Update: ​សមត្ថកិច្ច​ដោះលែង​កូដករ​ណាហ្គាវើលដ៍​៣​នាក់​មក​វិញ ខណៈ​៣​នាក់​ទៀត​បន្ត​ឃុំ​ខ្លួន​

ទិដ្ឋភាពនៅមុខកាស៊ីណូណាហ្គាវើលដ៍ នៅយប់ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបភាព៖ ត្រាន់ តិចសេង)

ប្រភព​ពី​មន្ត្រី​សហជីព​ឱ្យដឹង​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ដោះលែង​កូដករ​ណាហ្គាវើលដ៍​៣នាក់​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅយប់​ថ្ងៃទី៥ ខែកុម្ភៈនេះ ខណៈ​៣​នាក់​ទៀត​បានបន្ត​ឃុំខ្លួន​នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីសា​កសួរ​ពី​បទ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩»។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់វីអូឌីតាមដំណឹងចុងក្រោយដែលលោកទើបទទួលបាននៅយប់ថ្ងៃសៅរ៍នេះថា សមត្ថកិច្ចបានឃាត់ខ្លួនកូដករ៣នាក់ រួមមាន លោក សេង វណ្ណារិទ្ធ លោក ជួន ចាន់ណាត និងលោក សៅរ៍ សម្បត្តិ។ ចំណែកកូដករ៣នាក់ទៀត រួមមាន លោកស្រី អ៊ុក សោភ័ណ អ្នកនាង ទូច ដាណែត និងអ្នកនាង ឯម គន្ធា ត្រូវបានដោះលែងមកវិញ។

លោកថា សមត្ថកិច្ចបានឃាត់ខ្លួនពួកគេ នៅពេលកំពុងជិះម៉ូតូកង់បីទៅផ្ទះ ចេញពីកន្លែងធ្វើតេស្តរកកូវីដ-១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកថា៖ «ក្នុងចំណោម៦នាក់ហ្នឹង មានពីរនាក់ គឺគាត់មានដីកាពីតុលាការ ហើយផ្សេងទៀតហ្នឹង មិនទាន់ឃើញមានដីកាអីទេ ប៉ុន្តែពួកគាត់ហ្នឹងជិះ Tuk Tuk ជាមួយគ្នា។ ពួកគាត់ត្រូវបានចាប់ខ្លួននៅត្រង់ចំណុចស្ពានឥន្ធនូរ នៅពេលដែលពួកគាត់ចេញពីទីតាំងយកសំណាកហ្នឹង»

ប៉ុន្តែអ្នកនាំពាក្យស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានអះអាងប្រាប់ វីអូឌី នៅយប់ថ្ងៃសៅរ៍នេះដែរថា គិតត្រឹមម៉ោង ៧ និង ៣០នាទីយប់ សមត្ថកិច្ចបាន​ឃាត់​ខ្លួន​កូដករ​ណាហ្គាវើលដ៍​តែពីរនាក់ប៉ុណ្ណោះ ទៅតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកថា៖ «គិតត្រឹមម៉ោង ៧ និង ៣០នាទីហ្នឹង គឺសមត្ថកិច្ចជំនាញយើងបាននាំខ្លួនតែបុរសពីរនាក់ទេ គឺជួប ចាន់ណាត និងសេង វណ្ណារិទ្ធ ទាក់ទងបទរារាំងនៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយអនុវត្តតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើមាត្រាទី១១នៃច្បាប់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ»

វីអូឌី បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោក សាន សុខសីហា ជាថ្មី ប៉ុន្តែមិនមានការឆ្លើយតបនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ