បទយកការណ៍៖ ចំណូលកម្មករផលិតអំបិលតិចតួចនិងមិនទៀងទាត់ បង្ខំឱ្យកុមារមួយចំនួនបោះបង់ការសិក្សាមកជួយគ្រួសារ

ស្ត្រី និងបុរសពីរនាក់កំពុងមើលថែយកចិត្តទុកដាក់លើស្រែអំបិលរបស់ពួកគេ។(រូបភាពដោយ លោក យូ ប៊ុនចាន់)

ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រពី​រង្វង់មូលរូបទុរេននៃក្រុងកំពត ស្ថិតនៅ​ភូមិសុវណ្ណសាគរ សង្កាត់សាគរ គេ​សង្កេត​​ឃើញ​​មាន​​​​ផ្ទះ​ជាច្រើន​ ដែលសាង​សង់ឡើង​​​សម្រាប់​​កម្មករផលិត​អំបិល ខណៈ​​​ពួកគេ​​​សុទ្ធសឹងតែជា​អ្នកគ្មានផ្ទះសម្បែង។

កម្មករផលិតអំបិលក្នុង​តំបន់​នេះ ​ជាអ្នក​ដែលធ្វើការ​ដោ​យប្រើកម្លាំងបាយ ​ ស្ថិតក្រោមកម្ដៅព្រះអាទិត្យដោយ​ប្ដូរ​មកវិញជា​មួយ​ចំណូលតិចតួច និងមិនទៀងទាត់ឬហៅថាការ​ធ្វើការមួយថ្ងៃសម្រាប់តែ​មួយថ្ងៃ។ ការ​ងារ​របស់​ពួក​គេ អាចធ្វើ​នៅ​រដូវប្រាំងសម្រាប់បំពេញភាពទំនេរនៅរដូវវស្សា ហេតុដូច្នេះហើយទើប​កុមារមួយចំនួន​សម្រចមិនបន្ត​ការសិក្សា​មកជួយ​ធ្វើការឪពុកម្ដាយរបស់​ពួកគេ​។

មេការផលិតអំបិល​​ លោក ​​ហួន ភារម្យ ​​បាន​​ប្រាប់ឱ្យ​ដឹង​ថា ​​អ្នក​ដែល​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​ថៅកែ​ស្រែអំបិល​សុទ្ធ​តែ​មាន​ជីវភាព​ក្រខ្សត់ ​​ដែល​អាច​រកប្រាក់​ចំណូល​ជា​មធ្យម​ពី​១៥ ០០០​ទៅ​៣​០ ០០០រៀល​​​ក្នុង​មួយ​ថ្ងៃ​។


ទិដ្ឋិភាពនៅស្រែអំបិល(រូបភាពដោយ លោក យូ ប៊ុនចាន់)

ជាមេគ្រួសារ​​​ដែលមាន​សមាជិក ​៥នាក់​ ក្នុងបន្ទុករូបនេះ​ បាន​អះអាង​ថា ​ការងារ​ស៊ីឈ្នួល​ធ្វើស្រែអំបិល​​តម្រូវ​ឱ្យ​មានការ​អត់ធ្មត់ ខណៈ​ការ​ងារ​នេះ​​ធ្វើមួយ​ថ្ងៃ​ដើម្បីតែ​មួយ​ថ្ងៃ​ ឬធ្វើ​មួយប្រាំង​ដើម្បី​ទុកផ្គត់​ផ្គងនាខែវស្សាប៉ុណ្ណោះ​​​​ រីឯរដូវប្រាំងជារដូវ​ធ្វើអំបិល​ក៏​មិន​ទៀងទាត់​នោះដែរ​ ដោយអាស្រ័យ​លើ​អាកាសធាតុក្ដៅ​ឬមិនមានភ្លៀង។

លោកថា​៖ «សល់តិចតួច​ តែយើងទុកចាយខែវស្សាដដែល​ យើងរកប្រាំងទុកចាយខែវស្សាដដែល​ អស់​ដល់ពេលខែប្រាំងយើងរកទៀតទៅ។  ប្រាក់​ខែប៉ុណ្ណឹង​អត់អាច​​ផ្គត់ផ្គង់គ្រួសារ​គ្រប់​ទេ​ ​ ជំពាក់បំណុលគេ​ ជំពាក់​ថៅកែ ធានាគារផង ឈឹចឹងទៅយើងរកលុយអត់ទាន់ក៏​ខ្ចីគេ​»។​

​លោក ភារម្យ​ ដែលជាកម្មករផលិតអំបិលតាំងពី​អាយុជាង​១០ឆ្នាំ ​បាន​បន្ថែមទៀតថា ​កុមា​រដែលមិនទាន់គ្រប់អាយុ​នៅតំបន់នេះ​ ភាគ​ច្រើនសុទ្ធសឹងតែជាអ្នក​បោះបង់​ការសិក្សា ​និងសម្រេច​ចិត្ត​ចូល​ធ្វើការងារជាអ្នកផលិតអំបិល​នេះ​ដោយសារជីវភាពខ្វះខាត​​។

លោកថា៖ «ក្មេងមិនកំណត់អាយុ​ឱ្យតែធ្វើការកើត​ គេធ្វើហើយ​។ ក្មេងខ្លះបោះបង់ការសិក្សា​មក​ធ្វើការ​វិញ​ ពេល​ពុកម៉ែធ្វើកើត ឱ្យ​​កូនរៀន​ដល់ពុក​ម៉ែធ្វើលែងកើតឱ្យកូនឈប់រៀន​ តែ​ថ្នាក់​ទី៣ ទី៦ ឈប់អស់ហើយ»។

ងាកមក​កម្មកររែក​អំបិល លោក​ សាង ផល្លៃ ​​បានបញ្ជាក់​ថា ​​ចំណូល​​ប្រចាំថ្ងៃមិនថិតថេរ​ទេ ​ដោយអាស្រ័យ​​លើអាកាសធាតុ​ ដោយ​លោកថា បើអាកាស​ធាតុ​​ក្ដៅ​ទើប​​មាន​អំបិលដុះ​ច្រើន។​​ ជាក់ស្ដែង​មុន​ពេល​ដែលប្រពន្ធរបស់លោកមិនទាន់សម្រាលកូន លោកថា អាចរកប្រាក់ចំណូល​បានប្រហមាណ ១០ម៉ឺនរៀល​ក្នុងរយៈពេល​២​ទៅ៣ថ្ងៃ។ លោកផល្លៃ បន្តថា ​​​ការ​ងារ​ដែលមិនទៀងទាត់នេះធ្វើឱ្យ​គ្រួសារជំពាក់បំណុលពេលមានជំងឺ ឬពេលប្រពន្ធ​សម្រាលកូនជាដើម។​

លោកថា៖ «​​គ្រួសារទន់ខ្សោយមែនទែន​ ពិបាកមែនទែន ពិបាកត្រង់ថា​ត្រូវងើបមកខ្វារអំបិល​ ត្រូវមករុះអំបិល​ ដើម្បីរែកទៅចូលឃ្លាំង​ហើយ​យកកម្រៃជីវភាពហ្នឹងមកចិញ្ចឹមគ្រួសារ​ផង ណាមួយយើងមានកូន​មកផ្គត់ផ្គង់ ​»។​

លោក ផល្លៃ សង្កេតឃើញថា ​កុមារ​​នៅតំបន់នេះ បាន​បោះបង់ការ​សិក្សា​នៅកម្រិត​បឋមសិក្សា ដោយ​មិនអាចបន្តទៅរៀននៅអនុវិទ្យាល័យ​ទេ ហើយ​ជំនួស​មក​វិញ​នូវការ​ងារ​ធ្វើ​អំបិលជួយគ្រួសារ។

លោកថា៖​ «ខ្ញុំបារម្ភខ្លាំង​ ខ្លាចតែអនាគតទៅមិនដឹងថា ខ្ញុំ​តស៊ូរួចកម្រិតណា​ អាចចញ្ចឹមកូនដល់កម្រិតណាទេ​ មិនដឹងថា​អាចឱ្យកូនរៀនដល់ថ្នាក់ណាទេ​។​ ខ្លាចតែកូនធំដឹងក្ដី​ចូលសាលាគ្រូពន្យល់ចុះឡើងៗ​ អាណិតម៉ែឪឈប់រៀន​មកធ្វើការជាមួយ​យើង​»។

​លោកសង្ឃឹមថា រដ្ឋាភិបាលអាច​ជួយ​ដោះស្រាយ​បញ្ហាជីវភាពសម្រាប់កម្មករផលិតអំបិល​​ ក៏ដូចជាការឧបត្ថម្ភផ្សេងៗ ដើម្បីផ្ដល់​ឱកាស​ឱ្យ​កុមារក្នុងតំបន់នេះ​អាច​សិក្សាបន្តទៀតបាន។​

អ្នក​ស្រី​ ខេង​ កែវ អាយុ​៣០ឆ្នាំ ជា​កម្មករ​នៅ​ស្រែ​អំបិល​ដែល​បាន​ធំ​ដឹង​ក្ដីឡើង​​នៅ​ទី​តាំង​នោះ​ បាន​​រៀប​​រាប់​​ថា​ អ្នក​ស្រី​​បាន​បោះបង់ការ​សិក្សា​តាំងពីថ្នាក់ទី៣ ដោយ​បា​ន​ចំណាយ​​ពេល​​ជិត​​២០​ឆ្នាំ​​​​ ក្នុងជីវិត​ជា​កម្មករផលិតអំបិល ​ដើម្បីជួយម្តាយ​អ្នកស្រីប្រមូលអំបិល។ អ្នក​ស្រី​បន្ថែមថា សព្វ​ថ្ងៃ​អ្នកស្រីនៅ​តែ​បន្តអាជីព​នេះ បើទោះ​បាន​ទទួលកម្រៃ​​​​​តិចតួច​ក៏ដោយ​ ខណៈចំណូលបច្ចុប្បន្ន គ្រាន់​តែ​​អាច​ជួយ​​អ្នក​ស្រី​ក្នុង​ការ​ចំណាយ​លើ​​ការ​រស់​នៅ​​ពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

អ្នកស្រី​ថា​៖ «​ជា​រួម​យើង​បាន​ដឹង​ត្រឹម​តែ​ថា យើង​បាន​ល្មម​ចាយ​។ យើង​មិន​បាន​ធំ​ដុំ​ដូចជា​ថា​មួយ​ប្រាំង​[មួយរដូវ]យើងអាច​រក​បាន​ម្នាក់​សល់​បំផុត ​គឺ​ត្រឹម​៣ទៅ​៤លានរៀល​ តែ​បើ​យើង​ធ្វើ​គិតជា​​ថ្ងៃ​មួយ​ថ្ងៃ​បាន​គ្រាន់​ចាយដែរ​»។

ស្រ្ដីរូបនេះ​ ​បន្តថា​ ស្រប​ពេលរដូវ​វស្សាចូល​មកដល់ ​អ្នក​ស្រីគ្មាន​អ្វី​ធ្វើ​នោះទេ ប៉ុន្តែ​ខាង​ថៅ​កែ​ក៏បានអនុញ្ញាត​​ឱ្យ​កម្ម​ករ​ទៅ​ធ្វើការ​នៅកន្លែងផ្សេង​ ដើម្បី​ទប់ទល់ការ​ចាយវាយផងដែរ។

អ្នកស្រី​ពោលថា៖ «ថៅ​កែគេអត់​មាន​អី​ឱ្យ​ធ្វើចឹង យើង​អត់មាន​អី​ធ្វើ​ យើង​ត្រូវ​រក​ការងារ​ផ្សេងនៅ​ខាង​ក្រៅ​ធ្វើ​ កាល​ពី​មុន​ខ្ញុំ​ធ្លាប់ជា​អ្នក​លាង​ឡាន»។

ថៅកែអំបិល នៅតំបន់សេះសរ ​ក្រុងកំពតមួយរូប លោក​ ខាន់ ណារី​ ​បាន​លើក​ឡើងថា​ ចំពោះ​ថវិកា​​ដែល​កម្ម​ករ​​អំ​បិល​ធ្វើ​ការ​ ​អាច​សមាមាត្រ​ទៅ​នឹង​ទី​ផ្សារ​ការងារ។ យ៉ាងណា លោកយល់ថា អ្នកបម្រើការងារ​​​ធ្វើ​អំបិលគឺ​មាន​តម្លៃពលកម្ម​ខ្ពស់ដែរ ដោយថានៅ​ក្នុង​មួយ​ថ្ងៃ​កម្មករ​អំ​បិល​អាច​រក​ប្រាក់​ចំ​ណូល​​បាន​មួយថ្ងៃ​ចន្លោះ​ពី​ ៣០ ០០០រៀលទៅ​ ៤០ ០០០រៀល ​​បើ​គិត​ពីប្រាក់​ប្រចាំ​ខែអាច​បានជាង​​ ៣០០​ដុល្លា​រ ហើយ​​បើ​ប្រៀប​​ធៀបទៅ​នឹងការងារ​រោង​ចក្រ​ គឺមាន​​កម្រិត​ខ្ពស់ជាង។

លោកថា៖ «​ករណី​ស្រែ​អំបិល​នេះ​ វា​ពលកម្ម​វា​ធ្ងន់​ធ្ងរ​តិច​តួចមែន​ តែ​លុយ​កាក់ស្រួល​គ្រប់​បែប​យ៉ាង​ ធ្វើ​ភ្លាម​​ ​ធ្វើព្រឹក​ល្ងាច​បើក​ ​ធ្វើព្រឹក​​ល្ងាច​បើក​ ហើយ​តម្លៃ​ឈ្នួល​ពលកម្ម​ក៏ខ្ពស់​ទៀត​ មានការហាលថ្ងៃ​ក្ដៅ​អី​តិច​តួច​ប៉ុណ្ណឹង​វា​ធម្មតា​ទេ​ យើង​ធ្វើ​ការហាលថ្ងៃ​បាន​ឈ្មួល​ពលកម្មខ្ពស់​ប៉ុណ្ណឹង​ក៏អាច​ទទួល​យក​បាន​ដែរ​»។

យ៉ាងណាក្តី ថៅកែផលិតអំបិលរូបនេះ អះអាងថា នៅ​តំបន់​ស្រែ​អំបិល​ជ្រើស​យកតែ​កម្មករ​​​គ្រប់​អាយុ​​តែ​ប៉ុណ្ណោះ ពោលគឺមិនមានការប្រើកម្លាំងពលកម្ម​​កុមារនោះឡើយ ហើយក៏គ្មានការ​​បង្ខំពី​សំណាក់ថៅកែនោះដែរ។

អនុប្រធានមន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពត លោក ហេង ណារ៉ុង បានបញ្ជាក់យ៉ាងខ្លីថា ក្នុង​​ខេត្ត​នេះ មិនមា​ន​កុមារ​បោះបង់​ការសិក្សា ដើម្បីជួយធ្វើការស្រែអំបិលនោះឡើយ។

នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធមនុស្ស លោក​ មឿន តុលា​ បាន​​បង្ហាញការ​ព្រួយ​បារម្ភ​ចំពោះ​កុមារ ដែល​ត្រូវបានគេ​រក​ឃើញ​ថាបាន​ធ្វើការនៅ​តំបន់​ស្រែ​អំបិល ​ដែលករណីនេះ​ជាបញ្ហាមួយ​ទាក់​ទង​​នឹង​​​ពលកម្ម​កុមារ​។ លោកថា រដ្ឋាភិបាលក៏​ធ្លាប់​មាន​ការ​ប្រកាស​ពី​ការ​លុប​បំបាត់​ពលកម្ម​កុមារដែល​ធ្វើការនៅ​ក្នុង​ស្រែអំបិល​នោះដែរ ប៉ុន្តែបញ្ហា​នេះ​នៅ​តែ​បន្តកើតមាន ដែលមូលហេតុ​អាចបណ្តាល​​​​មក​ពី​ស្ថាន​ភាពគ្រួសារខ្សត់​ខ្សោយ​។

លោកថា៖ «តែយ៉ាងណា​​ក៏ដោយ ​យើងឃើញនៅ​តែ​មាន​ នៅ​តែ​កើតមាន​រឿង​ពលកម្មកុមារ​​នៅ​តាម​ស្រែ​អំបិលអី​ហ្នឹង ដោយសារអី ដោយសារជីវភាព​គ្នាក្រី​ក្រ​ មិនដឹងទៅណា​មាន​តែ​ឱ្យកូន​មក​ធ្វើការ​»។

លោកបញ្ជាក់ថា បើទោះ​​ការងារធ្វើ​ស្រែអំបិលនេះ ជាប្រភេទការងារផ្នែកកសិកម្ម​ក៏ពិត​មែន ប៉ុន្តែ​ក៏ស្ថិត​នៅ​ក្រោម​ច្បាប់​ការងារ ដែល​កម្មករ​ត្រូវ​​ទទួល​បាននូវ​លក្ខខណ្ឌការងារ​សមរម្យ និងត្រូវមាន​ការ​គោរព​សិទ្ធិរបស់​​កម្មករផងដែរ។​

លោកបន្តថា​៖ «​ច្បាប់ការងារ​នៅ​ក្នុង​ស្រុក​យើង​ ទោះបី​ធ្វើការនៅ​ក្នុង​វិស័យអី​ក៏ដោយ​ ​វិស័យ​កសិកម្ម​ក៏ដោយ ក៏ត្រូវតែ​ទទួលនៅ​លក្ខ​ខណ្ឌ​​ការ​ងារ​​ដែល​​មាន​ចែងនៅ​ក្នុង​ច្បាប់​ការងារ​ហ្នឹងដែរ​ ដូចជា​[ធ្វើការ]៨ម៉ោងក្នុង​មួយថ្ងៃ​ ឬ៤៨​ម៉ោង​​ក្នុងមួយសប្ដាហ៍​អ៊ីចឹង មាន​​ថ្ងៃ​សម្រាក​​ដែល​មាន​ប្រាក់​ឈ្នួលនិង​មាន​ថ្ងៃឈប់​សម្រាកប្រចាំឆ្នាំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ