ប្រមុខ​រដ្ឋាភិបាល​ថា​នឹង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំខ្មែរ​ឱ្យ​បាន​នៅ​ឆ្នាំនេះ

ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋម​ន្ត្រី ហ៊ុន សែន ប្ដេជ្ញាចិត្តប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឱ្យបាន និងស្នើសុំឱ្យពលរដ្ឋទាំងអស់បន្តគោរពនិងអនុវត្តវិធានសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទ​ប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសសម្ពោធដាក់ឱ្យ​ប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ដើមចមដែលនាំឱ្យលោកប្ដេជ្ញាចិត្តរៀបចំប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ដោយសារកម្ពុជាខកខានប្រារព្ធពិធីបុណ្យនេះអស់រយៈពេល២ឆ្នាំមកហើយ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ថា បើកម្ពុជាប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរមែន ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលចូលចិត្តសប្បាយរាំលេងនិងច្រៀង ត្រូវរក្សាគម្លាតគ្នា និងបន្តអនុវត្តវិធានសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទ​ប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួររំឭកថា កម្ពុជាខកខានប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរអស់រយៈពេល២ឆ្នាំកន្លងមកហើយ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

តាមប្រតិទិន ពិធីបុណ្យប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ