លោក ហ៊ុន សែន បង្ហាញ​ការ​ជាប់គាំង​រឿង​រក​ដំណោះស្រាយ​បញ្ហា​របប​សឹក​នៅ​មីយ៉ាន់ម៉ា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់នៃរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ក្នុងពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្ដីកង្វល់រួម នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មេដឹកនាំកម្ពុជាបញ្ជាក់ជំហរ​ថា បញ្ហានៅមីយ៉ាន់ម៉ា (ភូមា) ​មិ​ន​​អាច​​រកច្រកចេញរួចត្រឹម១ឆ្នាំដែលកម្ពុជាធ្វើ​ជាប្រ​ធា​ន​អា​​ស៊ានប្ដូរវេននេះទេ ដោយលោក​សម្អាងថា មកដល់ពេលនេះ សមាជិកអាស៊ាន​ខ្លះនៅ​តែប្រកាន់​ជំហរ​ទាត់​ចោ​​ល​របប​សឹក​មួយ​នេះចេ​ញ​ពីកិច្ចប្រជុំអាស៊ានដដែល។

ការអះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំ​ណា​ត់​ផ្លូវជាតិ​លេខ៧​ នៅខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទនេះ។

ក្នុង​ពិធីនោះ លោក​ ហ៊ុន សែន ថ្លែង​ទាំង​មិន​បញ្ចេញ​ឈ្មោះ​ថា សភាពការណ៍នៅមីយ៉ាន់ម៉ានៅតែមានភាព​ស្មុគស្មាញ​​​មិន​អាចដោះស្រាយបាន​ត្រឹម​រយៈ​​ពេល​១ឆ្នាំ អំឡុងកម្ពុជាធ្វើជាប្រធានអាស៊ានប្ដូរវេន​នាពេល​នេះបាន​ទេ។

លោក​គូសបញ្ជាក់​ថា បញ្ហានេះ ដោយសារតែទស្សនៈ​ខ្លះនៅតែចង់ទាត់ចោល​របបសឹកភូមាដែលលោ​ក​ហៅថា «​រដ្ឋាភិបាលគ្រប់គ្រងអំណាច របស់លោក មីន អ៊ុងឡាំង»។

លោកថា៖ «អ៊ីចឹង​បើអ្នកឯង​​ចង់​​ទាត់​ចោលពួកយោធា អ្នកឯងធ្វើសង្គ្រាម៥០ឆ្នាំថែមទៀត សូមអ​ញ្ជើញ​ចុះ! […] ហើយចង់ឱ្យខ្ញុំទៅមួយថ្ងៃដោះស្រាយរឿងសាំញ៉ាំដែល៧០ឆ្នាំហើយនោះ ដែលយោធាគ្រ​ប់គ្រ​ងហើយ ចង់ឱ្យខ្ញុំទៅ១ថ្ងៃហ្អេ ឱ្យធ្វើបាន? អ៊ីចឹងបើអស់លោកណាពូកែ ចាំធ្វើទៅ»។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការដោះលែងសាស្ត្រាចារ្យ​ជន​ជាតិ​អូស្ត្រាលី និងជាទីប្រឹ​​ក្សា​សេដ្ឋកិច្ច​របស់​លោកស្រី អ៊ុងសាន ស៊ូជី ជា​ផ្នែកមួយនៃការស្នើឡើង​របស់​លោក ក្នុង​ជំនួប​ជា​មួយលោក មីន អ៊ុងឡាំង កាលពីដើមខែមករា​ ឆ្នាំ២០២២។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែ​​​ងរកដំណោះស្រាយ តបតាមកុងសង់ស៊ីស៥ចំណុច​របស់អាស៊ាន ក្រោយ​ពី​របប​សឹក​មួយ​នេះ​ធ្វើ​រដ្ឋ​​ប្រ​ហារ​ដណ្ដើមអំ​ណាច​គណបក្ស​ឈ្នះឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ហើយ​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា ប្រសិន​បើ​កម្ពុជា​នៅ​តែ​ប្រកាន់ជំហរ​អញ្ជើញ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ាចូលរួមកិច្ចប្រជុំ​អាស៊ាន នោះ​​នឹង​ជាប់​គាំង​​ទាំង​ក្រប​ខណ្ឌ​តំបន់និង​ក្រប​ខណ្ឌ​សកល។

លោកបានបញ្ជាក់ថា ក្របខណ្ឌសកល ផ្ដោតទៅលើអាស៊ានជាដៃគូ ជាមួយសហរដ្ឋអាមេរិក ដែលមានលិខិត​ឆ្លើយឆ្លងគ្នានាប៉ុន្មានថ្ងៃនេះ រវាងមេដឹកនាំសហរដ្ឋអាមេរិក លោក​ ចូ បៃឌិន និងនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន។

ប៉ុន្តែលោកថា សាររបស់មេដឹកនាំកម្ពុជានាពេលនេះបង្ហាញថា កម្ពុជា​​បាន​ទុក​បញ្ហា​មេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា​​នៅ​ក្រៅ​ឆាក ហើយ​​អាច​ឱ្យ​មន្ត្រីដែល​មិន​មែន​ជា​អ្នកនយោបាយ​​​​ម​កចូលរួម​វិញ ដែលថាជំហរបែបនេះមិនធ្វើឱ្យអាស៊ានជាប់គាំងនោះ​ទេ។

លោកថា៖ «ការចេញដំណើរដំបូងរបស់កម្ពុជាទៅទស្សនកិច្ចផ្លូវរដ្ឋនៅភូមាហ្នឹង យើងមានបញ្ហាមួយដែ​ល​យើងអត់បានជួបរដ្ឋាភិបាលរួបរួមជាតិដែលជារដ្ឋាភិបាលស៊ីវិល យើងអត់បានជួប យើងជួបតែយោ​ធា ហើយ​យើង​ឱ្យតម្លៃតែយោធាតំណាង​ឱ្យភូមា​ទាំង​អស់ អាហ្នឹងជាការយល់ខុសរបស់​ពល​រដ្ឋភូ​មា និ​ងសហគមន៍​អន្តរជាតិជាមួយកម្ពុជា។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា​ងាកមកប្រកាន់ជំហរ​ចាស់​វិញ ​[ជំហរ​អាស៊ា​​ន២០២១] ដូចជាមិនមានឧបសគ្គអីទេ»។

យ៉ាងនេះក្ដី មេដឹកនាំកម្ពុជា​បាន​អះ​អាង​ថា ក្នុង​ឋានៈ​កម្ពុជាជា​ប្រធាន​អាស៊ាន​ប្ដូរវេន និង​សមាជិក​អាស៊ាន នឹ​​ង​មិន​បោះបង់​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បីជំរុញឱ្យរបបសឹកភូមាអនុវត្តកុងសង់ស៊ីសទាំង៥ចំណុចរបស់​អាស៊ាន ដែលចំណុចទាំងនោះរួម​មាន ត្រូវបិទបញ្ចប់អំពើហិង្សា រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុង​​ចំណោមភាគីពាក់ព័ន្ធ បញ្ជូនជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា តែងតាំងប្រេសិតពិសេសដើ​ម្បីសម្របសម្រួលកិច្ចពិភាក្សា និង​​អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ