អាជ្ញាធរ​​បញ្ជា​ឱ្យ​បុគ្គលិក​ណាហ្គា​បញ្ឈប់​ការ​​ធ្វើ​កូដកម្ម​ និង​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​

កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៍​បន្តធ្វើ​ជាធម្មតា​នៅថ្ងៃទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ ​ខណៈ​ក្រុម​គ្រូពេទ្យ ​និង​កូដករ បានលើកដៃ​សំពះអង្វរ​គ្នាទៅវិញ​ទៅមក​ដើម្បី​ធ្វើ​តេស្ត​រកវីរុស​កូវីដ-១៩ ខណៈក្រុមកូដករបានស្នើឱ្យ​លើកពេល​ទៅធ្វើនៅ​ថ្ងៃសៅរ៍​វិញ។ (រូប៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ​បញ្ឈប់​ការ​ធ្វើកូដកម្មជា​បន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​​បុគ្គលណា​ដែល​មិន​គោរព​តាមវិធាន​សុខាភិបាល និង​​វិធានការ​រដ្ឋបាល​​របស់​​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី៤ ខែកុម្ភៈ នេះបានឱ្យដឹង​ថា គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ ថ្នាក់​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យបុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ទាំងអស់ បញ្ឈប់​ការ​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​នេះ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ ប្រភេទ​អូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមរយៈការ​ប្រមូលផ្តុំធ្វើកូដកម្មនេះ។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយកូដករត្រូវទៅយក​សំណាក​នៅមជ្ឈមណ្ឌលកោះពេជ្រ ខណៈក្រសួងសុខាភិបាលបានទុកពេល៣ថ្ងៃសម្រាប់ការយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩នេះ។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធររាជធានីភ្នំពេញបានព្រមានថា៖ «ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជា​ហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការ​សុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែង​ឡើយ»

ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញស្ត្រីមានផ្ទៃពោះជាកូដករម្នាក់បានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី «អូមីក្រុង»​ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ លើសពីនេះទៀត កាលពីថ្ងៃទី០៣ និងទី០៤ ខែកុម្ភៈ អាជ្ញាធរបានអះអាងថា ក្រសួង​សុខាភិបាល​បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើកូដករជាបន្តបន្ទាប់បន្ថែមទៀត។

ប៉ុន្តែស្ត្រីដែលក្រសួងសុខាភិបាល​ថា បាន​ឆ្លងជំងឺកូវីដ-១៩​ នោះ បានចេញមកអះអាងថា អ្នកស្រី​មិនបាន​ឆ្លង​ជំងឺ​កូវីដ-១៩នេះពី​កន្លែង​ធ្វើ​កូដកម្ម​របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដូចការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ឡើយ​។ ស្ត្រីរូបនេះ បានអះអាងថា អ្នកស្រីបានខកខាន​ទៅ​ចូលរួម​ធ្វើកូដកម្មជាមួយ​បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចាប់តាំងពីថ្ងៃទី១៥ ខែមករា​មក ហើយ​នៅថ្ងៃទី២៨ ខែមករា ទើបអ្នកស្រី​ធ្វើ​តេស្ត​រក​ឃើញ​ជំងឺកូវីដ-១៩។

មន្ត្រីក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈនេះ បានចុះទៅយកសំណាកក្រុមកូដករណាហ្គាវើលដ៍ដល់ទីកន្លែងតវ៉ា ក្បែរក្រុមហ៊ុន​ណាហ្គា​វើលដ៍​ផងដែរ ក៏ប៉ុន្តែតំណាងកូដករបានស្នើសុំទៅធ្វើនៅថ្ងៃស្អែកវិញ។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្សរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់ វីអូឌី កាលពី​រសៀលថ្ងៃសុក្រ​ថា​ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលហាក់មាន​ភាព​មិន​ប្រក្រតី ដោយ​​សារ​​ចន្លោះថេរវេលា​វិធាន​សុខា​ភិបាល​នៃ​ការ​ធ្វើតេស្ត​លើ​ស្ត្រីម្នាក់​ដែល​ឆ្លង​កូវីដ-១៩​ និង​​ការ​ស្វែង​រក​​អ្ន​ក​​ពាក់​​ព័ន្ធ​ ​មាន​គម្លាតយូរខុសពីធម្មតា ស្រប​ពេល​ក្រសួង​ប្រើ​ខ្លឹម​សារ​​ផ្លូវ​ច្បាប់​​ព្រមាន​​លើ​អ្នក​តវ៉ា​ ក្នុង​ករណីពួកគេមិនទៅធ្វើតេស្តតាមការប្រកាស។

លោក ថារ៉ូ ថា៖ «ខ្ញុំគិតថា វាអាចជាទម្រង់នៃការគំរាមកំហែងមួយផ្នែកផ្លូវអារម្មណ៍​របស់​​ពួក​គាត់ ហើយ[​ខ្លឹមសារនៃ]​ការអនុវត្តនោះ​ទៀត​សោត ក៏មើលទៅមិនមានលក្ខណៈ​ស្មើភាពគ្នា​ក្នុងការ​អនុវត្ត​ករណី​វិធាន​ការ​គ្រប់​គ្រងនិងទប់ស្កាត់នូវវីរុសចម្លងថ្មី»

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជិត១ ០០០នាក់​ បានធ្វើកូដកម្មអស់រយៈពេលជិត៥០ថ្ងៃមក​ហើយ ដើម្បីទាមទារឱ្យដោះលែង​តំណាង​​របស់​ពួកគេ ៨នាក់ ពីពន្ធនាគារ និងទាមទារឱ្យដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុនល្បែង​មួយ​នេះដែលបានអូសបន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំមក​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ