តុលាការ​ផ្ដន្ទាទោស​សកម្មជន​នយោបាយ​និង​ព្រៃឡង់​ម្នាក់​ជាប់​ពន្ធនាគារ​២ឆ្នាំ​ពី​បទញុះញង់

អតីតសកម្មជនបក្សសង្គ្រោះជាតិ លោក វឿន វាសនា (ហៅ ក្រញូងព្រៃឡង់)។ (ហ្វេសប៊ុកលោក វឿន វាសនា)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិ និង​ជា​សកម្ម​ជន​ការពារ​ព្រៃឡង់​ លោក វឿន វាសនា ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់២​លាន​រៀល ក្រោម​បទ​ចោទ «ញុះញង់» ដែលបានប្រព្រឹត្តលើបណ្ដាញសង្គម។

ការសម្រេចកាត់ទោសនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តសវនាការលើសំណុំរឿងលោក វឿន វាសនា ហៅ «គ្រញូង​ព្រៃឡង់» ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គម។

ក្នុងបន្ទប់សវនាការចៅក្រមជម្រះ លោកស្រី ឈុន ដាវី បានសាកសួរ​លោក វឿន វាសនា ថា​តើលោក​គិត​ឃើញ​អ្វី​ខ្លះ បន្ទាប់​ពី​តុលាការ​បាន​ផ្អាក​សវនាការ ខណៈលោកបានបដិសេធចំពោះរបាយ​ការណ៍​របស់​សមត្ថកិច្ចដែល​ចាក់បង្ហាញ​វីដេអូ អំឡុងពេលសវនាការកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កន្លងមក។

ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ និង​ពាក់ម៉ាស់ លោក វឿន វាសនា សុំមិនឆ្លើយតបចំពោះការសាកសួររបស់ចៅក្រម ដោយសារ​មិនមានមេធាវីការពារក្ដីចូលរួម។

ក្រោយពី​លោក វឿន វាសនា មិនមានអ្វីឆ្លើយតបនោះ ចៅក្រមបានឱ្យតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាន និងឱ្យជនជាប់ចោទសំណូមពរចុងក្រោយ។

តំណាងអយ្យការ លោក ម៉ុត ដារ៉ា បានឡើងធ្វើសេចក្ដីសន្និដ្ឋានថា តាមការសួរដេញដោលកាលពីថ្ងៃទី​២៦ ខែម​ករា ឆ្នាំ២០២២ ជនជាប់ចោទ​ លោក វឿន វាសនា មិនទទួលស្គាល់កំហុសទេ ប៉ុន្តែបើតាមរបាយការណ៍សមត្ថកិច្ចក្នុងអង្គ​ហេតុ​នោះ គាត់​ពិត​ជាបាន​ញុះញង់និងបំផុសបំផុល​ប្រាកដ​មែន។ ករណីនេះ លោក​បាន​ស្នើទៅចៅក្រម​ជម្រះ​​ផ្ដន្ទា​ទោស​ជន​ជាប់​ចោទឈ្មោះ វឿន វាសនា ទៅតាមច្បាប់។

លោកថា៖ «តាមការសួរដេញដោល ជនជាប់ចោទមិនព្រមទទួលស្គាល់កំហុសទេ ប៉ុន្តែតាមរបាយការណ៍សមត្ថកិច្ចដែលបានបញ្ជាក់នៅក្នុងអង្គហេតុ និងដាក់បង្ហាញវីដេអូកាលពីសប្ដាហ៍មុន បានញុះញង់និងបំផុសបំផុលធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល»។

អំឡុងពេលតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាន លោក វឿន វាសនា ដែលជនជាប់ចោទ បានលើកឡើងថា រូបលោកមិនមានអ្វីនិយាយបញ្ជាក់ទៅចៅក្រមទេ ដោយសារ​លោកមានមេធាវីត្រឹម​ត្រូវ ប៉ុន្តែតុលាការបែរ​អត់បានអញ្ជើញ​​មេធាវីការពារក្ដីឱ្យ​​លោកចូលរួមសវនាការទៅវិញ។

ចៅក្រមជម្រះ លោកស្រី ឈុន ដាវី ឆ្លើយតបករណីនេះ​​​ថា៖ «បើសិនជាតុលាការទទួលបានពាក្យរបស់មេធាវី [សុំការពារក្ដី] តុលាការនឹងអញ្ជើញមេធាវីឱ្យមកចូលរួម​សវនា​ការ​ហើយ ព្រោះតុលាការបានទុករយៈពេល​ឱ្យ​លោក១ខែហើយ ប៉ុន្តែពុំមានមេធាវីដាក់ពាក្យមកតុលាការ ដើម្បី​កាពារក្ដីទេ»។

តែយ៉ាងណា លោក វឿន វាសនា នៅតែយល់ថា តុលាការមិនបានជូនដំណឹងទៅលោក សំ សុគង់ ដែលលោកថា​ជាមេធាវីការពារក្ដីឱ្យ​រូបនោះទេ ខណៈក្នុងដំណាក់កាល​ចៅក្រមស៊ើបសួរ លោក​ សំ សុគង់ បានចូលរួមជាមួយដែរ។

លោកថា៖ «ខ្ញុំមានមេធាវី ប៉ុន្តែមកពីតុលាការអត់បានជូនដំណឹង​ទៅមេធាវីការពារក្ដីខ្ញុំប៉ុណ្ណោះ។ ខ្ញុំសំណូមពរឱ្យចៅក្រមទម្លាក់ចោលបទចោទប្រកាន់ទាំងអស់លើរូបខ្ញុំ។ ខ្ញុំមិនបានធ្វើខុសទេ ខ្ញុំជាបុគ្គលស្អាតស្អំ»។

ក្រោយពីតំណាងអយ្យការធ្វើសេចក្ដីសន្និដ្ឋាន និងឱ្យជនជាប់ចោទ​សំណូមពរចុងក្រោយរួច លោក​ស្រី ឈុន ដាវី ចៅក្រម​ជម្រះ ​​បានសម្រេចសម្រាក១៥នាទី ដើម្បីថយទៅពិចារណាមុននឹងប្រកាសសាលក្រម។

ខណៈចៅក្រមសម្រាក​នោះ លោក វឿន វាសនា បាននិយាយមកកាន់អ្នកសារព័ត៌មាន​វីអូឌីដោយ​​រៀប​រាប់​ថា លើកទី១ តុលាការបានពន្យារពេលសវនាការម្ដងរួចមកហើយ ខណៈលើកទី២ តុលាការបានបន្តសវនាការដោយមិនមានមេធាវីការ​ពារក្ដីឱ្យលោកចូលរួមទេ រហូតដល់ថ្ងៃទី៣ ខែកុម្ភៈនេះ ដែលជាថ្ងៃតុលាការបើកសវនាការលើក​ទី៣ ឈានទៅប្រកាសសាលក្រមសម្រេច​ ក៏មិនមានមេធាវីដែរ។

ទោះបីជាមិនមានមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទនោះ ចៅក្រម​​ជម្រះបាន​​សម្រេច​​ផ្ដន្ទាទោស​​លោក វឿន វាសនា ដាក់ពន្ធនាគារ២​ឆ្នាំ ពិន័យប្រាក់២​លានរៀល និងបង្គាប់ឱ្យសមត្ថកិច្ច​ឃុំខ្លួននៅពន្ធនាគារពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»

បន្ទាប់ស្ដាប់ចៅក្រមប្រកាសសាលក្រមរួច លោក វឿន វាសនា ស្រែកថា «អយុត្តិធម៌» និង​មិនព្រម​ផ្ដិត​មេដៃទទួលស្គាល់​ ដោយ​ថា ខ្លួនមិនបានប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់ឡើយ។ លោកបានហៅតុលាការថា «តុលាការតេឡេ» បន្ទាប់ពីឆ្មាំ​​នាំ​ទៅកាន់​ពន្ធនាគារវិញនោះ។

លោកថា៖ «អយុត្តិធម៌សម្រាប់ខ្ញុំណាស់! ខ្ញុំមិនផ្ដិតមេដៃទេ តុលាការតេឡេ»។

លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា គាត់បានការពារក្ដីឱ្យលោក វឿន វាសនា ប៉ុន្តែក្នុងសំណុំ​រឿង​ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្សប្រឆាំង​ផ្សេង​ទៀត ខណៈ​សំណុំ​រឿង «ញុះញង់» នេះ លោក​មិន​បាន​ការ​ពារ​ក្ដីឱ្យទេ។

លោកថា៖ «ការប្រព្រឹត្ត​នៅឆ្នាំ២០២១ ទាក់ទងនឹងលោកជំទាវ មូរ សុខហូរ ​វិលត្រលប់មកប្រទេសខ្មែរវិញ ការផុស​តាម​ហ្វេសប៊ុកគាំទ្រការវិលត្រលប់ និងមួយទៀតពាក់ព័ន្ធនឹងការទិញសញ្ជាតិទិញអីហ្នឹង»។

លោកបន្តថា លោក វឿន វាសនា អាចមិនមែនមានតែសំណុំរឿង​ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងរួមគំនិតក្បត់» ឡើយ។

នាយករង​អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការ​សម្រេច​នេះមិន​ទាន់​មាន​យុត្តិធម៌​ទេ​សម្រាប់ជនជាប់ចោទ ទោះបីជាសំណុំរឿងរបស់លោក វឿន វាសនា ជាបទមជ្ឈិម ដែលអាចមានមេធាវីបាន ឬអត់មេធាវីបានក្ដី។

លោក​បន្តថា ភាពមិនទាន់មានយុត្តិធម៌នោះ ដោយសារ​គាត់មិនឆ្លើយនឹងសំណួរ​ចៅក្រមដោយ​អត់​មាន​មេធាវី ប៉ុន្តែការមិន​ឆ្លើយរបស់គាត់មានភាពវិជ្ជមាននិងអវិជ្ជមាន ខណៈសំណុំរឿង​នេះក៏មានពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះការចាប់បញ្ជូនពីថៃ​មក​កម្ពុជាធ្វើឡើងបន្ទាប់​ពី​គាត់​បានរិះគន់រដ្ឋាភិបាលកម្ពុជា។

លោកថា៖ «មកដល់ពេលនេះ សាលក្រមដែលប្រកាសនេះ វាហាក់ដូចបទល្មើស[ស្មើ]នឹង២​ឆ្នាំ ហើយបទល្មើសនេះ វាជាអតិបរមា មិនមានការបន្ធូរបន្ថយទេ។ តែយើងឃើញថា ការវិនិច្ឆយនេះ ​ការកាត់ទោសនេះ វា​កម្រិតធ្ងន់​ធ្ងរ​ណាស់ ព្រោះអតិបរមាទៅទៀត​​ មិនមានការបន្ធូរបន្ថយ ហើយការផាកពិន័យក៏វាមានកម្រិតធ្ងន់ធ្ងរដែរ។ អ៊ីចឹង​បើយើងមានភាពអយុត្តិធម៌ វា២ទៅ៣ នៅក្នុងហ្នឹងរួចទៅហើយ»។

លោក វឿន វាសនា បានភៀសខ្លួនទៅកាន់ប្រទេសថៃ នៅដើមឆ្នាំ២០២០ បន្ទាប់​ពីមានការបង្ក្រាប​លើអ្នកនយោបាយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ។

ប៉ុន្តែលោក វឿន វាសនា ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនខ្លួន​ពីទីក្រុងបាងកកជាមួយសកម្មជនបក្ស​ប្រឆាំង​ម្នាក់​ទៀត ឈ្មោះ​ វឿង សំណាង កាលពីថ្ងៃទី៨ ខែវិច្ឆិកា​ ឆ្នាំ២០២១។

កាលពីខែមេសា ឆ្នាំ២០២១ លោក វឿន វាសនា (ក្រញូងព្រៃឡង់) ត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ពីបទ «ញុះញង់ឱ្យវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងមាត្រា១១ នៃច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោក​ វឿន វាសនា បានប្រើគណនីហ្វេសប៊ុកឈ្មោះ «ព្រៃឡង់ ក្រញូង» ចូលទៅបញ្ចេញមតិរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានដឹកនាំប្រទេសឱ្យមានវិនាសកម្មព្រៃឈើ ការកែច្បាប់រដ្ឋធម្មនុ​ញ្ញ និងការអនុវត្តច្បាប់មិនត្រឹមត្រូវនៅកម្ពុជា រហូតធ្វើឱ្យលោកនាយករដ្ឋមន្ត្រីខឹងសម្បារ និងបានបញ្ជា​ឱ្យតាមរកចាប់ខ្លួនលោក វឿន វាសនា មកកាត់​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ