អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ ក្រោយ​រកឃើញ​ឆ្លង​ជំងឺ​កូដ-១៩​បន្តបន្ទាប់

ក្រុមកូដករណាហ្គាវើលដ៍អនុវត្តតាមការសេចក្ដីប្រកាសក្រសួងសុខាភិបាល ដោយពួកគេទៅធ្វើតេស្តកូវីដ-១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Michael Dickison)

អាជ្ញាធរ​​រាជធានីភ្នំពេញ បានដាក់ចេញវិធានការមួយចំនួនទៅលើក្រុមកូដករណាហ្គាវើលដ៍ និងបាន​ព្រមាន​​​ចាត់វិធានការ​ច្បាប់​ទៅលើ​ពួកគេក្នុងករណីមិនអនុវត្តតាម ក្រោយពីក្រសួង​សុខាភិបាល​រកឃើញមានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ជាបន្តបន្ទាប់ក្នុងចំណោមកូដករ​​​ដែល​កំពុងធ្វើការតវ៉ា។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ រដ្ឋ​បាល​រាជធានីភ្នំពេញ បានឱ្យដឹង​​​ថា រយៈ​​​ពេល១​ថ្ងៃ គឺនៅថ្ងៃទី៦ ខែកុម្ភៈ ម្សិលមិញ ក្រុមគ្រូពេទ្យបានរកឃើញកូដករណាហ្គាវើលដ៍ចំនួន២៩នាក់ វិជ្ជមានជំងឺកូវីដ​-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ដោយថាចំនួននេះ​​ជាចំនួនដ៏ច្រើន និងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ពួកគេ និងការឆ្លងរាលដាលបន្ត។

សេចក្ដីណែនាំដដែលបន្តថា ដើម្បីថែរក្សាអាយុជីវិតក្រុមកូដករនិងក្រុមគ្រួសារ រួមទាំងចៀសវាងការឆ្លងរាលដាលក្នុងសហគមន៍ជាទ្រង់​ទ្រាយធំ រដ្ឋបាល​រាជធានីភ្នំពេញតម្រូវឱ្យក្រុមកូដករ​ដែល​មិន​ទៅ​យកសំណាក និងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវទៅយកសំណាកតេស្តរកជំងឺកូវីដ-១៩ជាដាច់ខាត។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់​ថា ក្រោយយ​ក​សំណាក​រួច ក្រុមកូដករនិងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ឬប្រុយោល​ ត្រូវធ្វើ​ចត្តាឡីស័ករយៈពេល៧ថ្ងៃ និងបញ្ឈប់ការប្រមូលផ្ដុំតវ៉ា ដោយអនុវត្តតាមវិធានការសុខាភិបាល ហើយព្រមានចាត់វិធានការច្បាប់ក្នុងករណីមិនអនុវត្តតាម។

រដ្ឋបាល​រាជធានីភ្នំពេញ ក៏​បានបញ្ជាឱ្យមន្ទីរការងាររាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ តាម​ដាន​ឃ្លាំមើ​លនិងចាត់វិធានការនៅតាមទីតាំងស្នាក់នៅរបស់ក្រុមកូដករនៅតាមមូលដ្ឋាននីមួយៗផងដែរ ដូច​ជាដាស់តឿនឱ្យពួកគេនិងអ្នកពាក់ព័ន្ធត្រូវទៅយកសំណាកឱ្យទាន់ពេលវេលា និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវជាដើម។

សេចក្ដីណែនាំនេះក៏បញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញដែលពាក់ព័ន្ធ ចាត់វិធានការរដ្ឋបាលនិងវិធានការច្បាប់ចំពោះបុគ្គលទាំង​ឡាយណាដែលបន្តប្រមូលផ្ដុំឬជួបប្រជុំដោយមិនគោរពតាមវិធានការសុខាភិបាល ហើយបង្ករការរាំងស្ទះដល់ការបំពេញការងាររបស់ក្រុមគ្រូពេទ្យនិងអាជ្ញាធរ រួមទាំងវិធានការផ្សេងៗទៀត។

កាលពីថ្ងៃទី៤ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យក្រុមកូដករណាហ្គាវើលដ៍ទាំងអស់ទៅ​យកសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយ​រកឃើញ​ស្ត្រីជាកូដករមានផ្ទៃពោះម្នាក់បានឆ្លងជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង» កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ស្របពេលក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍នាំគ្នាចូលរួមធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ តាមការចង់​បាន​របស់មន្ត្រីជំនាញ និងអាជ្ញាធររាជធានីភ្នំពេញ យ៉ាងហោចណាស់មានកូដករ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិង​មិ​នទាន់ដោះលែងនៅឡើយ ខណៈ​៤នាក់ទៀត​ប្រឈម​នឹង​ការ​ចាប់ខ្លួន ក្រោមការចោទប្រកាន់ថា បានរារាំងការអនុវត្តវិធានការ​ទប់ស្កាត់ជំងឺកូវីដ-១៩​។ 

ការចោទប្រកាន់នោះ កូដករអះអាងថា ពួកគាត់មិនបានប្រឆាំងឬញុះញង់មិនឱ្យអនុវត្តវិធានការសុខាភិបាល​នោះទេ ដោយពួកគាត់គ្រាន់តែ​ស្នើឱ្យពន្យារពេលធ្វើតេស្តសំណាកមកធ្វើនៅថ្ងៃទី៥ ខែកុម្ភៈ តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ