សង្គមស៊ីវិលនិងពលរដ្ឋចង់ឱ្យមន្ត្រីរាជការប្រកាសទ្រព្យនិងបំណុលជាសាធារណៈជាជាងដឹងឮតែស្ថាប័នមួយ

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធគណនេយ្យភាពសង្គម និងពលរដ្ឋមួយចំនួន ចង់ឱ្យរដ្ឋាភិបាលប្រកាស​​​​ទ្រព្យនិងបំណុលរបស់មន្ត្រីតាមក្រសួង-ស្ថាប័ន​ជាសាធារណៈ ជាជាងព័ត៌មាននេះដឹងឮ​តែ​ក្នុងអង្គភាព​ប្រឆាំង​អំពើពុករលួយតែមួយ។

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែងថា ការប្រឆាំងអំពើពុករលួយ​ជារឿងអភិបាលកិច្ច ជារឿងស៊ើបអង្កេតលើបទល្មើសឧក្រិដ្ឋកម្ម និងការពិនិត្យលើប្រព័ន្ធដ៏ស្មុគស្មាញដែលមានការជំពាក់ជំពិនគ្នា ទាំងទិដ្ឋភាពច្បាប់ និងគោលនយោបាយ។

លោកបន្តថា ពាក់ព័ន្ធគោលការណ៍នៃតម្លាភាពដើម្បីកាត់បន្ថយអំពើពុករលួយ ការប្រកាស​​​​ទ្រព្យនិង​បំណុលរបស់ក្រសួង-ស្ថាប័នជាតិជាសាធារណៈគឺជារឿងមួយល្អ ដោយសារដើម្បីផ្ទៀងផ្ទាត់​ស្ថានភាព​នៃការងារទៅនឹងប្រាក់ចំណូលរបស់បុគ្គលក្នុងស្ថាប័ន។ លោកថា ប្រសើរជាងការប្រកាសដាក់ក្នុង​ស្រោម​សំបុត្រ ហើយពេលមានបញ្ហាទើបស៊ើបអង្កេតជាក្រោយនោះ គឺមិនបានធ្វើឱ្យមហាជនពេញចិត្តឡើយ។

លោក សន ជ័យ មានប្រសាសន៍ថា៖ «ការប្រកាសទ្រព្យសម្បត្តិរបៀបនេះ គឺមិនទាន់គ្រប់ជ្រុងជ្រោយទេ។ យើងចង់ឱ្យព័ត៌មាននៃការមាន​ទ្រព្យរបស់មន្ត្រីដែលត្រូវប្រកាសហ្នឹង គឺត្រូវបានដឹងឮជា​សាធារណៈ នៅក្នុងហេតុផលមួយ ពលរដ្ឋគេអាចប៉ាន់ប្រមាណ គេមើលមកថាឋានៈគាត់ប៉ុណ្ណឹង វាស័ក្តិសមនឹងមានទ្រព្យប៉ុណ្ណឹងដែរទេ? ហើយទ្រព្យហ្នឹង បើមាន ហើយមិនអាចពន្យល់បាន គឺជាទ្រព្យមួយដែលកើតពីអំពើពុករលួយ»។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យល់ថា ទ្រព្យសម្បត្តិនិងបំណុលរបស់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត គួរតែមានការប្រកាសជាសាធារណៈ។ លោកបន្តថា ប្រជាពលរដ្ឋគួរតែដឹងឮពីរឿងនេះ ដើម្បីឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋ។

លោកថា៖ «ខ្ញុំគិតថា គួរតែមានការប្រកាសជាសាធារណៈ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងគួរតែដឹងឮពីរឿងនេះ ដើម្បីឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋ ក៏ដូចជាឱ្យប្រជាពលរដ្ឋបានដឹងឮនិងឈឺឆ្អាលពីបញ្ហាទាំងអស់នោះដែរ»។

​នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអះអាងថា បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន១៤ ៤៣៥ច្បាប់។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% មាន៣១ស្ថាប័ន ដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័នប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាដើម។

អង្គភាពដដែលបន្តថា ចំពោះរាជធានី-ខេត្តដែលបានបញ្ចប់ការប្រកាសរបស់​ខ្លួនទាំងស្រុងដែរ​នោះមានចំនួន២៥ ដូចជា ខេត្តមណ្ឌលគិរី ខេត្តពោធិ៍សាត់ ​ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ