ស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែមករា បានចាប់ផ្តើមបើកសម្ពោធកម្មវិធីទំនាក់ទំនងកម្ពុជា-អាមេរិក២០២២ ឬហៅ AmCam2022 ដើម្បីប្រារព្ធពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយផ្លែផ្កាជាមួយអាស៊ាន និងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ លើបញ្ហាអាទិភាពរួមគ្នាដែលរួមមាន ការពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់ចេញពីជំងឺរាតត្បាតជាសាកល ការដោះស្រាយពីបញ្ហាប្រឈមផ្នែកបរិស្ថាននៅតំបន់ទន្លេមេគង្គ បញ្ហាវិបត្តិអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្សជាដើម។
ប្រភពដដែល បានស្រង់សំដីរបស់ឯកអគ្គរដ្ឋទូតអាមេរិកលោក W. Patrick Murphy បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ២០២២ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន យើងប្រារព្ធពីទំនាក់ទំនងយូរអង្វែង រវាងសហរដ្ឋអាមេរិក ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍»។
បើតាមប្រភពដដែល តាមរយៈកម្មវិធីនេះ (ទំនាក់ទំនង កម្ពុជា-អាមេរិក ២០២២ ឬហៅ AmCam2022) ស្ថានទូតសហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពសំខាន់ៗចំនួន ៤ រួមមាន៖ កម្មវិធីAmCam CARES ដោយផ្តោតលើការវិនិយោគរបស់សហរដ្ឋអាមេរិក លើសុខភាពសុខុមាលភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងតំបន់អាស៊ាន, កម្មវិធី AmCam ASPIRES ដែលសហរដ្ឋអាមេរិកគាំទ្រសេចក្តីប្រាថ្នារបស់ប្រជាជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្នុងការចង់មានអនាគតមួយដែលមានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើន, កម្មវិធី AmCam LEADS ដែលផ្តោតលើកិច្ចសហការជាដៃគូ និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការងើបឡើងវិញពីជំងឺមហារាតត្បាតជាសាកល និងក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងកម្មវិធី AmCamCHAMPIONS ដែលផ្តោតលើការមានទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍ជាដើម។
ទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងអាស៊ាន កើតមាន ៤៥ ឆ្នាំមកហើយ និងនៅតែមានភាពរឹងមាំជាងពេលណាៗទៀត ហើយថា សហរដ្ឋអាមេរិក នៅតែបន្តភាពជាដៃគូយ៉ាងជ្រាលជ្រៅជាមួយតំបន់អាស៊ីអាគ្នេយ៍។
ឯកអគ្គរដ្ឋទូត លោក Murphy បន្តថា៖ «យើងមានភាពជាដៃគូយ៉ាងជិតស្និទ្ធនៅក្នុងតំបន់នេះ ហើយយើងនឹងបង្កើនទំនាក់ទំនងរបស់យើងបន្ថែមទៀត នៅឆ្នាំ២០២២នេះ»។
សូមជម្រាបជូនថា ភ្ញៀវដែលចូលរួមនៅក្នុងពិធីបើកកាលពីល្ងាចថ្ងៃទី២៧ ខែមករា បានចូលរួមលេងល្បែងកំសាន្តជាច្រើន និងទទួលទានអាហារបែបខ្មែរ និងអាមេរិក។ ពិធីនេះក៏មានការប្រគំតន្ត្រីបើកកម្មវិធី ដោយចូលរួមពីតារាចម្រៀងខ្មែរ កញ្ញា កេសរ លោក Peace Chong និងក្រុម D-Man ផងដែរ៕