មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសមួយចំនួន រួមទាំងអាល្លឺម៉ង់ បានជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលតុលាការបានរំលាយ ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស ខណៈលោក កឹម សុខា នៅជាប់បម្រាមធ្វើនយោបាយនៅឡើយ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បានលើកឡើងលើហ្វេសប៊ុករបស់លោកថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកស្រី ភីត្រា ស៊ីគមឺនដ៍ (Petra Sigmund) អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ បានចូលជួបលោកក្នុងដំណើរទស្សនកិច្ចមកកម្ពុជា។ លោកគូសបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីអាល្លឺម៉ង់ បានស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងបង្ហាញការចាប់អារម្មណ៍ចំពោះស្ថានភាពដំណើរការសវនាការនៃរឿងក្តីរបស់លោក ហើយថា អាល្លឺម៉ង់«រំពឹងយ៉ាងមុតមាំអំពីការសន្និដ្ឋានបញ្ចប់ដោយយុត្តិធម៌និងឆាប់រហ័ស» នៃសំណុំរឿងចោទប្រកាន់នេះ។
មួយវិញទៀត លោកថា អាល្លឺម៉ង់ ក៏ចង់ឃើញកម្ពុជា មានភាពពហុនិយមត្រឹមត្រូវ[ពហុបក្ស] មានវិបុលភាព សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
បើតាមហ្វេសប៊ុក លោក កឹម សុខា ត្រឹមដើមខែមករានេះ តំណាងប្រទេសលោកសេរីមួយចំនួនទៀត ក៏បានចូលសួរសុខទុក្ខ និងពិភាក្សាបញ្ហាទាំងនេះដែរ ក្នុងនោះមានតំណាងប្រទេសជប៉ុន ន័រវែស បារាំង និងអាមេរិក ជាដើម ។
បញ្ហានេះ លោកស្រី Petra Sigmund មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ បានលើកឡើងនៅលើបណ្តាញសង្គមTwittet របស់គាត់ថា «ពិតជាល្អណាស់ដែលបានជួបលោក កឹម សុខា នៅរាជធានីភ្នំពេញ និងដើម្បីផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីកិច្ចការបច្ចុប្បន្ន ស្ថានភាពនៃការកាត់ក្តីលើគាត់ និងទស្សនវិស័យសម្រាប់ការបញ្ចប់រឿងនេះដោយយុត្តិធម៌ និងឆាប់រហ័ស»។
យ៉ាងណា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Petra Sigmund ក៏បានជួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ផងដែរ។
លោកស្រីបញ្ជាក់ថា ក្នុងជំនួបនោះ គាត់បានជជែកលើបញ្ហាអាស៊ាន មីយ៉ាន់ម៉ា សិទ្ធិមនុស្ស ការប្រែប្រួលអាកាសធាតុ ថាមពល និងបញ្ហាទន្លេមេគង្គផងដែរ។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា លោក ប្រាក់ សុខុន មិនបានរំលេចខ្លឹមសារនៃការជជែកពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងជំនួបនោះទេ។
លោកប្រាក់ សុខុន បានសរសេរនៅលើហ្វេសប៊ុករបស់លោកក្រោយជំនួបនោះថា៖ «កម្ពុជា និងអាល្លឺម៉ង់ ទើបតែបានសម្រេចសេចក្តីប្រកាសរួម ស្តីពីការពិគ្រោះយោបល់ទ្វេភាគី ដែលនឹងផ្តល់យន្តការសន្ទនាសម្រាប់ប្រទេសទាំងពីរ សំដៅបង្កើនការយោគយល់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពដែលអាចនាំមកនូវផលប្រយោជន៍ដល់ប្រជាជនរបស់យើង»។
ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ដំណើររឿងក្តីរបស់លោក កឹម សុខា យឺតឬលឿន អាស្រ័យលើតុលាការកម្ពុជា មិនមែនអាស្រ័យលើភាគីបរទេសណាផ្សេងនោះទេ ហើយថា ការព្រួយបារម្ភ ឬការរំពឹងទុកណាមួយពីភាគីពាក់ព័ន្ធ គ្រាន់តែជាទស្សនៈរបស់ពួកគេប៉ុណ្ណោះ។
លោកថា៖ «សារហ្នឹង ជាសាររបស់ឯកជនទេ ពីព្រោះរដ្ឋាភិបាលគ្មានអ្វីពាក់ព័ន្ធជាមួយតុលាការ ហើយទាំងសងខាងគ្មាននរណាដឹងថា តើតុលាការវិនិច្ឆ័យថាមានទោសឬអត់ទោស អាហ្នឹងជារឿងផ្សេងមួយទៀត»។
អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត មាស នី មើលឃើញថា បើទោះបីពេលនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្ថិតក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិនៃប្លុកប្រទេសលោកសេរីក៏ដោយ តែការវិវត្តលឿនទៅរកភាពប្រសើរឡើងវិញនោះ ហាក់ពិបាកទៅរួច បើរដ្ឋាភិបាលនៅតែគិតថាពួកគេកំពុងដើរលើផ្លូវត្រូវនោះ។
ប៉ុន្តែលោកថា ជាទស្សនៈ រដ្ឋាភិបាលមិនទាន់បានអនុវត្តឱ្យបានពេលលេញនៅឡើយទេ ពីគោលការណ៍សិទ្ធិមនុស្ស ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យនោះ។ លោកព្រួយបារម្ភថា បើបញ្ហានេះនៅតែអូសបន្លាយ កម្ពុជានឹងបន្តខាតបង់ ត្បិតពេលនេះ កម្ពុជាមានការនាំចូលច្រើនពីប្រទេសចិន តែទីផ្សារធំរបស់កម្ពុជាសម្រាប់ការនាំផលិតផលទៅលក់ រួមនិងទីផ្សារការងារនិងសេដ្ឋកិច្ចគឺនៅប្រទេសលោកសេរីទៅវិញទេ។
លោកថា៖ «បញ្ហាធំនៅស្រុកយើង ពេលយើងមានវិបត្តិសិទ្ធិមនុស្ស ឬអយុត្តិធម៌សង្គមផ្សេងៗ យើងមិនដឹងថា តើនរណាជាអាជ្ញាកណ្តាលពិតប្រាកដ ជួយវែកផ្លូវកណ្តាលមួយ ដើម្បីរកយុត្តិធម៌អ្នកដែលទទួលរងគ្រោះ វាពិបាករក មិនមែនថាអត់មានសោះទេ? តែកន្លែងខ្លះដែលយើងគិតថា ជាស្ថាប័នអាជ្ញាកណ្តាលហ្នឹង បានត្រូវទទួលឥទ្ធិពលពីអ្នកនយោបាយហ្នឹងធ្ងន់ធ្ងរណាស់រួចស្រេចទៅហើយ»។
មាត្រា៣១នៃរដ្ឋធម្មនុញ្ញចែងថា៖ «ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស»។
ស្ថានភាពសិទ្ធិនុស្ស និងប្រជាធិបតេយ្យ ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះចាប់ពីឆ្នាំ២០១៧មក ក្រោយពីមានការចាប់ខ្លួនមេបក្សប្រឆាំងដាក់ពន្ធនាគារ និងរំលាយគណបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ។ បញ្ហានេះបានជំរុញឱ្យប្លុកប្រទេសលោកសេរី ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រើវិធានជាបន្តបន្ទាប់ មានការកាត់ផ្តាច់ជំនួយពីស្ថាប័នគ.ជ.ប ដកប្រព័ន្ធអនុវត្តគ្រោះEBA២០ភាគរយ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤រូប ក្នុងនោះមានអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអង្គរក្សនាយករដ្ឋមន្ត្រី លោកហ៊ីង ប៊ុនហៀង ផងដែរ នូវអ្វីដែលពួកគេថា ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា វិលទៅស្តារប្រជាធិបតេយ្យឡើងវិញ៕