រដ្ឋាភិបាល​បន្តកាត់ដី​បឹងតាមោក​ជាង​៤០០​ហិកតា​ទៀត ទៅ​ឱ្យ​ឧកញ៉ា​និង​គ្រួសារ​ផ្កាយ២​ម្នាក់​នៅ​អង្គភាព​“ង៧០”​

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាល​បាន​កាត់​ផ្ទៃបឹងតាមោក​ចំនួន​៤២៥ ហិកតា​បន្ថែម​ទៀត ប្រគល់​ឱ្យ​ឧកញ៉ា និងគ្រួសារ​ឧត្ដមសេនីយ៍​ផ្កាយពីរ​នៅ​អង្គភាព​“ង៧០” បន្ថែម​ទៀត ដែល​ធ្វើឱ្យ​ចំនួន​ផ្ទៃបឹងតាមោក​ដែល​ត្រូវបាន​កាត់​និង​កំពុង​ចាក់​ដី​លុប​មាន​ទំហំ​ជាង​២ ០០០ ហិកតា​ហើយ។

អនុក្រឹត្យដាច់ដោយចំនួន ៤ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក បានកាត់ដីផ្ទៃបឹងតាមោកចំនួន១៨០ ហិកតា (១.៨០៧.៥៩៧ ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ឱ្យលោកស្រី អ៊ុំ បុប្ឆា ខណៈផ្ទៃដីចំនួន ៦៥ ហិកតា (៦៥៤.៩៣៤ ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ឱ្យលោកស្រី ឈូ សុខយូ។

អនុក្រឹត្យដដែល ក៏បានកាត់ដីផ្ទៃបឹងតាមោកចំនួន១០០ ហិកតា (១.០០០.១៦៨ ម៉ែត្រក្រឡា)ស្ថិត​នៅសង្កាត់គោករកា សង្កាត់ពញាពន់ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ប្រគល់ឱ្យលោកស្រី ជឹង ធានសេង ហើយដីបឹងចំនួន១៥៥ ហិកតា (១.៥៥៣.៨៣២ ម៉ែត្រក្រឡា)ទៀត ស្ថិតនៅ​សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ឱ្យលោក កុក អាន ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

ចំណែកនៅខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកាត់ដីផ្ទៃបឹងតាមោកចំនួន ៣ ហិកតា ស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ប្រគល់ទៅឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងដីផ្ទៃបឹងតាមោកចំនួន ៧៥ ហិកតាដែលនៅទីតាំង ៤ ស្ថិតក្នុងសង្កាត់សំរោង សង្កាត់ពញាពន់ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យលោកស្រីសាយ សោភា ដើម្បីធ្វើជាកម្មសិទ្ធិ។

លោកឧកញ៉ា ជឹង ធានសេង ត្រូវបានគេស្គាល់ថា ជាត្រូវប្អូនរបស់លោកស្រី ជឹង សុភាព ហៅយាយភូ  ខណៈឧកញ៉ា កុក អាន គឺជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ ចំណែកលោកស្រី សាយ សោភា ដែលជាអគ្គនាយិកាសាលាអន្តរជាតិ វើលដ៍កម្ពុជា និងជាភរិយារបស់ឧត្ដមសេនីយ៍ផ្កាយពីរនៅអង្គភាព “ង៧០” លោក ភឿន ផល្លា ដែលគិតមកដល់ថ្ងៃនេះ លោកស្រី សាយ សោភា ទទួលបានផ្ទៃដីបឹងតាមោកសរុបជាង ១០០ ហិកតា។

ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន  មានប្រសាសន៍ថា រដ្ឋាភិបាលកាត់ដីផ្ទៃបឹងតាមោកឱ្យក្រុមហ៊ុនឯកជននិងឧកញ៉ា អាចបណ្ដាលមកពីប្រជាពលរដ្ឋដែលអាស្រ័យផលនៅទីតាំងនោះលក់ទៅក្រុមហ៊ុនឯកជននិងឧកញ៉ាទាំងនោះ។ ដីមួយផ្នែកទៀត ដែលរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រសួង ដើម្បីឱ្យស្ថាប័នទាំងនោះ  សាងសងអគារសម្រាប់ធ្វើការឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។

លោកថា៖ «ជួនកាលឯកជននោះទិញពីប្រជាពលរដ្ឋដែលលោកប្រើប្រាស់ ដែលយើងឆ្វៀលទៅឱ្យហ្នឹងទៅ ​ដែលប្រជាពលរដ្ឋប្រើប្រាស់​លក់ទៅឱ្យឯកជន ហើយឯកជនមានសិទ្ធិកាន់កាប់ប្រើប្រាស់នៅលើដីហ្នឹង។ នៅលើដីរបស់ប្រជាពលរដ្ឋក្លាយជាដីរបស់ឯកជន ​យើងអត់ដឹងឯកជនណាខ្លះទទួលបានដីហើយ ហើយដីនៅកន្លែងចំពោះខ្ញុំអត់ដឹងទេ»

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតហៅកាត់ គ.ជ.ប ​លោក សោម សូរីដា បញ្ជាក់ថា ដី ៣ ហិកតាដែល​រដ្ឋាភិបាលផ្ដល់ឱ្យនេះ ដើម្បីសាកសងអគារ គ.ជ.ប ថ្មី ខណៈអគារចាសបច្ចុប្បន្ន លោកមិនទាន់ដឹងថា នឹងយកទៅណាទេ ដោយអាស្រ័យ​លើការសម្រេចរបស់រដ្ឋាភិបាល និងប្រធាន គ.ជ.ប។

លោកថា៖ «អគារចាស់នេះ ដោយសារនៅជិតណាហ្គាទី២ ដើម្បីការងារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ គ.ជ.ប ជាពិសេសគោលការណ៍​នៃដំណើរការអនុវត្តរបស់គ.ជ.ប អ៊ីចឹង គ.ជ.ប គ្រោងនឹងទៅនៅតំបន់ដែលមានសុវត្ថិភាព»

បឹងតាមោកមានផ្ទៃដីសរុប ៣ ២៣៩ ​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយបឹ​ងនេះ​ត្រូវ​បាន​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

ប៉ុន្តែបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០ ហិកតាហើយ ត្រូវបានរដ្ឋាភិបាល​កាត់ ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​រដ្ឋ ​ក្រុមហ៊ុន​ឯកជន និង​បុគ្គលឯកជន ដែលគេដឹងថា ជាអ្នក​មាន​ប្រាក់និងមានអំណាច សម្រាប់សាងសង់អគារ​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​។

ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោតលោក ស៊ាង មួយឡៃ បានប្រាប់វីអូឌីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា  បើសិនជាបឹងធម្មជាតិត្រូវបានកាត់ និងលុបជាបន្តបន្ទាប់ទៀតនោះ រាជធានីភ្នំពេញប្រឈមនឹងជំនន់ទឹកភ្លៀង ដោយថា ការសាងសង់ប្រឡាយ ធ្វើប្រព័ន្ធលូមិនអាចដោះស្រាយបញ្ហាទឹកជំនន់ឡើយ កាលណាបើមានភ្លៀងធ្លាក់ច្រើន ឬទឹកធំនៅរដូវវស្សា។

ក្រោយពីមានការកាត់ផ្ទៃដីបឹងតាមោកជាបន្តបន្ទាប់នេះ សកម្មជនយុវជនបរិស្ថាន៣នាក់ រួមមានកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា​ បាននាំគ្នាធ្វើយុទ្ធនាការ​ដើរថ្មើជើងពីវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំ​អន្តរាគមន៍ឱ្យបញ្ឈប់ការលុបបឹងធម្មជាតិមួយនេះបន្តទៀត។ ប៉ុន្តែ ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនពួកគេ ដោយចោទប្រកាន់ពីបទ «ញុះញង់»។ ក្រោយមកសកម្មជនបរិស្ថានទាំង៣រូប ត្រូវបាន​ដោះលែងវិញ ​កាលពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយ​សាលាឧទ្ធរណ៍​រាជធានីភ្នំពេញកាត់តម្រឹមទោសឱ្យជាប់ពន្ធនាគារ១ ឆ្នាំ២ខែ ចំណែកទោសដែល​នៅសល់​ត្រូវ​ព្យួរ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹក​ជំនន់ ដែល​បង្កឱ្យលិច​រាជធានីភ្នំពេញ មិនមែន​បណ្ដាល​មកពីការលុបបឹងធម្មជាតិនោះទេ ដោយថា កន្លងមក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញក៏មានទឹកជំនន់ដែរ ដែល​​ករណីនេះ លោក​ថា គួរតែឈប់រិះគន់ពីបញ្ហានេះ។ ផ្ទុយពីអ្វីដែលលោកហ៊ុន សែន អះអាង កាល​ពី​​ខែ​​ឧសភា​ ​ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ​លឹម គាន​ហោ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​​ចាក់​ដី​លុប និង​​ការ​​សាង​សង់សំណង់ផ្សេងៗ ​​បិទ​​ផ្លូវ​ទឹ​ក​​ និងកន្លែងស្តុកទឹកនានា​ជា​បន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ