លោក ហ៊ុន សែន ប្រតិកម្ម​លោក សម រង្ស៊ី ដែល​ពេបជ្រាយ​រឿង​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅសហស្ថាបនិកគណបក្សសង្រ្គោះជាតិដែល​ត្រូវ​បាន​តុលាការ​​​កំពូល​​​រំលាយ ថា​ជា​អ្នកនយោបាយដែលវិភាគសាច់រឿង និង​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​កិច្ច​ការ​​​នយោ​​បាយ​មិន​​​ដែល​​​​​ត្រូវ សូម្បីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែល​គ្រោង​នឹង​ចាប់​ផ្ដើម​​ក្នុ​​​ងពេល​ខាង​​មុខ​​នេះ​ក្ដី។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពេលដែលលោកចូលរួមសម្ពោធ​​ដាក់​ឱ្យ​ប្រើ​​​ប្រាស់​​​ជា​ផ្លូវការ​កំណាត់ផ្លូវជាតិលេខ​៧ ក្នុងខេត្តក្រចេះ នៅថ្ងៃទី​៧ ខែកុម្ភៈនេះ។

លោកនាយករដ្ឋមន្រ្តី ចំអកទៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយអង្ករកំប៉ុង ដែល​​វិភាគ​​សាច់​​រឿង​​មិនដែលត្រូវ សូម្បីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលវាមិនមានអ្វីត្រូវ​ស្មុគស្មាញ​​ផងនោះ​​។ លោកបន្តថា តាមពិតលិខិតជាផ្លូវការ​របស់ប្រធានាធិបតីអាមេរិក​ លោក ចូ បៃឌិន បាន​បញ្ជូន​​​មក​​​ដល់ដៃ​លោកជាច្រើនថ្ងៃមកហើយ។ ប៉ុន្តែលោកមិនបានបញ្ចេញវាភ្លាមៗទេ គឺ​លោក​ទុក​រង់​ចាំ​​​មើល​អ្នកធ្វើអត្ថាធិប្បាយ​ដែលមិនដឹងខ្យល់អីចេញច្រកណាជាមុនសិន។

លោក ហ៊ុន សែន បាន​​ហៅ​​លោក សម រង្ស៊ី នៅពេលនេះថាជាអ្នកនយោបាយមិនសូវគ្រប់ទឹក ដែលវិភាគខ្វះ​មូលដ្ឋាន​​ពិត​​ប្រាកដ។

លោកបន្តថា៖ «ឥលូវនេះ វា[លោក​ សម រង្ស៊ី]​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​អត្ថាធិប្បាយ​មួយ​ទៀត​ហើយ។ វាថា​ឱ្យ​តែ​លោក ហ៊ុន សែន ហ៊ានទៅអាមេរិក គឺច្បាស់ជាចូល​​ក្នុងកណ្ដាប់ដៃរបស់អាមេរិក​ស្អី​ណា​ទៀត​ហើយ។ ​វាទៅជា​អញ្ចេះ​​​ទៅ! បើថាវាឡប់ វាឡប់តែឯងទៅ អាធុនឡប់»។

លោក ម៉ែន សុថាវរិន្ទ្រ មនុស្សដែលស្និទ្ធនឹង​លោក សម រង្ស៊ី ហើយក៏ជាតំណាងរាស្រ្តមណ្ឌល​​​កំពង់​ធំ មកពីគណបក្សសង្រ្គោះជាតិ​ដែលត្រូវបានតុលាការរំលាយ ​ថ្លែងថា សារនយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះ​លែងសំខាន់ទៀតហើយ ហើយ​ទឹកមាត់របស់គាត់ហាក់សាប បើធៀប​​កាល​​​ពីមុន​។

លោកបន្តថា៖ «ថ្ងៃអន្សាគាត់មកដល់ តាមខ្ញុំមើលទៅ! គាត់និយាយអ្វីក៏ខុសដែរពេលនេះ។ មិនថា​តែ​លោក សម រង្ស៊ី ទេ ឱ្យ​តែ​គេនិ​យាយ​អ្វី​ មិន​ថា​ប្រជាពលរដ្ឋសាមញ្ញ ឬអ្នកវិភាគណានិ​យាយ​​​ហ្នឹង​​ គាត់​​​ប្រតិកម្មភ្លាម​​ៗតែម្ដង។ ក្នុងឋានៈជាថ្នាក់​ដឹកនាំគ្រប់ប្រទេស គេមិន​ដែលប្រតិកម្មបែប​ហ្នឹងទេ។ ​អានេះ​​​ជាទម្លាប់របស់គាត់ទៅហើយ ទៅប្រកាន់គាត់ធ្វើអ្វី»។

ទាក់ទងបញ្ហានេះ លិខិតផ្លូវការ​របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ដែល​​ផ្ញើ​​ទៅ​​លោក​​នាយករដ្ឋ​​មន្រ្តី កាលពីថ្ងៃទី១៤ ខែ​មករា ហើយ​ត្រូវ​បាន​​គេ​​ចែក​​​ចាយ​​ជា​សាធារណៈ បង្ហាញ​​ថា រដ្ឋបាល​ទីក្រុង​វ៉ា​ស៊ីនតោនទន្ទឹងស្វាគមន៍ធ្វើការជាមួយកម្ពុជាក្នុងឋានៈជាប្រធាន​​អា​​ស៊ាន​ប្ដូរវេន នៅលើទឹកដីអា​​មេ​​រិក​​​ឆាប់ៗខាងមុខនេះ។

ទាក់ទិនរឿងនេះ លោក សម រង្ស៊ី ដែលជាសហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវ​​បាន​តុលាការកំពូលរំលាយ បានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីចុងខែមករា​ ថាលោក ហ៊ុន សែន ត្រូវបង្ខំចិត្តលុបចោលគម្រោងទស្សនកិច្ចរបស់ខ្លួនទៅសហរដ្ឋអា​​​មេរិក​

លោកបន្តថា ការសម្រេចចិត្តនេះ ក្រោមហេតុផលមួយចំនួនដូចជា ខ្លាចមេដឹកនាំអាស៊ាន​​មួយ​ចំនួនស្ដីបន្ទោសនៅចំពោះ​​មុខ​​លោក ចូ បៃឌិន ពីទង្វើខុសឆ្គងរបស់ខ្លួនទាក់ទងប្រទេសមីយ៉ាន់​ម៉ា​​ ​​បើកដៃឱ្យចិន​កសាង​មូលដ្ឋាន​សឹក​នៅលើទឹកដីកម្ពុជា និងព្រួយបារម្ភពីការចាប់ខ្លួនលោក  ពី​សំណាក់​ប៉ូលិសស​ហរដ្ឋអាមេរិក FBI ជាដើម​។ លើពីនេះទៅទៀត លោក សម រង្ស៊ី អះអាងថា មូល​ហេតុ​​នេះ​ហើយ​ដែលនាំឱ្យលោក ហ៊ុន សែន មិនហ៊ានទៅជាន់ទឹកដីអាមេរិកនៅពេលនេះ ព្រោះតែខ្លាច​​ភាព​​អា​ម៉ាស់ និង​ការធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកតែម្ដង។

លោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់​ថា សារនយោ​​បាយ​​របស់មេដឹកនាំនេះបង្ហាញពីភាពអន់ថយនៃអ្នកនយោបាយចាស់វស្សាទៅវិញ​​ទេ។ លោកបន្ត​​ថា ការ​យកចាញ់ឈ្នះតាមទម្រង់បែបនេះ គ្រាន់​តែជាវិធីដើម្បីបង្ហាញ​ឱ្យមន្រ្តីនៅក្នុង​​បក្ស​ទាំង​​កម្រិត​​​​​​មូល​ដ្ឋាននិងថ្នាក់ជាតិមើល​​ឃើញ​ពីភាពខ្លាំងរបស់ខ្លួន​ទៅលើដៃគូនយោបាយប៉ុណ្ណោះ។

លោកបន្តថា៖ «គ្រាន់តែលេសដើម្បីលួងទៅសកម្មជនដែលដើរតាមខ្លួន ដើម្បីឱ្យគាត់ថាមេ​របស់​​ខ្លួន​​គឺ​​​​ជាមេដ៏អស្ចារ្យ ហើយមនុស្ស​ដែល​មើល​ឃើញ​ធ្លុះ​ ហើយ​អាច​ធ្វើឱ្យ​ដៃ​គូ​មាន​ភាព​ច្របូល​ច្របល់ ឬ​ក៏​ថា​ខ្លួន​នឹង​មាន​ឱកាស​ដើម្បី​ឈ្នះ​ទៅលើគូប្រជែងអ៊ីចឹងទៅ »។

ជាការគ្រោងទុក កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២៦ ខែ​កុម្ភៈ ត្រូវ​បាន​​​លើកពេលមិនកំណត់ ដោយសារការជាប់គាំងក្នុង​​កិច្ចប្រជុំថ្នាក់រដ្ឋ​មន្រ្តី​​ការបរ​ទេស​​​ចង្អៀត​ កាល​​​ពី​​ថ្ងៃទី១៨ ខែមករា នៅខេត្តសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ