គ.ជ.ប ដាក់​ឱ្យ​ដំណើរការ​បោះឆ្នោត​តាម​បច្ចេកវិទ្យា ខណៈ​រដ្ឋាភិបាល​បង្កើត​អនុក្រឹត្យ​ស្ដីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ជំហរ​ថា ការ​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​​តាម​គន្លង​ថ្មី​ ដោយ​ប្រើ​ប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាការដាក់ឱ្យ​តាមដានព័ត៌​មាន ឬ​ធ្វើឱ្យប៉ះពាល់​ទៅ​ដល់​លទ្ធ​​​ផលឆ្នោតទេ ខណៈ​សង្គម​ស៊ីវិល​ដាក់​ការ​ព្រួយ​បារម្ភ​អំពី​វិធាន​ការ​ថ្មី​នេះ​។

ការបង្ហាញពីតម្លាភាពរបស់​ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ ស្របពេលរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យមួយស្ដីពី «ច្រកទ្វារអ៊ីនធឺណិត​​ជាតិ» ដើម្បីគ្រប់គ្រងអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ កាល​​ពី​ដើមឆ្នាំ២០២១ កន្លងទៅ។

អ្នកនាំពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យដឹងនៅថ្ងៃទី៣ ខែ​កុម្ភៈ​​នេះ​​ថា ការ​ដែល គ.ជ.ប ដាក់​ឱ្យអនុវត្ត​នូវប្រព័ន្ធ​បោះឆ្នោត​​តាមប្រព័ន្ធបច្ចេក​​វិទ្យា​ ឬ​​ហៅ​​តាម​មួយ​បែបទៀតថា «ដំណើរការ​បោះឆ្នោត​ដោយ​ប្រើប្រាស់កុំព្យូទ័រ​​» មិន​មែន​​ជា​​ការ​​បោះឆ្នោតតាមអន​ឡាញ ហើយក៏​​មិន​​មែនជាការរៀបចំឡើងក្នុងចេតនា​​អាក្រក់​​ណាមួយ​​នោះ​​ដែរ។

លោក​បន្ត​ថា ដំណើរការថ្មី​​​​ដែល ​​គ.ជ.ប ​​នឹង​​​ដាក់​​ឱ្យអនុវត្តនេះ នឹងជួយ​​ឱ្យ​​​​ដំណើរ​​​ការបោះ​​ឆ្នោត​ទាំងមូលមានភាពងាយស្រួល និង​​កាត់​​​បន្ថយ​​​ភាព​ស្មុគស្មាញ​​បានច្រើន​​ជាង​​មុនផង។ ម្យ៉ាង​វិញ​ទៀត លោក​ថា គន្លង​តាម​​បែប​ថ្មីនេះ​​​ទៀត​​​​​​សោ​ត​ នឹងក្លាយជាជំនួយដល់ភាគី​ពាក់​ព័ន្ធ បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​​​​ក្រប​​ខណ្ឌ​​បច្ចេក​ទេស ទាក់ទងការបោះឆ្នោត ព្រម​ទាំង​កាត់​បន្ថយ​បាន​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួននៅក្នុង​ដំណើរ​​​ការ​​​បោះឆ្នោតថែមទៀតផង។

លោកបន្តថា៖ «ខ្ញុំ​នៅ​តែ​ឆ្លើយ​ថា វាមិន​មែន​ជា​ការ​បោះ​ឆ្នោត​តាម​អន​ឡាញ​ទេ។ ការ​ប្រើប្រាស់​អាយ​ធី ​[បច្ចេកវិទ្យា]​ កាន់​​​តែ​ធ្វើ​ឱ្យ​មាន​ភាព​សុក្រឹត្យ​ឡើង​ នូវ​រាល់​ប្រតិបត្តិ​ការ​ទាំង​ឡាយ​ពាក់​ព័ន្ធ​នឹង​​ការ​បោះ​ឆ្នោត​នេះ»។

ទាក់ទិន​បញ្ហានេះ កាលពីចុងខែមករា ឆ្នាំ២០២២ គ.ជ.ប បានចេញសេចក្ដីសម្រេច​ដាក់​ឱ្យ​ប្រើ​​ប្រាស់​​​​​ជាលើក​ដំបូង​របស់ខ្លួន​នូវប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើស​​រើសក្រុម​​ប្រឹក្សា​​ឃុំ​​-សង្កាត់ ដូចជា កម្មវិធី​គ្រប់​គ្រង​ការ​ចុះ​​បញ្ជី​បេក្ខជន​នៃគណបក្សនយោបាយ, កម្មវិធី​ចេញ​​ឯក​សារ​​​​បញ្ជាក់​អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀង​ផ្ទាត់ និង​បូក​សរុប​លទ្ធ​​​​​​ផល​នៃ​ការ​បោះ​ឆ្នោត។

បើទោះជា គ.ជ.ប តម្រូវ​ដាក់​ឱ្យ​អនុវត្ត​តាមគ​ន្លង​ថ្មី​នេះ​ក្ដី ក៏​លោក ហង្ស ពុទ្ធា អះអាងថា ស្ថាប័ន​​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោតបន្ត​លើក​ទឹក​ចិត្ត​ឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតនេះ អាច​​នៅប្រើប្រាស់ឯកសារដែលសរសេរដោយដៃបានដែរ។

សេចក្ដីសម្រេចរបស់ គ.ជ.ប ដែលបើកផ្លូវឱ្យមន្រ្តីការិយាល័យឃុំ-សង្កាត់ រាជធានី-ខេត្ត រៀបចំ​​ការ​​បោះ​​​ឆ្នោតតាមបច្ចេកវិទ្យា​នេះ ធ្វើឡើងមុនកន្លះខែ មុនអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិត្រូវ​​ចូល​​​ជា​​​ធរ​​មាន នៅថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីនាំពាក្យ និងរដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍ និងទូរគម​​នា​​គមន៍ បានទេ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។

កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។ សេចក្ដីព្រាងច្បាប់ស្ដីពី «ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និង​សុវត្ថិភាពអ៊ីនធឺណិត» នេះ ស្ថិតក្រោម​​ការ​​រិះ​​​គន់​ពីក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ថាវាជាឧបសគ្គដល់លំហសេរីភាពនិង​​សិទ្ធិ​​​ឯក​​​ជន​​​​ភាពរបស់អ្នកប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិត។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ យល់ឃើញថា ​​ប្រព័ន្ធបោះឆ្នោតថ្មី​ដែល គ.ជ.ប ដាក់ឱ្យអនុវត្ត​នេះ អាចមានចំណុចវិជ្ជមានខ្លះ និងអវិជ្ជមាន​ខ្លះ​។ តែយ៉ាងណា ​អ្វី​ដែលលោក​មើលឃើញពីភាពជឿនលឿន​នៃប្រព័ន្ធថ្មីនេះ គឺនៅត្រង់បញ្ជីឈ្មោះរបស់អ្នកបោះឆ្នោត។

លោកបន្តថា៖ «វាអាចជួយសម្រួលបានច្រើនទាក់ទងទៅនឹង[ការងារមួយចំនួន] ជាពិសេសការសម្អាតបញ្ជីឈ្មោះអ្ន​ក​បោះឆ្នោត​ហ្នឹង​ឯង ដើម្បីកុំឱ្យបញ្ជីឈ្មោះហ្នឹងមានភាពរញេរញ៉ៃខ្លាំង ស្ទួន និងជាន់គ្នាអីជាដើម ហើយវាអាចជួយឱ្យបានការបោះឆ្នោតទៅថ្ងៃមុខហ្នឹងកាន់តែល្អប្រសើរ»។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការអត្ថា​ធិប្បា​យ ព្រោះអ្វីដែល គ.ជ.ប បាន​សម្រេចហើយ​នេះ ដោយ​ថា វាជា​នីតិវិធីមួយថ្មី​នៅក្នុ​ង​ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​។ យ៉ាងណា ​សម្រាប់អ្នកជំនាញ​លើកិច្ចការបោះឆ្នោតរូបនេះ នៅតែបង្ហាញក្ដីបារម្ភ​ថា អនុ​​​ក្រឹត្យ​​ស្ដីពី​ការ​គ្រប់​គ្រង​នៅលើប្រព័ន្ធអ៊ីនធឺណិតនេះ ថ្វីត្បិតមើលទៅហាក់ដូចមិនជាប់ទាក់ទិននឹងគោល​ការណ៍​របស់ គ​.ជ.ប ប៉ុន្តែការអនុវត្តសឹងតែកើតឡើងក្នុងពេលតែមួយបែបនេះ បានក្លាយ​​ជា​មន្ទិល​មួយសម្រាប់​​​អ្នក​​ប្រើប្រាស់អ៊ីនធឺណិត។

លោកបន្តថា៖ «បញ្ហារឿងច្រកចេញចូលហ្នឹង វាបញ្ហាតែម្ដង! គឺប្រព័ន្ធ​វានាំឱ្យ​យើងមានបញ្ហា​​ច្រើន​​ណាស់​​​។ គេនឹងរឹតត្បិតសេរីភាព​នៃការបញ្ចេញមតិ​​អីសព្វ​បែបយ៉ាង អាហ្នឹង​ហើយដែលយើង​​គិត​​ថា​​​​​វាជាហានិភ័យមួយ»។

ប្រព័ន្ធថ្មីនេះត្រូវបានលោក ហង្ស ពុទ្ធា បញ្ជាក់ថា នឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលជាមួយគ្នានៃការ​ដាក់គណបក្សនយោបាយ និងចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើស​​រើសក្រុមប្រឹក្សា​​ឃុំ​​-សង្កា​​​ត់ ចាប់ពីថ្ងៃទី​៣ ខែ​មីនា ឆ្នាំ២០២២ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ