នកបើកបរម៉ូតូខ្លះបានជិះលើ​គន្លងផ្លូវរបស់រថយន្ត ខណៈរថយន្តខ្លះក៏ជិះលើគន្លងរបស់ម៉ូតូដែរ។

លោក យ៉ែម វិរោធ បន្តថា៖ «វាអាចមកពីកង្វះការយល់ដឹងរបស់គាត់ទាក់ទងនឹងរឿងទាំងអស់ហ្នឹង អ៊ីចឹង​​បើសិនជាអាច យើងគួរតែ​មាន​វីដេអូណែនាំខ្លីៗនៅលើបណ្ដាញសង្គមអ៊ីចឹង ឱ្យ​គាត់​បានឃើញពី​គុណវិបត្តិនៃការមិនគោរព​ច្បាប់​។ ឧទាហរណ៍ដូចជា ម៉ូតូជិះនៅលើគន្លងឡាន វាមានផល​ប៉ះពាល់​យ៉ាងម៉េច! វាមានលទ្ធផល​យ៉ាង​ម៉េច! ឱ្យគាត់បាន​ឃើញអ៊ីចឹងទៅ គាត់ក៏អាចកាត់បន្ថយការមិនគោរព​ច្បាប់របស់គាត់​បាន​ខ្លះ​ដែរ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា មិនមែនតែម៉ូតូទេដែលជិះលើគន្លងរថយន្ត រថយន្តក៏ជិះលើគន្លងម៉ូតូដែរ។ យ៉ាងណា លោកថា នៅលើដងផ្លូវចំណុចខ្លះមិនមានគន្លង ពោលគឺទទេស្អាត ដែលពិបាកសម្គាល់ថា តើជាផ្លូវរថយន្តឬម៉ូតូ ដោយសារពុំមានគំនូសនិងសញ្ញា ដែលធ្វើឱ្យពិបាកដល់អ្នកធ្វើដំណើរអនុវត្ត។

លោក យង់ គិមអេង មានប្រសាសន៍ថា៖ «ការលើកឡើងជាការល្អ ប៉ុន្តែត្រូវតែរៀបចំលក្ខណៈសម្បត្តិចរាចរណ៍ហ្នឹងឱ្យបានត្រឹមត្រូវ ទី១ គំនូសចរាចរណ៍ ហើយនិងទី២ គឺគ្រប់យានយន្តទាំងអស់ត្រូវតែគោរពដូចគ្នា។ ហើយមិនអ៊ីចឹងទេ ទាល់តែហ៊ានធ្វើការផាកពិន័យឱ្យបានច្បាស់​លាស់ អាហ្នឹងក៏អាចជួយជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ហ្នឹងបានទាំងអស់គ្នាដែរ»។

សូមជម្រាបថា វីដេអូឃ្លីបស្ដីពីការប៉ះពាក្យសម្ដីគ្នារវាងអ្នកជិះម៉ូតូនិងអ្នកបើកបររថយន្តក្រុងសាធារណៈនេះ ត្រូវបានគេចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម (Facebook) ដែលបង្ហាញពីការខ្វះខាតសីលធម៌និងការគោរពគ្នាទៅវិញទៅមករវាងអ្នកបើកបរម៉ូតូនិងរថយន្តក្រុងសាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ