ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​លោក កឹម សុខា

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang ជួបជាមួយលោក កឹម សុខា ដើម្បីសួរសុខទុក្ខ និងពិភាក្សាអំពីដំណើរការសវនាការរឿងក្ដីរបស់លោក កឹម សុខា ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ប្រាថ្នា​ចង់​ឃើញ​រឿងក្ដី​របស់​លោក កឹម សុខា ​ប្រធាន​គណបក្សសង្រ្គោះ​ជាតិ​​ដែល​​​​​តុលាការកំពូលរំលាយ ត្រូវបានដោះស្រាយ​ប្រកបដោយ​​តម្លា​ភាពនិងយុត្តិធម៌ ដើម្បី​​អាច​​​បើក​​ផ្លូវ​​ឱ្យ​​អ្នកនយោបាយចាស់វស្សារូបនេះបានចូលរួមក្នុង​ជីវភាព​​​នយោ​បាយ​ជា​ថ្មី​ទៀត។

ឯក​អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កង់ (Pablo Kang) បាន​លើកឡើង​​នៅ​ក្នុង​​បណ្ដាញ​សង្គម Twitter របស់​លោក​នៅថ្ងៃទី៣ ខែ​កុម្ភៈ​ ថាអូស្រ្តាលីពិតជាចង់​ឃើញរឿងក្ដីរបស់លោក កឹម សុខា នេះត្រូវបានដោះស្រាយឆាប់ៗ ហើយដំណោះស្រាយន​យោ​​​បាយនេះត្រូវឈរលើគោលការណ៍តម្លាភាពនិងយុត្តិធម៌។

បើតាមលោក ប៉ាប្លូ កង់ (Pablo Kang) នៅក្នុងជំនួបទ្វេភាគី​ជាមួយលោក កឹម សុខា​ នៅថ្ងៃទី៣ ខែ​កុម្ភៈ លោក​ក៏​​បាន​​​លើក​​​​ឡើង​​​ពី​​សំ​​ណុំ​​​​​រឿងរបស់លោក កឹម សុខា ដែលត្រូវបាន​អូស​បន្លាយពេល​​ដ៏​យូរ ហើយ​​កំពុ​ង​​ស្ថិត​នៅ​​​​ក្នុងដៃតុលាការនៅឡើយដែរ ខណៈ​​​​មន្រ្តី​​ស្ថាន​ទូតអូស្រ្តាលីតែង​​ឃ្លាំមើល​​ដោយ​​​​ផ្ទាល់​​ពី​​ស​​វនា​​ការដ៏ចាំបាច់មួយនេះជាបន្តបន្ទាប់មក។

ក្នុងពេលជាមួយគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក កឹម សុខា ឯណេះវិញ ក៏​​បង្ហាញ​​ពីជំនួបផ្លូវការ​របស់អ្នកទាំងពីរកាលពីថ្ងៃម្សិលមិញដែរ។

ប្រធាន​គណបក្ស​ប្រឆាំង​​ដែល​​ត្រូវ​​បាន​រំលាយ​ដោយ​​​អំ​​ណាច​​សាល​ដីកា​​តុលាការ​កំពូល បញ្ជាក់​​​ថា អូស្រ្តាលី​​ក្នុងនាម​ជា​​​ប្រ​​ទេស​​​​ម្ចាស់ហ​ត្ថលេខី នៃកិច្ចព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស​​ដែរ នឹង​​នៅ​តែ​បន្ត​តាម​ដាន​យ៉ាង​​​ដិត​​​ដល់​ក្នុងរឿងក្ដីរបស់លោក។ ជាងនេះទៀត លោកថា ដំណើរការ​ការទូតកន្លងទៅ និង​ពេល​នេះ​របស់​អូស្រ្តាលី គឺ​បញ្ជាក់​ពី​ការ​ឃ្លាំមើ​លនិងយកចិត្តទុកដាក់ពីសិទ្ធិសេរីភាពនិងយុត្តិធម៌សម្រាប់រូប​លោក​ផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា សារ​​​របស់​មន្រ្តី​ស្ថាន​ទូត​នេះគ្រាន់​តែ​ជា​ទស្សនៈ​នៃ​ការ​យល់​ឃើញ​​​របស់​បុគ្គល​​ម្នាក់​​ៗ​​ប៉ុ​​ណ្ណោះ ហើយ​វាក៏​មិនជះឥទ្ធិពល​អ្វីទៅដល់​ដំណើរ​ការ​រឿង​ក្ដី​របស់​តុលាការ​ទេ។ លោកចាត់ទុក​ជំហរ​​របស់ឯក​​​អគ្គ​​រាជ​​​ទូត​​អូស្រ្តាលីប្រចាំនៅកម្ពុជា​នៅពលនេះ​ ថាគ្រាន់តែជាសមានចិត្ត​របស់​ទូត​​ដែល​មាន​ចំពោះ​លោក កឹម សុ​​ខា ​ដូច​​បណ្ដាអង្គ​​ទូតផ្សេងទៀតធ្លាប់​មាន​ប៉ុណ្ណោះ។

លោកបន្តថា៖ «អត់ទេ! អាហ្នឹងវាជារឿងធម្មតាទេ មន្រ្តីការទូតមិនមែនលើកឡើងតែម្ដងណា! លើក​​ឡើង​ច្រើន​ដងហើយតើ! ប៉ុន្តែវាមិនមានអ្វីប៉ះពាល់ទៅដល់ដំណើរការកាត់ក្ដី និងនីតិវិធីរបស់​​តុលា​ការ​​ទេ តុលាការ​ចេះ​តែ​ទៅមុខហើយ។ អស់លោកទូតដែលមានមនោសញ្ចេតនាជាមួយសាម៉ីជន អាហ្នឹង​វា​ជា​រឿង​មួយ​ដាច់​ដោយ​ឡែក​របស់​គាត់»។

នាយកខុទ្ទកាល័យ​លោក កឹម សុខា គឺលោក មុត ចន្ថា បដិសេធក្នុងការអត្ថាធិប្បាយ​​ជុំវិញ​ជំហរ​រប​ស់​​​​​​មន្រ្តី​ស្ថាន​ទូត​អូស្រ្តាលី​នៅ​ពេល​នេះ។ តែយ៉ាងណា លោក​​ថា ជាជំ​ហរ​នៅក្នុង​​ជំនួប​​ទ្វេភាគី​​កន្លងទៅ គឺ​ទាំង​លោក កឹម សុខា និង​មន្រ្តីឯកអគ្គរាជ​​ទូត ចង់ឃើញសំណុំរឿងនេះមាន​​ភាព​​ជឿនលឿន ហើយឈានទៅ​​បញ្ចប់​ឱ្យ​បាន​​​ឆាប់។ ជាង​នេះ​​ទៀត លោកថា គ្រប់​ភាគី​ពាក់​ព័ន្ធ​គួរ​មាន​​​ភាព​​ចាស់​​ទុំផ្នែកនយោបាយ ហើយ​លើក​បញ្ហា​​មក​​ដោះ​ស្រា​យ​​​​​រួមគ្នា ដើម្បី​ធានា​បាន​នូវ​ប្រជាធិប​តេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញ ជាពិ​​សេស​​​ជំរុញ​​ឱ្យ​មាន​សន្តិភាព​មួយ​ដ៏ពិត​ប្រាកដ។

លោកបន្តថា៖ «ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយ​ លោកយល់គ្រប់គ្រាន់ហើយអត្ថន័យ​ហ្នឹង គឺ​​លោ​​ក​​​​​​​​​ចង់​បាន​ដំណោះស្រាយដោយតម្លាភាព ដោយយុត្តិធម៌ ដោយឆាប់រហ័ស​​ ចំពោះស្ថានភាព​​នយោ​​បាយ​​របស់​ឯកឧត្ដម កឹម សុខា ហ្នឹង។ គឺខ្ញុំថាន័យហ្នឹង​​ គឺច្បាស់លាស់ហើយ​​។ យើង​​ក៏ចង់​​បាន​​បែប​​ហ្នឹង​​ដែរ​ ដើម្បីជា​ផល​ប្រយោជន៍​ប្រទេសជាតិរបស់​យើង»។

លោក ប៉ាប្លូ កង់ (Pablo Kang) ឯក​អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏​បានលើកឡើង​បន្ថែម​ទៀត​​នៅ​​ក្នុង​បណ្ដាញ​​​សង្គម Twitter របស់​​​ខ្លួនផ​ង​ដែរ ពី​ភាព​​ចាំបាច់​​​នៃ​ការបោះឆ្នោត​​ជ្រើស​រើស​​ក្រុម​​ប្រឹក្សា​ឃុំ​-សង្កាត់ នៅចំពោះ​មុខ​​​​​លោក កឹម សុ​ខា ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​​ខែ​មិថុនា ឆ្នាំ២០២២​​ខាង​​មុខនេះ​​។​

នាយកប្រតិបត្តិអង្គការ​អភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់ឃើញថា ​​​អ្វី​​ដែល​ប្រទេស​ម្ចាស់​ជំនួយ​បង្ហាញ​ពី​កង្វល់​នេះ គឺជាធាតុចូលមួយដ៏សំខាន់ ដែល​​កម្ពុជា​​គួរ​​យក​​ទៅ​​ពិចារណា។ អ្នកវិភាគរូបនេះថ្លែងថា កម្ពុជាល្មមដល់ពេលដូរឥរិយាបថរបស់ខ្លួនពី​ភាព​​ព្រងើយ​​​កន្តើយ​​ចំពោះការ​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ​ហើយ ដើម្បីចៀសវាងពី​​ភាព​​អា​​ម៉ាស់​​​​​​​​​នៅ​លើ​ពិភព​លោកក្នុងពេលណាមួយ។

លោកបន្តថា៖ «បើទោះបីជាអន្តរជាតិគេមិនលូកដៃ គេមិននិយាយក្ដី យើងគួរតែដឹងខ្លួន ហើយ​​យើង​​គួរ​រហ័ស​បញ្ចប់វា ដើម្បីកុំឱ្យ​បញ្ហានេះ​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​ដែល​អន្តរជាតិអាចលើក​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ណា​មួយ ឬក៏​ទីតាំង​ណា​មួយ​ នៅ​ពេល​ដែល​កម្ពុជា​នៅលើឆាកអន្តរជាតិនោះ»។

ក្នុងរឿងក្ដីព្រហ្មទណ្ឌ​ប្រឆាំង​លោក កឹម សុខា នេះ​ សាលាដំ​បូង​រាជធានី​ភ្នំពេញបាន​បើក​សវនាការ​​ចំនួន២៩​លើក​​មក​​ហើយ គិត​​ត្រឹម​​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ២០២២។ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​​នៃសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ គ្រោង​​នឹង​ជម្រះ​​​​ក្ដីបន្ត​​​ទៀត នៅថ្ងៃទី​៩ ខែ​កុម្ភៈ ខាង​មុខ​នេះ។ បញ្ហានេះ ទាំងសហគមន៍​ជាតិ និងអន្តរជាតិ រួមទាំងមេធាវីការពារក្ដីឱ្យជនជាប់ចោទនេះផង ចាត់​​ទុក​​រឿង​ក្ដីមួយ​នេះថាជារឿងនយោបាយ ហើយ​​បើឱ្យដោះស្រាយតាមបច្ចេក​​​ទេស​​តុលា​​ការ គឺ​មិន​ងាយ​នឹង​ដោះស្រាយ​​​ចប់​​ទេ។ ប៉ុន្តែ​ទាំង​តំណាងអយ្យការ និងមេធាវី​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី អះអាងថា ប្រសិន​បើ​ចង់​ឱ្យ​សំណុំ​រឿង​នេះ​ដំណើរ​ការ​បាន​លឿន គឺជនជាប់ចោទ​សារ​​ភាព​​ថា ​ខ្លួន​​មាន​កំហុសទៅគឺចប់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ