សមត្ថកិច្ច​ស្វែង​រក​កូដករ​ណា​ហ្គាវើលដ៍​៤​នាក់​ទៀត​រឿង​រារាំង​ការ​អនុវត្ត​វិធានការ​សុខាភិបាល

មន្ត្រីក្រសួងសុខាភិបាល ចុះយកសំណាកក្រុមកូដករណាហ្គាវើលដ៍ដល់កន្លែងតវ៉ា ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពី ក្រសួងសុខាភិបាល តម្រូវឱ្យក្រុមកូដ​ករ​ទាំង​អស់យក​សំណាក​ដើម្បី​ធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងមជ្ឈ​មណ្ឌល​កោះ​ពេជ្រ។

សមត្ថកិច្ចរាជធានីភ្នំពេញបានអះអាងថា ពួកគេកំពុងតាមស្វែងរកកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៤នាក់បន្ថែមទៀត ដើម្បីចូលខ្លួនបំភ្លឺពាក់ព័ន្ធរឿងរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ ខណៈកូដករ៣នាក់ទៀតដែលត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញនៅមិនទាន់ត្រូវបានដោះលែងនៅឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានជម្រាបទៅសារណជន តាមរយៈទំព័រហ្វេសប៊ុកស្នងការដ្ឋានគរបាលរាជធានីភ្នំពេញនៅថ្ងៃអាទិត្យនេះថា  ​ កាលពីវេលាម៉ោងជាង ៧​យប់ ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ សមត្ថកិច្ច​ បានធ្វើការនាំខ្លួនកូដករណាហ្គាវើលដ៍ចំនួន៣នាក់។ កូដករទាំងនោះ រួមមានឈ្មោះ​ ជួប​ ចាន់ណាត​ ឈ្មោះ​ សេង​ វណ្ណរិទ្ធ​ និង​ឈ្មោះ​ សៅ​ សម្បត្តិ​ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​ពាក់ព័ន្ធករណី​រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ ដោយយោងលើមាត្រាទី១១​ នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ​។

ជាមួយគ្នានេះ សមត្ថកិច្ចកំពុងតាមស្វែងរកកូដករចំនួន ៤នាក់ផ្សេងទៀត ដើម្បីចូលខ្លួនបំភ្លឺជុំវិញបញ្ហានេះដែរ ដោយអ្នកទាំងនោះជាស្ត្រីទាំងអស់ រួមមានឈ្មោះ ខេង ចិន្តា ឈ្មោះ អ៊ុក សុភ័ក្រម៉ូលីកា ឈ្មោះ ​ម៉េង កាក់នីកា និងឈ្មោះ អេង ស្រីបូ។

ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរសេរថា៖ «រហូតមកដល់ពេលនេះ​ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែខិតខំអនុវត្តដីការបញ្ជាឱ្យចូលខ្លួន​របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩​ ដោយយោងលើមាត្រា១១​ នៃច្បាប់ប្រឆាំងកូវីដ​» ។

​ក្នុងដីកាបង្គាប់ឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង កាលពីម្សិលមិញចំនួន ៤ដាច់ដោយឡែកពីគ្នា​ បានតម្រូវឱ្យកូដករទាំង ៤នាក់នេះ ត្រូវចូលខ្លួនបំភ្លឺឱ្យបានមុនថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីសាកសួរអំពីដំណើររឿង «រារាំងដល់ការអនុវត្តវិធានការ»។  

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់ ដែលមានឈ្មោះក្នុងដីកាបញ្ជាឱ្យចូលខ្លួននោះឈ្មោះ ម៉េង កាក់នីកា បានចេញវីដេអូផ្សាយផ្ទាល់ ឬឡាយនៅបណ្តាញសង្គមហ្វេសប៊ុកដោយអះអាងថា នាងបានមកធ្វើតេស្ត ឬយកសំណាករកមេរោគកូវីដ-១៩ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនារសៀលថ្ងៃទី៦ ខែកុម្ភៈ នេះដែរ។

នាងភ្ញាក់ផ្អើលក្រោយឃើញដីកាបញ្ជាឱ្យចូលខ្លួននេះ ដោយ​ថានាងមិនបានញុះញង់ ឬរារាំងកូដករផ្សេងទៀតមិនឱ្យទៅធ្វើតេស្តតាមការចោទប្រកាន់នោះឡើយ។

នាងអះអាងក្នុងវីដេអូផ្សាយផ្ទាល់ថា៖ «ខ្ញុំអត់មានញុះញង់អីទេ។ ខ្ញុំក៏ជាអ្នកកូដករមួយ(ម្នាក់) ​មកចូលរួមធ្វើសំណាក ធ្វើតេស្ត ចូលរួមជាមួយក្រសួងសុខាភិបាលដែរ។ ចាស៎! ខ្ញុំអត់មានពាក្យអីទៀតទេ ព្រោះអីខ្ញុំមិនមែនអ្នកញុះញង់អីផងហ្នឹង ហើយខ្ញុំនៅហ្នឹងអង្គុយធ្វើតេស្តជាមួយបងប្អូនយើងទាំងអស់គ្នានៅហ្នឹងដែរនេះ។ ហើយញុះញង់អី?»។

ប្រភពដដែលបញ្ជាក់ទៀតថា កាលពីយប់ថ្ងៃទី ៤ខែកុម្ភៈ ក្រុមកូដករបានស្នើឱ្យមន្ត្រីជំនាញពន្យារពេលក្នុងការចូលធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយស្នើធ្វើនៅថ្ងៃទី៥ ខែកុម្ភៈ តែប៉ុណ្ណោះ មិនបានញុះញង់ ឬរារាំងការអនុវត្តវិធានការសុខាភិបាលអ្វីនោះឡើយ។    

នៅព្រឹកថ្ងៃអាទិត្យនេះ សកម្មភាពធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ ទៅលើកូដករណាហ្គាវើលដ៍បានធ្វើឡើងក្នុងភាពស្ងប់ស្ងាត់ត្បិតមិនសូវមានអ្នកទៅធ្វើតេស្តនោះទេ ប៉ុន្តែរហូតដល់រសៀលថ្ងៃដដែលនេះក៏មានកូដករជាច្រើននាំគ្នាទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោមការឃ្លាំមើលពីសមត្ថកិច្ច មន្ត្រីជំនាញ ព្រមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

ភាពចម្រូងចម្រាសនៃការធ្វើតេស្តរកមេរោគសកលនេះ ស្របពេលដំណោះស្រាយវិវាទការងារក្រុមហ៊ុនល្បែងមួយនេះមិនទាន់មានដំណោះស្រាយផងនោះ  សមត្ថកិច្ចរាជធានីភ្នំពេញកាលពីល្ងាចម្សិលមិញ បានឃាត់ខ្លួន​កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ៦នាក់​ ដើម្បី​សាកសួរក្រោមការចោទថាពួកគេ រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​​ជំងឺកូវីដ-១៩ ប៉ុន្តែកូដករ ៣នាក់ត្រូវបានដោះលែងវិញនៅយប់ថ្ងៃដដែលនោះ។

កាលពីថ្ងៃទី៤ខែកុម្ភៈ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយកូដករណាហ្គាវើលដ៍ត្រូវទៅយក​សំណាក​នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ខណៈក្រសួងសុខាភិបាលបានទុកពេល ៣ថ្ងៃសម្រាប់ការយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ